អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង​ចាប់ផ្តើម​បោះដៃ​ទៅរក​កូរ៉េខាងជើង

រដ្ឋាភិបាល​សេរី របស់​លោកប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង មូន ចៃអ៊ីន នៅថ្ងៃ​សុក្រ​ទី​២៦​ឧសភា បាន​បើកភ្លើង​ខៀវ អនុញ្ញាត​ឲ្យ​អង្គការ​មនុស្សធម៌​កូរ៉េខាងត្បូង ធ្វើការ​ទាក់ទង​ជាមួយ​កូរ៉េខាងជើង។ នេះ​ជា​លើក​ទី១ ចាប់តាំង​ពី​ឆ្នាំ ២០១៦ ឆ្នាំ​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង​យល់ព្រម​ឲ្យ​មាន​ការដោះដូរ​ស៊ីវិល នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ។

ពិព័រណ៌​ស្តីពី​សន្តិភាព​នៅ ព្រំដែន​កូរ៉េទាំងពីរ
ពិព័រណ៌​ស្តីពី​សន្តិភាព​នៅ ព្រំដែន​កូរ៉េទាំងពីរ
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោកមូន ចៃអ៊ីន​បាន​បង្ហាញ​ពី​ឆន្ទះ ចង់ចរចា សន្ទនា​ជាមួយ​កូរ៉េខាងជើង។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​របស់​រដ្ឋាភិបាល​លោក​ម៉ូន ចៃអ៊ីន​បាន​យល់ព្រម អនុញ្ញាត​ឲ្យ​អង្គការ​មនុស្ស​ធម៌​កូរ៉េខាងត្បូង​មួយ​ធ្វើការ​ជាមួយ​កូរ៉េខាងជើង។ ជាមួយ​នឹង​ភ្លើងខៀវ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ចលនា​ចែកចាយ​កូរ៉េ ដែល​ជា​ឈ្មោះ​របស់​អង្គការ​មនុស្ស​ធម៌​កូរ៉េខាងត្បូង នឹង​នាំ​យក​ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​និង​មុង​ទៅ​ចែកចាយ​ដល់​ប្រជាជន​កូរ៉េខាងជើង ដែល​រស់នៅ​ជាប់​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង។ តាម​ចលនា​ចែកចាយ​កូរ៉េ ករណី​ជម្ងឺ​គ្រុនចាញ់​បាន​កើនឡើង​ខ្លាំង នៅ​តាម​ព្រំដែន​កូរ៉េខាងជើង។ ប្រជាជន​កូរ៉េខាងជើង ​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ គ្មាន​មធ្យោបាយ​សម្រាប់​ការពារ​ខ្លួន​ពី​ជម្ងឺ​គ្រុនចាញ់។

 
តាំង​ពី​ចប់​សង្រ្គាម​កូរ៉េ​នៅ​ឆ្នាំ ១៩៥៣ ប្រទេស​បងប្អូន​កូរ៉េ​ទាំង​ពីរ​នៅតែ​មិនទាន់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយគ្នា។ នៅ​កូរ៉េខាងត្បូង ការលួចធ្វើការ ឬ​ឆ្លងចូល​ទៅ​ទឹកដី​កូរ៉េខាងជើង ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​គេ​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ។

រដ្ឋាភិបាល​នឹង​បត់បែន បន្ទន់​ជំហរ​នយោបាយ​ទៅលើ​រាល់​ការដោះដូរ​ស៊ីវិល ដូចជា​ការផ្តល់​ជំនួយ​មនុស្សធម៌​ជាដើម ពោល​គឺ​ដរាប​ណា​វា​មិនប៉ះពាល់​ដល់​កម្មវត្ថុ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ទៅលើ​កូរ៉េខាងជើង។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង ដែល​បញ្ជាក់​បន្ថែមថា កូរ៉េខាងត្បូង​នៅ​តែ​ប្រកាន់​ជំហរ​ដាច់ណាត់​ពីរឿង​មហិច្ឆតា​យោធា​របស់​កូរ៉េខាងជើង។

ចាប់តាំង​ពី​ឈ្នះឆ្នោត ចូលកាន់តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកមូន ចៃអ៊ីន​បាន​សន្យា​បង្កើន​ទំនាក់ទំនង​ស៊ីវិល​ជាមួយ​កូរ៉េខាងជើង។ ប៉ុន្តែ អ្នកវិភាគ​មួយចំនួន​វាយតម្លៃថា លោក​មូន ចៃអ៊ីន​នឹងគ្មាន​គម្រោង​ខិត​ទៅជិតស្និទ្ធិ​ជាមួយ​កូរ៉េខាងជើង ដូច​មុនទេ ដោយសារ​តែ​កូរ៉េខាងជើង​របស់​លោក​គីម ជុងអ៊ុន​បាន​ធ្វើ​ជ្រុលហួស​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ ជាក់ស្តែង ចាប់តាំង​ពី​លោក​មូន ចៃអ៊ីន​ចូល​កាន់តំណែង​ប្រធានាធិបតី កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល ពីរលើក​ដើម្បី​សំញែង​ដាក់​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ