ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
អាស៊ី

ហ្វីលីពីន ធ្លាក់​ក្នុង​ភាព​ហិង្សាកាន់​តែខ្លាំង​​ជនស៊ីវិល​១៩​នាក់​ស្លាប់

media  
ទាហាន​ហ្វីលីពីន​ទទួល​បញ្ជា​ទម្លាក់​គ្រាប់បែក​លើ​តំបន់​លំនៅ​ដ្ឋាន​ ដើម្បី​កម្ចាត់​ពួក​អ៊ីស្លាម​ជ្រុលនិយម Reuters

ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ហ្វីលីពីន ដោយ​យក​គំរូ​តាម​ពួក​​ជីហាត​រដ្ឋអ៊ីស្លាម​ កំពុង​ប្រយុទ្ធ​វាយប្រហារ​មក​លើ​កងកម្លាំង​សន្តិសុខ​នៅភាគ​ខាង​ត្បូង​ប្រទេស​ ដោយ​បង្ក​ឱ្យ​មាន​ស្លាប់​ជនស៊ីវិល​១៩​នាក់។ នេះ​បើ​តាម​ប្រភពព័ត៌មាន​យោធា​ហ្វីលីពីន ផ្តល់​នៅ​ថ្ងៃអាទិត្យ​ទី ២៨​ឧសភា។ ជា​សរុប​ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​ ការ​ប្រឈម​គ្នា​បាន​ផ្តាប់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​៨៥​នាក់។

អាជ្ញាធរ​ហ្វីលីពីន​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ថា​សកម្មជន​អ៊ីស្លាម​ជ្រុលនិយម​បាន​សម្លាប់​ជនស៊ីវិល ១៩​នាក់ នៅ​ ​ម៉ារ៉ាវី ក្រុងមួយ​នៃ​កោះ​មីនដាណាវដែល​មាន​ប្រជាជនរស់​នៅ​ជាង​២០​ម៉ឺន​នាក់ ​ភាគ​ច្រើនជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ បើ​តាម​រៀប​រាប់​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង សាកសព​មាន​រាយ​ប៉ាយ​នៅ​តាម​ដង​ផ្លូវជាតិ ប្រមាណ​ជា​៨​នាក់ ដែល​​ជា​បុគ្គលិក​ធ្វើ​ការ​ក្នុង​រោង​ម៉ាស៊ីនស្រូវ និង​សិស្ស​សាលាពេទ្យ។

ការ​ប្រយុទ្ធ​គ្នា​នៅ​ម៉ារ៉ាវី បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​កង​កម្លាំង​សន្តិសុខ​ជាតិ ជើង​ឆើត បាន​ចូល​វាយប្រហារ​កន្លែង​លាក់​ខ្លួន​របស់​ Isnilon Hapilon មេ​កើយ​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រចាំ​ហ្វីលីពីន និង​ក៏​ជា​មេដឹកនាំ​ម្នាក់​ចលនា​អាប៊ូសាយាហ្វ ឯកទេស​ខាង​ចាប់​មនុស្ស​ជា​ចំណាប់​ថ្នូរ ដែល​សហរដ្ឋ​អាមេរិក​ហ៊ាន​ចំណាយ​រង្វាន់​៥​លាន​ដុល្លារ​ឱ្យ​បើ​នរណា​កម្ចាត់​​ជន​នោះ​បាន។
 
ប៉ុន្តែ​កង​ទ័ព​ហ្វីលីពីន​បាន​ទទួល​បរាជ័យ​យ៉ាងជូរចត់។ ក្រុមប្រដាប់​អាវុធ​បាន​វាយបក​រុញ​​កង​សន្តិសុខ​ជាតិ ហើយ​​ចូល​គ្រប់គ្រង​ក្រុង ដោយ​ទង់ជាតិ​ខ្មៅ​រដ្ឋអ៊ីស្លាម​​ ព្រម​ទាំង​ចាប់​ខ្លួន​សង្ឃ​កាតូលិក និង​ប្រជាជន​១៤​នាក់​ជា​ចំណាប់​ថ្នូរ។ អំពើ​ហិង្សា​នេះ​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​ ឌុយទែរតេ បង្រួញ​ទស្សនកិច្ច​នៅ​រុស្ស៊ី ហើយ​ប្រកាសដាក់​តំបន់​ភាគ​ខាង​ត្បូង​ក្រុង​ទី​សំខាន់​ទី​ពីរ​របស់​ក្នុង​ច្បាប់​អាជ្ញាសឹក តាំង​ពី​ថ្ងៃអង្គារ​មក។
 
នៅ​ថ្ងៃ​នេះ ការ​ប្រយុទ្ធ​មាន​សន្ធឹក​កាន់​តែ​ខ្លាំង ! ​ ដើម្បី​បោស​សម្អាត​ពួក​ជ្រុល​និយម​ឱ្យ​អស់​ពី​ក្រុង ទាហាន​ហ្វីលីពីន​បាន​ទទួល​បញ្ជា​ឱ្យការ​ទម្លាក់​គ្រាប់បែក ​លើ​តំបន់​មាន​ផ្ទះ​សម្បែង​ប្រជាជន​ណា ដែល​គេ​សង្ស័យ​ថា​មាន​ពួក​អ៊ីស្លាម​ជ្រុល​និយម​ចូល​លាក់​ខ្លួន។ ក្រៅ​ពីស្លាប់​ជនស៊ីវិល​១៩​នាក់ ទាហាន​១៣​នាក់ ប៉ូលិស​ពីរ​នាក់ និង​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម​៥១​នាក់ បាន​បាត់បង់​ជីវិត។ ប្រជាជន​ភាគ​ច្រើន​បាន​នាំគ្នា​រត់​ភៀស​ខ្លួន​ចាក​ចេញ​ពី​ក្រុង។
 
បើ​តាម​លោកប្រធានាធិបតី​ ឌុយទែរតេ ​ពួកកាន់​អាវុធ​​​អ៊ីស្លាម​ជ្រុលនិយម​ទាំង​នោះ​ជា​ពួក​ឧទ្ទាមនៃ​​ក្រុម​Maute ដែល​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹងអង្គការ​រដ្ឋ​អ៊ីស្លាម ហើយ​​ទទួល​ការ​គាំទ្រ​ពី​ក្រុមឧក្រិដ្ឋជន​ក្នុង​តំបន់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ