អានតួអត្ថបទ
អាល្លឺម៉ង់-ឥណ្ឌា

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​​​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយជុំ​ទ្វីប​អឺរ៉ុប ដោយ​ផ្តើម​ទៅ​អាល្លឺម៉ង់​មុន​គេ

នៅ​ថ្ងៃ​អង្គារ ទី៣០ ឧសភា​នេះ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អឺរ៉ុប។ លោក​ម៉ូឌី​បាន​ទៅ​ដល់​ទឹកដី​អាល្លឺម៉ង់​នៅ​យប់​ថ្ងៃ​ចន្ទ ទី២៩ ឧសភា និង​បាន​ទទួល​ជួប​ដោយ​សមភាគី​អាល្លឺម៉ង់​លោកស្រី​អង់ហ្កឺឡា មែរកិល​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៣០ ឧសភា​នេះ។ គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិ​ជាមួយ​ប្រទេស​អាល្លឺម៉ង់ និង​អឺរ៉ុប។ វត្តមាន​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ទឹកដី​អឺរ៉ុប​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី​មែរកិល​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ស្វែង​រក​អនាគត​ដោយ​ខ្លួន​ឯង និង​បាន​សម្តែង​ការ​ខកចិត្ត​ខ្លាំង​ចំពោះ​ជំហរ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី និង​​សមភាគី​អាល្លឺម៉ង់​លោកស្រី​អង់ហ្កឺឡា មែរកិល
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី និង​​សមភាគី​អាល្លឺម៉ង់​លោកស្រី​អង់ហ្កឺឡា មែរកិល
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​លោក​ណារិនដ្រា ម៉ូឌី និង​លោកស្រី​អង់ហ្កឺឡា មែរកិល​បាន​ធ្វើ​ឡើង​តែ ២ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោកស្រី​មែរកិល​បាន​ត្រឡប់​ពី​ជំនួបកំពូល G៧ និង​បាន​ថ្លែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ស្តីពី​ចំណង​ទាក់ទង​រវាង​អាល្លឺម៉ង់​ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត។ លោកស្រី​មែរកិល​បាន​ថ្លែង​ច្បាស់ៗ​ដោយ​មិន​លាក់លៀម​ថា អាល្លឺម៉ង់​នឹង​មិន​អាច​បន្ត​ពឹងពាក់​លើ​ប្រទេស​ដៃគូ​ប្រពៃណី​បាន​ទៀត​ឡើយ ពិសេស​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ ឬ​មួយ​អង់គ្លេស​ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​អឺរ៉ុប។ កន្លង​មក លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ធ្លាប់​បាន​និយាយ​ច្រើន​លើក ច្រើន​សារ​ពី​ការ​ងាក​ទៅ​រឹតចំណង​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង ដូច​យ៉ាង​ប្រទេស​ឥណ្ឌា។

គួរ​ជម្រាប​ជូន​ថា អាល្លឺម៉ង់​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១ របស់​ឥណ្ឌា​នៅ​ផ្ទៃក្នុង​អឺរ៉ុប​ដែល​មាន​ក្រុមហ៊ុន រោងចក្រសហគ្រាស​អាល្លឺម៉ង់​ជាង ១ ៦០០ ស្ថិត​ក្នុង​ទឹកដី​ឥណ្ឌា និង​បាន​ផ្តល់​ការងារ​ឲ្យ​មនុស្ស​ប្រមាណ​ជា ៤០០ ០០០នាក់។ នៅ​ថ្ងៃ​អង្គារ ទី៣០ ឧសភា​នេះ លោក​ម៉ូឌី និង​លោកស្រី​មែរកិល​បាន​ចូលរួម​ប្រជុំ​អន្តររដ្ឋាភិបាល និង​ធ្វើ​សន្និសីទកាសែត​រួម​គ្នា។ នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ូឌី អាល្លឺម៉ង់ និង​ឥណ្ឌា​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន រួមមាន​វិស័យ​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និង​វិស័យ​ការពារ។

ក្រៅ​ពី​ពង្រឹង​កិច្ចសហប្រតិបត្តិ​ទ្វេភាគី​អាល្លឺម៉ង់ ឥណ្ឌា លោក​ម៉ូឌី និង​លោកស្រី​មែរកិល​ដែល​នឹង​ត្រូវ​​ចូលរួម​ជំនួបកំពូល G២០ ក្នុង​ទឹកដី​អាល្លឺម៉ង់​នា​ដើម​ខែ​កក្កដា​ខាង​មុខ​ក៏​ត្រៀម​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី និង​វិនិយោគ​រវាង​អឺរ៉ុប និង​ឥណ្ឌា។ បេសកកម្ម​របស់​លោក​ម៉ូឌី​នៅ​អឺរ៉ុប​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ចិន​កំពុង​មាន​គម្រោង​ស្ថាបនា​ច្រក​ផ្លូវ​សេដ្ឋកិច្ច​ដែល​ត​ភ្ជាប់​រវាង​ចិន អឺរ៉ុប និង​អាហ្រ្វិក។ ក្រៅ​ពី​ប្រធាន​រឿង​សេដ្ឋកិច្ច ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង​ក៏​ត្រូវ​បាន​លោក​ម៉ូឌី និង​លោកស្រី​មែរកិល​លើក​យក​ទៅ​និយាយ​ដែរ។

ថ្លែង​នៅ​មុន​មក​ដល់​ទឹកដី​អាល្លឺម៉ង់ លោក​ម៉ូឌី​បាន​ថ្លែង​ថា​ដៃគូ​យុទ្ធសាស្រ្ត​រវាង​ឥណ្ឌា និង​អាល្លឺម៉ង់​ស្ថិត​លើ​តម្លៃ​ប្រជាធិបតេយ្យ និង​កិច្ចសន្យា​នៅ​ក្នុង​សណ្តាប់ធ្នាប់​ពិភពលោក​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ។ បន្ទាប់​ពី​ប្រទេស​អាល្លឺម៉ង់ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​នឹង​បន្ត​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បារាំង អេស្បាញ និង​ប្រទេស​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ