ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

តើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​រួមដៃ​ប្រយុទ្ធ​ជាមួយ​ពួកឧទ្ទាម​ហ្វីលីពីន?

តើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​រួមដៃ​ប្រយុទ្ធ​ជាមួយ​ពួកឧទ្ទាម​ហ្វីលីពីន? Smoke billows at the site of fighting between government soldiers and Maute group, near a mosque in Marawi City in southern Philippines May 30, 2017.

    ស្ថានភាព​កាន់តែ​ធ្លាក់​ដុនដាប​នៅ​កោះមីនដាណាវ ប៉ែក​ខាងត្បូង​ហ្វីលីពីន ជាទី​ដែល​កងទ័ព​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​តទល់ បឹង​ពួកឧទ្ទាម​អ៊ីស្លាម Maute ដែល​បាន​ប្រកាស​ភ្ជាប់ខ្លួន​ទៅ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ មនុស្ស​ប្រមាណ ១០០​នាក់​បាន​ស្លាប់​នៅក្នុង​ការប្រយុទ្ធ ដែល​បាន​ចាប់ផ្តើម​តាំង​ពី​ថ្ងៃ​អង្គារ​សប្តាហ៍មុន។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ កងទ័ព​ភូមា​បានអំពាវនាវ​ឲ្យ​ពួកឧទ្ទាម​ទម្លាក់​អាវុធ​ចុះចាញ់ ដើម្បី បុព្វហេតុ​អាយុ​ជីវិត​របស់​ប្រជាជន​ស៊ីវិល ដែល​នៅ​ជាប់គាំង ជាប់អន្ទាក់ នៅក្នុង​សមរភូមិ​ប្រយុទ្ធ។ តើ​ពួក​ឧទ្ទាម​យល់ព្រម​ទម្លាក់​អាវុធ​ទៅតាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ដែរឬទេ?

    មួយ​សប្តាហ៍​មកហើយ ដែល​ពួក​ឧទ្ទាម​ Maute​នេះ បាន​ចូលអុកឡុក និង​កាន់កាប់​តំបន់​មួយភាគ​នៃ​ទីក្រុង​ម៉ារ៉ាវី របស់​កោះមីនដាណាវ ដើម្បី​សងសឹក​នឹង​ទាហាន​រដ្ឋាភិបាល ដែល​ប្រមាញ់ តាម​ចាប់ មេដឹកនាំ​របស់​ពួកឧទ្ទាម អាប៊ូ សាយ៉ាហ្វ ដែល​ល្បី​ខាងចាប់ជំរិត​មនុស្ស​យក​លុយ​នៅ​កោះ​មីនដាណាវ ភាគខាងត្បូង​ហ្វីលីពីន។ មួយ​សប្តាហ៍​មកហើយ ដែល​កងទ័ព​ហ្វីលីពីន​បានបើក​ប្រតិបត្តិការ បើក​សមរភូមិ​ជាមួយ​ពួកឧទ្ទាម​ Maute​ដែល​កងទ័ព​ហ្វីលីពីន​បានប៉ាន់ស្មានថា មាន​គ្នីគ្នា​ប្រមាណ តែ​១០០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ ក្នុង​មួយ​សប្តាហ៍​មកនេះ ទោះ​ជាមាន​ជំនួយ​ពី​ឧទ្ទម្ភាគចក្រ និង​កម្លាំង​ទ័ព​ពិសេស កងទ័ព​ហ្វីលីពីន​នៅ​តែ​មិនអាច​វាយឈ្នះ​លើ​ពួកឧទ្ទាម​បាន។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ កងទ័ព​រដ្ឋាភិបាល បាន​ដាច់ចិត្ត អំពាវនាវ​ឲ្យ​ពួកឧទ្ទាម​ទម្លាក់​អាវុធ ពោល​គឺ​ដើម្បី​បុព្វហេតុ​ជីវិត​ប្រជាជន​ស៊ីវិល ដែល​កំពុង​នៅ​ជាប់គាំង​ក្នុង​សមរភូមិ។

     
    ជាការអំពាវនាវ​ឥតន័យ ព្រោះ​សូម្បី​រដ្ឋាភិបាល​ហ្វីលីពីន​ផ្ទាល់​ទទួល​ស្គាល់ថា ពួក​ឧទ្ទាម​បាន​សម្លាប់​មនុស្ស មិន​រើស​មុខ ជាពិសេស​អ្នក​ដែល​ក្រុម​នេះ​ចាត់ទុក​មិន​ស្មោះត្រង់​នឹង​សាសនា​អ៊ីស្លាម។
     
    តាមការប៉ាន់ស្មាន​របស់​កងទ័ព​ហ្វីលីពីន ក្រុមឧទ្ទាម​មាន​គ្នីគ្នា​ប្រមាណ តែ​១០០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​គេ​នៅ​តែ​មិនអាច​វាយ​យក​ឈ្នះ​លើ​ក្រុមនេះបាន? សារៈសំខាន់​នៃ​ជីវិត​របស់​ប្រជាជន​ស៊ីវិល គឺ​ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិនអាច​វាយប្រហារ​ខ្លាំងៗ​លើ​ពួកឧទ្ទាម។ ប៉ុន្តែ សមត្ថភាព​ប្រយុទ្ធ​របស់​ពួកឧទ្ទាម​ត្រូវ​បាន​គេ​កត់សំគាល់​ឃើញថា ជា​ហេតុផល​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​កងទ័ព​ហ្វីលីពីន​ពិបាក​នឹង​ប្រយុទ្ធ​យកឈ្នះ​ទាំងស្រុង​លើ​ពួកឧទ្ទាម។
     
    រដ្ឋអាជ្ញាធរ​ហ្វីលីពីន នៅ​សប្តាហ៍​មុន​ទទួល​ស្គាល់​ថា អ្វី​ដែល​កើតឡើង​នៅ​កោះមីនដាណាវ​នៅពេលនេះ គឺ​លែង​ជា​ការវាយប្រហារ​របស់​ពួកឧទ្ទាម​ក្នុង​ស្រុក​ទៀតហើយ ប៉ុន្តែ ជា​ការឈ្លានពាន​របស់​ពួកកម្លាំង​ទ័ព​បរទេស​ដែល​ចង់​ប្រែក្លាយ​កោះមីនដាណាវ​របស់​ហ្វីលីពីន ឲ្យ​ទៅ​ជារដ្ឋកាលីហ្វា​ប្រចាំ​នៅ​អាស៊ីអាគ្នេយ៍។ នៅ​ចុងសប្តាហ៍​មុន អាជ្ញាធរ​ហ្វីលីពីន បាននិយាយ​ថា គេ​រកឃើញ​មាន​ជនជាតិ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី​ហើយ​និង​សិង្ហបុរី ស្ថិត​ក្នុង​ចំណោម​សាកសព​ចំនួន​៦​របស់​ពួកឧទ្ទាម ដែល​ត្រូវ​ទាហាន​រដ្ឋាភិបាល​បាញ់​សម្លាប់។
     
    វា​ជារឿង​កម្របំផុត ដែល​រដ្ឋាភិបាល​ហ្វីលីពីន​ប្រកាស​ទទួល​ស្គាល់​ថា មាន​ទ័ព​បរទេស​ប្រយុទ្ធ​ក្នុងជួរ​របស់​ពួកឧទ្ទាម។ ការទទួល​ស្គាល់​របស់​រដ្ឋាភិបាល​នៅពេលនេះ ​បាន​បញ្ជាក់​បន្ថែម​លើ​ការអះអាង​របស់​អ្នកជំនាញ​ខាងភេរវនិយម ដែល​កត់សំគាល់​ឃើញ​មាន​ការកើនឡើង​នៃ​ជនជាតិ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី ធ្វើដំណើរ​ទៅ​កោះ​មីនដាណាវ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។
     
    តាម​លោកស្រី Sidney Jones​ប្រធាន​វិទ្យាស្ថាន សម្រាប់​នយោបាយ​វិភាគ​ទៅលើ​ជម្លោះ ដែលមានទីតាំង​នៅ​ទីក្រុង​ហ្សាកាតារ ការវាយប្រយុទ្ធ​គ្នា​នៅ​ភាគខាងត្បូង​ហ្វីលីពីន បាន​កើតឡើង​នៅ​ជួន​ចំ​ពេលដែល​ភេរវជន​អត្តឃាត​បាន​ទៅ​បំផ្ទុះគ្រាប់បែក​សម្លាប់​មនុស្ស​នៅ​ចំណត​រថយន្ត​ក្រុង​ហ្សាកាតា។ អ្នកជំនាញ​បាន​ព្រមាន​រាប់ខែ​មកហើយ​ថា ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ផ្គត់ផ្គង់​រាល់​មធ្យោបាយ ដើម្បី​ឲ្យ​ក្រុមអ៊ីស្លាមជ្រុលនិយម​អាច​ធ្វើការ​ទាក់ទង​គ្នា​នៅក្នុង​តំបន់​អាស៊ី។ នៅ​ដើម​បូព៌ា ក្រុមជីហាត​បាន​យក​ទឹកដី​ស៊ីរី​និងអ៊ីរ៉ាក់​ធ្វើ​ជា​ទីតាំង​សំខាន់​របស់ពួកគេ។ ប៉ុន្តែ នៅ​អាស៊ី កោះ​មីនដាណាវ របស់​ហ្វីលីពីន ដែល​ជា​ជំរក​របស់​ក្រុមឧទ្ទាម​អ៊ីស្លាមនិយម ជា​កន្លែង​កណ្តាល​ដែល​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​ចង់​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ទៅ​ប្រមូលផ្តុំ បង្កើត​រដ្ឋធានី​កាលីហ្វា នោះ​បើសិន​ពួកគេ​មិនអាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី​បាន។ តាម​លោកស្រី Sidney Jones​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ឆ្លៀតកេង​ចំណេញ​លើ​ភាពក្រីក្រ និង​អវិជ្ជា​របស់​ប្រជាជន​នៅ​កោះ​មីនដាណាវ ដើម្បី​អូសទាញ​ក្រុមយុវជន និង​ក្រុមឧក្រិដ្ឋជន ឲ្យ​ចូល​ក្នុង​ចលនា​ភេរវនិយម​របស់ខ្លួន។ គេ​វាយតម្លៃ​ដែរ​ថា គឺ​ជនជាតិ​ឥណ្ឌូណេស៊ី ដែល​បាន​ចូលទៅ​ប្រយុទ្ធ​កៀកស្មា​នឹង​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម​នៅ​ទឹកដី​ស៊ីរី ដែល​ជាអ្នក​បញ្ជា ចាត់ចែង​ពី​ចម្ងាយ បណ្តាញ​ភេរវនិយម​នៅ​អាស៊ី​អាគ្នេយ៍។
     
    Zachary M Abuza សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​សង្រ្គាមជាតិ ក្នុងទីក្រុង​វ៉ាស៊ីនតោន​វាយតម្លៃថា នៅពេល​ដែល​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ចុះកម្លាំង​ខ្សោយ ដោយសារ​ការវាយប្រហារ​ពី​កងទ័ព​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ​អាមេរិក ក្រុមនេះ​ទំនង​នឹង​មិនអាច​គាំទ្រ​ពេញទំហឹង ជាពិសេស​ហិរញ្ញវត្ថុ​ដល់​បណ្តាញ​ជីហាត​នៅ​បរទេស ដូចជា​នៅ​ហ្វីលីពីន​នោះទេ។ អាស៊ី​អាគ្នេយ៍​មិនមែន​ជាទីតាំង​អាទិភាព​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នោះទេ។ ក្រុមនេះ​ដែល​កំពុង​ត្រដរ រក្សា​ទីតាំង​របស់ខ្លួន នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់​មិនអាច​គិត​ទៅ​ដល់​អាស៊ីអាគ្នេយ៍។ នេះ​ជា​ការអះអាង​របស់​លោក​ Abuza។ ប៉ុន្តែ ការពិត​ជាក់ស្តែង គឺ​ថា ពួកឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ដូចជា​Maute និង​អាប៊ូ សាយ៉ាហ្វ នៅ​ហ្វីលីពីន បាន​ភ្ជាប់ខ្លួន​រួចហើយ​ទៅ​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ទោះ​ជា​ក្រុម​នេះ បាត់បង់​ទឹកដី​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ប៉ុន្តែ អ្នកគាំទ្រ​របស់ចលនា​ភេរវនិយម​ជីហាត កំពុង​តែ​រស់រវើក ពោរពេញ​ដោយ​មហិច្ឆតា ចង់​បង្កើត​តំបន់​កាលីហ្វា​មួយទៀត នៅអាស៊ី៕
     

     


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ហ្វីលីពីន ធ្លាក់​ក្នុង​ភាព​ហិង្សាកាន់​តែខ្លាំង​​ជនស៊ីវិល​១៩​នាក់​ស្លាប់

      ស្វែងយល់បន្ថែម

    • ហ្វីលីពីន-ឥណ្ឌូណេស៊ី

      បណ្តាញ​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​លុកលុយ​ចូល​ដល់​អាស៊ីអាគ្នេយ៍

      ស្វែងយល់បន្ថែម

    • ហ្វីលីពីន

      ប្រធានាធិបតី​ហ្វីលីពីន​គំរាម​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅ​ទូទាំង​ប្រទេស

      ស្វែងយល់បន្ថែម

    • ហ្វីលីពីន-ឥណ្ឌូណេស៊ី

      បណ្តាញ​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​លុកលុយ​ចូល​ដល់​អាស៊ីអាគ្នេយ៍

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ