អានតួអត្ថបទ
ហ្វីលីពីន-ឥណ្ឌូណេស៊ី

បណ្តាញ​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​លុកលុយ​ចូល​ដល់​អាស៊ីអាគ្នេយ៍

ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ចាប់ខ្លួន​ជនសង្ស័យ​៣នាក់ នៅក្នុង​ក្របខ័ណ្ឌ​ស៊ើបអង្កេត ក្រោយ​ការវាយ​ប្រហារ​​ភេរវកម្ម នៅទីក្រុង​ហ្សាកាតា ដែល​បាន​សម្លាប់​ប៉ូលិស​ឥណ្ឌូណេស៊ី បីនាក់ កាលពី​ថ្ងៃ​ពុធ។ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​មានទីតាំង​នៅ​ស៊ីរី នៅ​ថ្ងៃ​សុក្រ​នេះ បានចេញ​មុខ ទទួល​ខុសត្រូវ​លើ​ភេរវកម្ម នៅ​ឥណ្ឌូណេស៊ី។ នៅ​ហ្វីលីពីន​ឯណោះវិញ រដ្ឋអាជ្ញា​បាន​និយាយ​ថា ក្រុមប្រដាប់​អាវុធ បរទេស ដូចជា​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​កំពុង​ចូលរួម​កៀកស្មា​ជាមួយ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​ហ្វីលីពីន ដែល​បាន​ប្រកាស​ភ្ជាប់ខ្លួន​ទៅ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅស៊ីរី និងនៅ​អ៊ីរ៉ាក់។

ទាហាន​រដ្ឋាភិបាល​ហ្វីលីពីន​ដើរ​កាត់​វិហារ​អ៊ីស្លាម មុន​នឹង​បើក​ការវាយសម្រុក​ទៅលើ​ក្រុមឧទ្ទាម​Maute ដែល​កំពុង​លុកលុយ​ចូល​កាន់កាប់ទីក្រុង​ម៉ារ៉ាវី លើ​កោះ​មីនដាណាវ នៅ​ថ្ងៃទី ២៥​ឧសភា ២០១៧
ទាហាន​រដ្ឋាភិបាល​ហ្វីលីពីន​ដើរ​កាត់​វិហារ​អ៊ីស្លាម មុន​នឹង​បើក​ការវាយសម្រុក​ទៅលើ​ក្រុមឧទ្ទាម​Maute ដែល​កំពុង​លុកលុយ​ចូល​កាន់កាប់ទីក្រុង​ម៉ារ៉ាវី លើ​កោះ​មីនដាណាវ នៅ​ថ្ងៃទី ២៥​ឧសភា ២០១៧ © REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

មានជនជាតិ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​កំពុង​ប្រយុទ្ធ​ក្នុង​ជួរ​ក្រុមអ៊ីស្លាម​ជ្រុលនិយម​នៅ​ហ្វីលីពីន។ ក្រុមឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ឈ្មោះ Maute ដែល​ចូលកាន់កាប់​ទីក្រុង​ម៉ារ៉ាវី របស់​កោះ​មីនដាណាវ​តាំង​ពី​ថ្ងៃ​អង្គារ កំពុង​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ហ្វីលីពីន។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋអាជ្ញា​ហ្វីលីពីន លោក​José Calida។

 
តាម​រដ្ឋអាជ្ញា​ហ្វីលីពីន វត្តមាន​របស់​ជនជាតិ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ក្នុង​ជួរ​ពួកឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ស បង្ហាញ​ឃើញ​ពី​ការឈ្លានពាន​របស់​ក្រុមភេរវជន​បរទេស។ នៅ​ហ្វីលីពីន ពួកឧទ្ទាម​Maute ពីមុន គ្រាន់តែ​ជា​ក្រុមភេរវនិយម​ក្នុង​ស្រុក ប៉ុន្តែ ក្រុមនេះ បាន​ចុះចូល ជឿតាម​មនោគមវិជ្ជា​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​មាន​មូលដ្ឋាន នៅ​ប្រទេស​ស៊ីរី។ ក្រុមភេរវនិយម​ទាំងនេះ​មាន​បំណង ចង់​ប្រែក្លាយ​កោះ​មីនដាណាវ ដែល​មាន​ប្រជាជន​អ៊ីស្លាម​រស់នៅ​ប្រមាណ ២សែននាក់ ឲ្យ​ទៅ​ជា​រដ្ឋកាលីហ្វា​មួយទៀត របស់​ក្រុមជីហាត ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៍។ សម្រាប់​រដ្ឋអាជ្ញា​ហ្វីលីពីន អ្វី​ដែល​គេ​ព្រួយ​បារម្ភ គឺ​ក្រុមឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម បាន​អូសទាញ យុវជន​អ៊ីស្លាម​ហ្វីលីពីន​ជាច្រើន​នាក់​ឲ្យ​ចូលរួម​ក្នុង​ចលនា​ភេរវនិយម​របស់​ពួកខ្លួន។

នៅថ្ងៃ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ បាន​ចេញមុខ​ប្រកាស​ថា ភេរវជន​អត្តឃាត ដែល​បាន​បំផ្ទុះគ្រាប់បែក សម្លាប់​ប៉ូលិស ៣នាក់ នៅ​ចំណតរថយន្ត​ក្រុង​នៅ ទីក្រុង​ហ្សាការ កាលពី​ថ្ងៃ​ពុធ គឺ​ជា​ទាហាន​ស្មោះស្ម័គ្រ​របស់​ខ្លួន។

ប៉ូលិស​ឥណ្ឌូណេស៊ី ដែល​កំពុង​ស៊ើបអង្កេត និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​បីនាក់ ដែល​ទាក់ទង​នឹង​ភេរវកម្ម​នៅ​ថ្ងៃ​ពុធ នៅ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទៅលើ​ការប្រកាស​ចេញមុខ​របស់​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​នៅឡើយទេ។ ប៉ុន្តែ តាម​អ្នកជំនាញ​ខាងភេរវនិយម ការអះអាង​របស់​ក្រុមជីហាត អាច​គួរ​ឲ្យ​ជឿជាក់ និង​ថា ភេរវកម្ម​សម្លាប់​ប៉ូលិស អាច​ជាស្នាដៃ​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម JAD នៅ​កោះ​ហ្សាវ៉ា ដែល​បាន​ភ្ជាប់ខ្លួន​ទៅ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ឥណ្ឌូណេស៊ី ដែល​មាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ច្រើនជាងគេ​ក្នុង​ពិភពលោក មាន​យុវជន​ជ្រុលនិយម​ជាច្រើន​រយនាក់ បាន​ចេញ​ទៅ​ប្រយុទ្ធ​នៅ​ក្នុង​ជួរ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ នៅ​មួយឆ្នាំ​ចុងក្រោយនេះ ឥណ្ឌូណេស៊ី​ឧស្សាហ៍​រងគ្រោះ​ដោយ ការវាយប្រហារ​ភេរវកម្ម ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ​ក្រុមជ្រុលនិយម ដែល​បាន​ភ្ជាប់ខ្លួន​ទៅ​បណ្តាញ​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ