ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

ទស្សនកិច្ច​ប្រធានាធិបតី​ហ្វីលីពីន នៅរុស្ស៊ី ត្រូវ​ពង្រួញ​ឲ្យ​មកនៅ​ត្រឹម ២ថ្ងៃ

ទស្សនកិច្ច​ប្រធានាធិបតី​ហ្វីលីពីន នៅរុស្ស៊ី ត្រូវ​ពង្រួញ​ឲ្យ​មកនៅ​ត្រឹម ២ថ្ងៃ
 
ប្រធានាធិបតី​ហ្វីលីពីនជួប​សន្ទនាជាមួយ​លោក​ប្រធានាធិបតី​ពូទីន នៅ​វិមាន​ក្រេមឡាំង នៅថ្ងៃទី ២៣​ឧសភា ២០១៧ ©REUTERS/Maxim Shemetov

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែលបានអញ្ជើញ​មកដល់​ក្រុងម៉ូស្គូ ថ្ងៃ ចន្ទ ២២ឧសភា ហើយ​ត្រូវទទួល​ជួបចរចា ដោយ​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន លុះនៅ​ថ្ងៃព្រហស្បតិ៍ ២៥ ឧសភា ស្រាប់តែ​បានហោះ​ត្រឡប់​ទៅស្រុកវិញ ជាបន្ទាន់ នៅកណ្តាល​អធ្រាត្រ ថ្ងៃអង្គារ​ឆ្លងចូលថ្ងៃពុធ ២៤ ឧសភា ដោយមកពី ខេត្តខាងត្បូង​ប្រទេសគាត់ ធ្លាក់​ទៅក្នុងដៃ​ពួកឧទ្ទាម​ភេរវនិយម នៃអង្គការ ”រដ្ឋអ៊ីស្លាម” ។ ម៉្លោះហើយបានជា លោកពូទីន គ្រាន់តែ​ត្រឡប់​មកពី​បេសកកម្ម នៅមូលដ្ឋាន​ភ្លាម បាន រួសរាន់ ទៅកាន់​វិមាន​ក្រេមឡាំង ទាំង​កណ្តាល​អធ្រាត្រនោះ ហើយ​ទទួលជួបលោក Duterte ដែលពី ចំណែកខ្លួន បាន​សុំ​ការអភ័យទោស ចំពោះ​ការរំខានដល់ តារាង​ចែកពេល ការងារ​នៃ​ប្រមុខ​រដ្ឋ​រុស្ស៊ី។

ជំនួបនេះ ក្នុង​រយៈពេល ១០នាទី ដំបូង ត្រូវបាន​អនុញ្ញាតឲ្យ ពួក​អ្នកកាសែត ចូលថត។ រីឯ កិច្ចចរចា​ផ្ទាល់ បាន​ប្រព្រឹត្តទៅ អស់ជិត ១ម៉ោងកន្លះ រហូត​ដល់ម៉ោង ១ យប់ ថ្ងៃ ២៤ ឧសភា​ទៅហើយ ប៉ុន្តែ ក្នុងលក្ខណៈ​បិទទ្វារ។

 
បាន​ចូលរួម​ក្នុង​កិច្ចចរចា ៖-ពីខាង​រុស្ស៊ី ក៏ទាំង រដ្ឋមន្ត្រី​ការបរទេស , ឧបការី​ប្រធានាធិបតី​ខាងកិច្ចការ អន្តរជាតិ, រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ពីខាង​ហ្វីលីពីន ក៏​មាន​ទាំង​រដ្ឋមន្ត្រី​ការបរទេស , រដ្ឋមន្ត្រី​ការពារជាតិ។
 
លោក Duterte បានថ្លែង​ទៅ​លោក ពូទីន ៖ ខ្ញុំសូម​ការអភ័យទោស ដោយ​ខ្ញុំបានធ្វើ​ឲ្យខូច​ដល់​តារាង​ចែកពេល ការងារ​របស់​ឯកឧត្តម​ប្រធានាធិបតី ។ ពួកឧទ្ទាម នៃ​”អង្គការ​រដ្ឋអ៊ីស្លាម”  បាន​វាយប្រហារ ដណ្តើម​យក​បាន​ខេត្ត Mindanao។ ការប៉ះទង្គិច គ្នា និង យុទ្ធនាការ កំពុង​បន្តទៅ។ ម៉្លោះហើយ បានជា​ខ្ញុំត្រូវ​ហោះ​ចេញទៅ​កាន់ទីនោះ
 
-ឯកឧត្តម​ប្រធានាធិបតី ខ្ញុំសូម​សំដែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ សេចក្តី​អញ្ជើញ​ឲ្យមានធ្វើ ទស្សនកិច្ច នៅ​សហព័ន្ធរុស្ស៊ី។ ប្រាកដណាស់ ដែល​យើងខ្ញុំ ចាត់ទុក​រុស្ស៊ី ជា​មិត្តដ៏ជំនិត​របស់យើង។ យើង ប្រាថ្នា​ធ្វើការងារ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី នៅតាម​គ្រប់​មុខ​ព្រួញ។
 
-ខ្ញុំមកនេះ ដើម្បីទទួល​ការគាំទ្រ​របស់​ឯកឧត្តម ហើយ​បញ្ជាក់ពី​មិត្តភាព​យើង។ យើង​ត្រូវការ​ពង្រីក​ចំណង ពាណិជ្ជកម្ម​ទ្វេភាគី បង្កើន​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម ទៅវិញ ទៅមក។
-ជាការពិត ដែល​ប្រទេស​ហ្វីលីពីន​យើងខ្ញុំ ត្រូវការ​អាវុធ​ទំនើបៗ។ យើង​បានធ្វើ​កុម្ម៉ង់​ជាក់លាក់ ដើម្បី ទិញអាវុធ​ពីសរអា។ ប៉ុន្តែ ឥឡូវ ស្ថានការណ៍ នៅ​សរអា ដូចជា​មិនរលូន​សោះ។ អាវុធ​រុស្ស៊ី ដ៏ទំនើបៗ ដែល​យើងត្រូវការ គឺដើម្បី​ប្រើវា ច្បាំងទល់​នឹងពពួក​ក្រុមឧទ្ទាម នៃ​អង្គការ ”រដ្ឋអ៊ីស្លាម”។
 
លោក Putin ពីចំណែកគាត់ បានថ្លែងទៅ លោក Duterte ដូចតទៅ ៖ ខ្ញុំត្រេកអរ​ទទួល​រូប​ឯកឧត្តម នៅក្រុង​ម៉ូស្គូផ្ទាល់។ ខ្ញុំនិង​ឯកឧត្តមធ្លាប់​បានជួបគ្នា នៅក្រុង Lima រដ្ឋធានី Perou ហើយពេលថ្មីៗ គឺនៅក្រុង  Pekin។ ក្នុងឆ្នាំមុន រុស្ស៊ី និង ហ្វីលីពីន បាន​ប្រារព្ធខួប ៤០ ឆ្នាំ នៃ ការតាំង​ទំនាក់ទំនង ការទូត រវាង​ប្រទេស​ទាំងពីរ។
 
-ក្នុងដំណាក់ឥឡូវ គួរឲ្យ​ស្តាយដែល ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម រវាងប្រ​ទេសយើង នៅមិន​ទាន់​ហំហួន នៅឡើយ។ ប៉ុន្តែ នៅដើមឆ្នាំនេះ វាបាន​ងើប​ឡើងវិញ ហើយ​កើនឡើង ២៥% តែម្តង។ Moscou និងក្រុង Manille មាន ទិសដៅជាច្រើន​ប្រកប​ដោយ​ទស្សនវិស័យល្អ សម្រាប់​សហប្រតិបត្តិការ​នឹងគ្នា បែបយ៉ាង ៖ វិស័យថាមពល , វិស័យផលិតគ្រឿងចក្រ , ហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន , មិនតែប៉ុណ្ណោះ ប្រទេស​ទាំងពីរ មាន​លទ្ធភាព សម្រាប់​សហការក្នុង វិស័យ យោធា-បច្ចេកទេស
-មុននឹង​ចាប់ផ្តើម​កិច្ចចរចា ខ្ញុំសូម​សំដែង​នូវ​ការរួម​មរណទុក្ខ ចំពោះ​ការធ្លាក់​ខ្លួន​ស្លាប់នៃ ប្រជាពលរដ្ឋ ប្រទេសឯកឧត្តម បណ្តាល​មកពី​ការវាយប្រហារពី​ខាង​ពួកភេរវជន។ ខ្ញុំ​និង​ថ្នាក់ដឹកនាំ​រុស្ស៊ី ​សូមសំដែង នូវ​ការយោគយល់​ទាំងស្រុង ចំពោះ​កាលៈទេសៈ ដែល​បង្ខំ​ឲ្យ​ឯកឧត្តម ត្រឡប់​ទៅស្រុកវិញ ជាបន្ទាន់ ។ ខ្ញុំក៏ សូមសំដែង​សេចក្តីសង្ឃឹម​ថា ជម្លោះ​ដែល​ឯកឧត្តម ទើបបា​នរ៉ាយរ៉ាប់ មុខជា​នឹងដោះស្រាយ​បានរួច យ៉ាង ឆាប់បំផុត ដោយ​ហែហម ទៅ​ដោយការបាត់បង់​តិចបំផុត។
 
លោកប្រមុខ​រដ្ឋរុស្ស៊ី ដោយថ្លែងទៅសមភាគី​ហ្វីលីពីន គូសបញ្ជាក់ថា ៖ ទោះបី​ឯកឧត្តម ត្រូវចេញ​ដំណើរ ទៅក្តី ក៏បណ្តា​រដ្ឋមន្ត្រី​របស់ឯកឧត្តម នឹ​ងបន្តស្ថិតនៅ​ទេតើ ដើម្បីចុះ​ហត្ថលេខា លើ​ឯកសារ​មួយចំនួន ដែល ត្រូវបាន​តាក់តែងឡើង ដោយ​បណ្តា សហការី​នៃភាគី​ទាំងសងខាង។ ឯកសារទាំងនេះ តម្រង់ទៅ បំផុស បំផុល តទៅទៀត ទំនាក់ទំនង រវាង​ប្រទេសទាំងពីរ។
 
លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ បានថ្លែងថ្ងៃ២៥ ឧសភាថា ឯកសាររុស្ស៊ី-ហ្វីលីពីន សំខាន់ៗ ដែល​ត្រូវបានចុះ​ហត្ថលេខា ដោយ​រដ្ឋមន្ត្រី​សមស្រប​នៃ​ប្រទេសទាំងពីរ សរុបទៅគឺ ៩ ច្បាប់  ក្នុងនោះមាន កិច្ចព្រមព្រៀង ខាងសហប្រតិបត្តិការ ផ្នែកការពារ​ប្រទេស , កិច្ចព្រមព្រៀង​ស្តីអំពី​ការប្រើ ថាមពល​បរមាណូ ក្នុង គោលដៅ​ស៊ីវិល, កិច្ចព្រមព្រៀង​ខាងអភិវឌ្ឍន៍​ទេសចរណ៍ សម្រាប់ ឆ្នាំ២០១៧-២០១៩, អនុស្សរណៈ ស្តីអំពី​ការយោគយល់​គ្នា​វិស័យ​កសិកម្ម , កិច្ចព្រមព្រៀង​វិស័យដឹកជញ្ជូន , ពិធីសារ ខាង សហការគ្នា វិស័យ​វប្បធម៌ , កិច្ចព្រមព្រៀង​ឆ្ពោះទៅពង្រីក​ពាណិជ្ជកម្ម និង​វិនិយោគ , អនុស្សរណៈ​ខាងអភិវឌ្ឍន៍ សហប្រតិបត្តិការ វិស័យ​ឧស្សាហកម្ម , កម្មវិធី​សកម្មភាព​ស្តីអំពី​ការផ្លាស់ប្តូរ​យោបល់​រវាង ក្រសួងមន្ទីរ។
 
ដោយមកពី​បង្ខំចិត្ត​ផ្តាច់​ទស្សនកិច្ច លោក Duterte មិនបាន​សម្រេច​ឯណា គម្រោង​របស់គាត់ ជួបជាមួយ ពួកអ្នកតំណាង​មជ្ឈដ្ឋាន Business រុស្ស៊ី , ការអញ្ជើញ​ទៅថ្លែង​សុន្ទរកថា ក្នុងសាលា​វណ្ណៈ ក្រុងម៉ូស្គូ ខាង បណ្តុះបណ្តាល ពួកអ្នកការទូត ហៅថា MGIMO ដែលរៀបចំ​ឡើងដោយ​នាយកដ្ឋាន ASEAN សាលានេះ ព្រម​ទាំងជួប ជាមួយអាណិកជន​ហ្វីលីពីន ៥.០០០ នាក់ រស់នៅរុស្ស៊ី។
 
តាមរយៈ បទយកការណ៍​នៃទូរទស្សន៍រុស្ស៊ី​ពីហ្វីលីពីន ឧទ្ទិស​ដល់​ទស្សនកិច្ច លោក Duterte អ្នកស្រុករុស្ស៊ី បានដឹងថា ហ្វីលីពីន ផ្សំ​ឡើងពី កោះដល់ទៅ ជាង ៧.០០០ កោះ ម៉្លោះហើយ​បានជាព្រំដែន​សមុទ្រ ប្រទេសនេះ មាន​ប្រវែងដល់ទៅ ៣០.០០០ គ.ម. , បណ្តាជន​ហ្វីលីពីនជាទូទៅ មានជីវភាព​យ៉ាប់យ៉ឺន គេខំ​ចាប់ត្រី យក ទៅលក់ ក្នុង១ថ្ងៃៗ បានជាមធ្យម ពី ២ ទៅ៣ ដុល្លារ ហើយនរណា​ដែលគ្មាន​ដំបូលជ្រក នាំគ្នា​រស់នៅ លើ ផ្នូរខ្មោច តែម្តង លុះទាល់​តែអាជ្ញាធរ លែង​រវល់ចាត់​វិធានការ​ទៅហើយ។ ទូរទស្សន៍រុស្ស៊ី ចាប់អារម្មណ៍ ជាពិសេសថា ក្នុងចំណោម បណ្តាជន ១០០ លាននាក់នៅហ្វីលីពីន មាន ៤ លាននាក់ ឯណោះ ដែល សេពគ្រឿងញៀន។ ចំពោះ ធម៌ក្តៅ របស់លោក Duterte ដែលតែ ក្នុងរយៈពេលជិត​មួយឆ្នាំ តាំង​ពីគាត់ ឡើងកាន់​អំណាចមក បាន កំទេច​ឈ្មួញ​ជួញគ្រឿង អស់ ជាង១.០០០នាក់ ទៅហើយ អំណាច​នៅរុស្ស៊ី មិន បញ្ចេញយោបល់​អ្វីទេ ដោយចាត់ទុក​រឿងនេះ ជាកិច្ចការ​ផ្ទៃក្នុង​របស់ហ្វីលីពីនផ្ទាល់។ គេដឹងថា លោក Duterte   ជា​មនុស្ស មាត់ឆៅ មិនញញើត​នឹងហៅ អតីតប្រធានាធិបតី សរអា អូបាម៉ា ថាជា “ កូនរបស់​ស្រីខូច “ តែម្តង ចំពោះការហ៊ាន​ទិតៀនគាត់ ក្នុងរឿង​បង្ក្រាបពួក​ជួញ​គ្រឿងញៀន៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • រុស្ស៊ី-ហ្វីលីពីន

    រុស្ស៊ី​ស្នើ​លក់អាវុធ​ទៅឲ្យ​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក

    ស្វែងយល់បន្ថែម

  • រុស្ស៊ី-ហ្វីលីពីន

    ប្រធានាធិបតី​​ ​​ហ្វីលីពីន​​​​ផ្តើម​​​​ទស្សនកិច្ច​​​​រយៈ​ពេល​​​​៥​​​​ថ្ងៃ​​​​នៅ​​​​រុស្ស៊ី​​​​

    ស្វែងយល់បន្ថែម

  • វិនិយោគិនបរទេស​​រត់​ចេញ ​ហ្វីលីពីន​ងាក​ទៅអោប​​ប៉េកាំង​និង​ម៉ូស្គូ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ