តើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមកំពុងរួមដៃប្រយុទ្ធជាមួយពួកឧទ្ទាមហ្វីលីពីន?
ចុះផ្សាយនៅថ្ងៃ៖
ស្ថានភាពកាន់តែធ្លាក់ដុនដាបនៅកោះមីនដាណាវ ប៉ែកខាងត្បូងហ្វីលីពីន ជាទីដែលកងទ័ពរដ្ឋាភិបាលកំពុងប្រយុទ្ធតទល់ បឹងពួកឧទ្ទាមអ៊ីស្លាម Maute ដែលបានប្រកាសភ្ជាប់ខ្លួនទៅក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ មនុស្សប្រមាណ ១០០នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ ដែលបានចាប់ផ្តើមតាំងពីថ្ងៃអង្គារសប្តាហ៍មុន។ នៅថ្ងៃអង្គារម្សិលមិញ កងទ័ពភូមាបានអំពាវនាវឲ្យពួកឧទ្ទាមទម្លាក់អាវុធចុះចាញ់ ដើម្បី បុព្វហេតុអាយុជីវិតរបស់ប្រជាជនស៊ីវិល ដែលនៅជាប់គាំង ជាប់អន្ទាក់ នៅក្នុងសមរភូមិប្រយុទ្ធ។ តើពួកឧទ្ទាមយល់ព្រមទម្លាក់អាវុធទៅតាមការអំពាវនាវរបស់រដ្ឋាភិបាលហ្វីលីពីនដែរឬទេ?
មួយសប្តាហ៍មកហើយ ដែលពួកឧទ្ទាម Mauteនេះ បានចូលអុកឡុក និងកាន់កាប់តំបន់មួយភាគនៃទីក្រុងម៉ារ៉ាវី របស់កោះមីនដាណាវ ដើម្បីសងសឹកនឹងទាហានរដ្ឋាភិបាល ដែលប្រមាញ់ តាមចាប់ មេដឹកនាំរបស់ពួកឧទ្ទាម អាប៊ូ សាយ៉ាហ្វ ដែលល្បីខាងចាប់ជំរិតមនុស្សយកលុយនៅកោះមីនដាណាវ ភាគខាងត្បូងហ្វីលីពីន។ មួយសប្តាហ៍មកហើយ ដែលកងទ័ពហ្វីលីពីនបានបើកប្រតិបត្តិការ បើកសមរភូមិជាមួយពួកឧទ្ទាម Mauteដែលកងទ័ពហ្វីលីពីនបានប៉ាន់ស្មានថា មានគ្នីគ្នាប្រមាណ តែ១០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងមួយសប្តាហ៍មកនេះ ទោះជាមានជំនួយពីឧទ្ទម្ភាគចក្រ និងកម្លាំងទ័ពពិសេស កងទ័ពហ្វីលីពីននៅតែមិនអាចវាយឈ្នះលើពួកឧទ្ទាមបាន។ នៅថ្ងៃអង្គារម្សិលមិញ កងទ័ពរដ្ឋាភិបាល បានដាច់ចិត្ត អំពាវនាវឲ្យពួកឧទ្ទាមទម្លាក់អាវុធ ពោលគឺដើម្បីបុព្វហេតុជីវិតប្រជាជនស៊ីវិល ដែលកំពុងនៅជាប់គាំងក្នុងសមរភូមិ។
ជាការអំពាវនាវឥតន័យ ព្រោះសូម្បីរដ្ឋាភិបាលហ្វីលីពីនផ្ទាល់ទទួលស្គាល់ថា ពួកឧទ្ទាមបានសម្លាប់មនុស្ស មិនរើសមុខ ជាពិសេសអ្នកដែលក្រុមនេះចាត់ទុកមិនស្មោះត្រង់នឹងសាសនាអ៊ីស្លាម។
តាមការប៉ាន់ស្មានរបស់កងទ័ពហ្វីលីពីន ក្រុមឧទ្ទាមមានគ្នីគ្នាប្រមាណ តែ១០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ហេតុអ្វីបានជាគេនៅតែមិនអាចវាយយកឈ្នះលើក្រុមនេះបាន? សារៈសំខាន់នៃជីវិតរបស់ប្រជាជនស៊ីវិល គឺជាហេតុផលមួយ ដែលធ្វើឲ្យរដ្ឋាភិបាលមិនអាចវាយប្រហារខ្លាំងៗលើពួកឧទ្ទាម។ ប៉ុន្តែ សមត្ថភាពប្រយុទ្ធរបស់ពួកឧទ្ទាមត្រូវបានគេកត់សំគាល់ឃើញថា ជាហេតុផលមួយទៀត ដែលធ្វើឲ្យកងទ័ពហ្វីលីពីនពិបាកនឹងប្រយុទ្ធយកឈ្នះទាំងស្រុងលើពួកឧទ្ទាម។
រដ្ឋអាជ្ញាធរហ្វីលីពីន នៅសប្តាហ៍មុនទទួលស្គាល់ថា អ្វីដែលកើតឡើងនៅកោះមីនដាណាវនៅពេលនេះ គឺលែងជាការវាយប្រហាររបស់ពួកឧទ្ទាមក្នុងស្រុកទៀតហើយ ប៉ុន្តែ ជាការឈ្លានពានរបស់ពួកកម្លាំងទ័ពបរទេសដែលចង់ប្រែក្លាយកោះមីនដាណាវរបស់ហ្វីលីពីន ឲ្យទៅជារដ្ឋកាលីហ្វាប្រចាំនៅអាស៊ីអាគ្នេយ៍។ នៅចុងសប្តាហ៍មុន អាជ្ញាធរហ្វីលីពីន បាននិយាយថា គេរកឃើញមានជនជាតិម៉ាឡេស៊ី ឥណ្ឌូណេស៊ីហើយនិងសិង្ហបុរី ស្ថិតក្នុងចំណោមសាកសពចំនួន៦របស់ពួកឧទ្ទាម ដែលត្រូវទាហានរដ្ឋាភិបាលបាញ់សម្លាប់។
វាជារឿងកម្របំផុត ដែលរដ្ឋាភិបាលហ្វីលីពីនប្រកាសទទួលស្គាល់ថា មានទ័ពបរទេសប្រយុទ្ធក្នុងជួររបស់ពួកឧទ្ទាម។ ការទទួលស្គាល់របស់រដ្ឋាភិបាលនៅពេលនេះ បានបញ្ជាក់បន្ថែមលើការអះអាងរបស់អ្នកជំនាញខាងភេរវនិយម ដែលកត់សំគាល់ឃើញមានការកើនឡើងនៃជនជាតិឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ធ្វើដំណើរទៅកោះមីនដាណាវ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមលោកស្រី Sidney Jonesប្រធានវិទ្យាស្ថាន សម្រាប់នយោបាយវិភាគទៅលើជម្លោះ ដែលមានទីតាំងនៅទីក្រុងហ្សាកាតារ ការវាយប្រយុទ្ធគ្នានៅភាគខាងត្បូងហ្វីលីពីន បានកើតឡើងនៅជួនចំពេលដែលភេរវជនអត្តឃាតបានទៅបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅចំណតរថយន្តក្រុងហ្សាកាតា។ អ្នកជំនាញបានព្រមានរាប់ខែមកហើយថា ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមកំពុងផ្គត់ផ្គង់រាល់មធ្យោបាយ ដើម្បីឲ្យក្រុមអ៊ីស្លាមជ្រុលនិយមអាចធ្វើការទាក់ទងគ្នានៅក្នុងតំបន់អាស៊ី។ នៅដើមបូព៌ា ក្រុមជីហាតបានយកទឹកដីស៊ីរីនិងអ៊ីរ៉ាក់ធ្វើជាទីតាំងសំខាន់របស់ពួកគេ។ ប៉ុន្តែ នៅអាស៊ី កោះមីនដាណាវ របស់ហ្វីលីពីន ដែលជាជំរករបស់ក្រុមឧទ្ទាមអ៊ីស្លាមនិយម ជាកន្លែងកណ្តាលដែលក្រុមអង្គការរដ្ឋអ៊ីស្លាមចង់ឲ្យអ្នកគាំទ្រខ្លួនទៅប្រមូលផ្តុំ បង្កើតរដ្ឋធានីកាលីហ្វា នោះបើសិនពួកគេមិនអាចធ្វើដំណើរទៅប្រទេសស៊ីរីបាន។ តាមលោកស្រី Sidney Jonesក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមបានឆ្លៀតកេងចំណេញលើភាពក្រីក្រ និងអវិជ្ជារបស់ប្រជាជននៅកោះមីនដាណាវ ដើម្បីអូសទាញក្រុមយុវជន និងក្រុមឧក្រិដ្ឋជន ឲ្យចូលក្នុងចលនាភេរវនិយមរបស់ខ្លួន។ គេវាយតម្លៃដែរថា គឺជនជាតិឥណ្ឌូណេស៊ី ដែលបានចូលទៅប្រយុទ្ធកៀកស្មានឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅទឹកដីស៊ីរី ដែលជាអ្នកបញ្ជា ចាត់ចែងពីចម្ងាយ បណ្តាញភេរវនិយមនៅអាស៊ីអាគ្នេយ៍។
Zachary M Abuza សាស្ត្រាចារ្យនៅសកលវិទ្យាល័យសង្រ្គាមជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោនវាយតម្លៃថា នៅពេលដែលក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមកំពុងចុះកម្លាំងខ្សោយ ដោយសារការវាយប្រហារពីកងទ័ពសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិក ក្រុមនេះទំនងនឹងមិនអាចគាំទ្រពេញទំហឹង ជាពិសេសហិរញ្ញវត្ថុដល់បណ្តាញជីហាតនៅបរទេស ដូចជានៅហ្វីលីពីននោះទេ។ អាស៊ីអាគ្នេយ៍មិនមែនជាទីតាំងអាទិភាពរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនោះទេ។ ក្រុមនេះដែលកំពុងត្រដរ រក្សាទីតាំងរបស់ខ្លួន នៅស៊ីរី និងនៅអ៊ីរ៉ាក់មិនអាចគិតទៅដល់អាស៊ីអាគ្នេយ៍។ នេះជាការអះអាងរបស់លោក Abuza។ ប៉ុន្តែ ការពិតជាក់ស្តែង គឺថា ពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយម ដូចជាMaute និងអាប៊ូ សាយ៉ាហ្វ នៅហ្វីលីពីន បានភ្ជាប់ខ្លួនរួចហើយទៅនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ទោះជាក្រុមនេះ បាត់បង់ទឹកដីនៅស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែ អ្នកគាំទ្ររបស់ចលនាភេរវនិយមជីហាត កំពុងតែរស់រវើក ពោរពេញដោយមហិច្ឆតា ចង់បង្កើតតំបន់កាលីហ្វាមួយទៀត នៅអាស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ