អានតួអត្ថបទ
សិង្ហបុរី

ជំនួបកំពូល​​សន្តិសុខ​នៅ​សិង្ហបុរី៖​លោក​ប្រមុខ​ការពារជាតិ​អាមេរិក​វាយប្រហារ​កូរ៉េខាងជើង និង​រិះគន់​ចិន

នៅ​ថ្ងៃ​សៅរ៍ ទី៣ មិថុនា​នេះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក James Mattis បាន​ថ្លែង​វាយប្រហារ​កូរ៉េខាងជើង​ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ និង​ថ្លែង​រិះគន់​ចិន​ទាក់ទង​នឹង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង។ លោក Mattis បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​ជំនួបកំពូល​តំបន់​ស្តីពី​សន្តិសុខ​រៀបចំ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ទន្ទឹម​គ្នា​នេះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​បាន​ព្យាយាម​និយាយ​ធានា​សម្ព័ន្ធមិត្ត​អាស៊ី​ថា អាមេរិក​នៅ​តែ​ស្ថិត​ពី​ក្រោយ​ពួក​គេ និង​ជួយ​គិតគូរ​ដោះស្រាយ​ពី​ក្តី​កង្វល់​របស់​គេ​គ្រប់ពេល។

លោកស្រី​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុនTomomi Inada និង​សមភាគី​អាមេរិក​លោក James Mattis ថ្ងៃ​ទី៣ មិថុនា នៅ​សិង្ហបុរី
លោកស្រី​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុនTomomi Inada និង​សមភាគី​អាមេរិក​លោក James Mattis ថ្ងៃ​ទី៣ មិថុនា នៅ​សិង្ហបុរី Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែល​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក James Mattis បាន​លើក​ទៅ​និយាយ​មុន​គេ​ដោយ​ចាត់​ទុក​ជា​ការ​គំរាមកំហែង​សម្រាប់​ទាំង​អស់​គ្នា និង​ថា វា​ចាំ​បាច់​ខ្លាំង​ណាស់​ដែល​គ្រប់​គ្នា​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ នៅ​ក្នុង​ន័យ​នេះ លោក James Mattis បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ ការ​ថ្លែង​របស់​លោក Mattis ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​របបក្រុង​ព្យុងយ៉ាង​កំពុង​បន្ត​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​រឿយៗ​ដែល​ថ្មី​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ លោក Mattis បាន​ចាត់​ទុក​ទង្វើ​របស់​កូរ៉េខាងជើង​ថា​ខុស​នឹង​ច្បាប់​អន្តរជាតិ ហើយ​បន្ថែម​ដោយ​ព្រមាន​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​អាច​ទុក​បណ្តោយ​ឲ្យ​ក្រុង​ព្យុងយ៉ាង​បន្ត​ធ្វើ​របៀប​នេះ​បាន​ទៀត​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក Mattis មិន​ភ្លេច​និយាយ​ពី​ការ​រួម​ចំណែក​របស់​ចិន​ក្នុង​ការ​ចូលរួម​ជួយ​និយាយ​ជាមួយ​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​របស់​ខ្លួន​ឲ្យ​បញ្ឈប់​ផ្គើន​សហគមន៍​អន្តរជាតិ តាម​រយៈ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​អន្តរទ្វីប។ តែ​ទន្ទឹម​នឹង​ការ​រំពឹង​លើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​រឿង​កូរ៉េខាងជើង លោក Mattis ក៏​មិន​ញញើត​នឹង​រិះគន់​ចិន​លើ​បញ្ហា​ជម្លោះ​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​ទេ។ ដោយ​និយាយ​មិន​បញ្ឆិតបញ្ឆៀង លោក Mattis បាន​វ៉ៃប្រហារ​ចិន​ពី​ការ​ប្រើ​កម្លាំងបាយ​ដើម្បី​វាតទី​លើ​ដែនទឹក​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។ នៅ​ក្នុង​ន័យ​នេះ លោក Mattis បាន​បរិហារ​លើ​ការ​មើលងាយ មើល​ថោក​របស់​ចិន​លើ​ក្រុម​ប្រទេស​ជិតខាង​មួយ​ចំនួន​ក្នុង​តំបន់​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ខ្លួន។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Mattis នៅ​តែ​សង្ឃឹម​លើ​ដំណោះស្រាយ​ដោយ​សន្តិភាព និង​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​ក្នុង​តំបន់ ពិសេស​វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី​ឲ្យ​បន្ត​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ចិន​តាម​កិច្ចចរចា។ សូម​ជម្រាប​ជូន​ថា អាមេរិក​គ្មាន​ទាក់ទង​នឹង​ជម្លោះ​នេះ​ទេ តែ​វ៉ាស៊ីនតោន​បាន​ចេញ​មុខ​ឈឺ​ឆ្អាល​ដោយ​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​តំបន់​ដើម្បី​បញ្ជាក់​ពី​ការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ។ តែ​ចិន​មិន​បាន​យល់​ឃើញ​ដូច​នេះ​ទេ និង​តែ​បញ្ចេញ​កំហឹង​តប​នឹង​អាមេរិក​វិញ​ដោយ​បាន​បញ្ជូន​នាវា​ចម្បាំង​ទៅ​តតាំង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ