ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អាស៊ី

អាកាសធាតុ៖​ឥណ្ឌា​បាន​ផ្តល់​ការ​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ

media  
លោកនាយករដ្ឋមន្រ្តីឥណ្ឌា​ណារិនដ្រា ម៉ូឌី និង​លោក​ប្រធានាធិបតី​​បារាំង​អេម៉ានុយអែល ម៉ាក្រុង ថ្ងៃទី៣ មិថុនា ២០១៧ Reuters

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី​បាន​ថ្លែង​ថា ឥណ្ឌា​គាំទ្រ​ទាំង​ស្រុង​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​បញ្ហា​អាកាសធាតុ និង​ត្រៀមខ្លួន​ក្នុង​បញ្ហា​បរិស្ថាន​ឲ្យ​បាន​លើស​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ទៅ​ទៀត។ ការ​ថ្លែង​ប្តេជ្ញាចិត្ត​របស់​លោក​ណារិនដ្រា ម៉ូឌី​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា បន្ទាប់​ពី​លោក​បាន​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​នៅ​វិមាន​អេលីហ្សេ​នា​ថ្ងៃ​សៅរ៍ ទី៣ មិថុនា។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ទៅ​ប្រទេស​ឥណ្ឌា​នា​ពេល​ខាង​មុខ។

លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​មិន​បាន​បញ្ជាក់​ពី​ថ្ងៃខែ​ច្បាស់លាស់​ទេ គ្រាន់​តែ​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នៅ​មុន​ដំណាច់ឆ្នាំ ២០១៧ នេះ​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ទី១ នៃ​សម្ព័ន្ធថាមពល​ព្រះអាទិត្យ​សកល។ គឺ​ជា​សម្ព័ន្ធ​មួយ​ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​បារាំង និង​ឥណ្ឌា ហើយ​ដែល​លោក​ម៉ាក្រុង​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រទេស​ផ្សេង​ទៀត។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ម៉ាក្រុង​នៅ​វិមាន​អេលីហ្សេ​រយៈពេល ២ម៉ោង លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី​បាន​ប្រកាស​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ និង​សន្យា​ធ្វើ​ការ​ក្នុង​វិស័យ​បរិស្ថាន​ឲ្យ​លើស​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ទៅ​ទៀត។

ជា​ចម្លើយ​តប​វិញ លោក​ម៉ាក្រុង​បាន​ថ្លែង​ដោយ​មិន​អល់អែក​ថា ការ​គាំទ្រ​របស់​ឥណ្ឌា​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ជា​ទម្ងន់​មួយ​ជួយ​គាំទ្រ​ការ​អំពាវនាវ​ជា​សកល​របស់​លោក​ក្នុង​ការ ការពារ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ លោក​ម៉ាក្រុង​មិន​ញញើត​នឹង​ចាត់​ទុក​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ថា ជា​បេតិកភណ្ឌ​របស់​មនុស្សលោក​ដែល​អាច​ការពារ​មនុស្ស​ជំនាន់​ក្រោយ និង​ផ្តល់​ឲ្យ​មាន​ក្តី​សង្ឃឹម​ថ្មី។ សូម​ជម្រាប​ជូន​ថា ការ​ប្រកាស​គាំទ្រ​ពេញ​ទំហឹង​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​របស់​លោក​ម៉ូឌី​ពេល​នេះ​បាន​ធ្វើ​ឡើង ១ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ។

ដោយ​ឡែក លោក​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​មិន​ភ្លេច​សាទរ​ម្តង​ជា​ពីរ​ដង​ពី​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​របស់​លោក​ម៉ាក្រុង។ លោក​ម៉ូឌី​បាន​សម្លឹង​ឃើញ​ជោគជ័យ​របស់​លោក​ម៉ាក្រុង​ថា​ជា​ការ​លើក​ទឹកចិត្ត​ពិភពលោក​ទាំង​មូល។ ជាមួយ​គ្នា​នេះ លោក​ម៉ូឌី​ក៏​ចង់​ឃើញ​ឲ្យ​មាន​ការ​ផ្តល់​សន្ទុះ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​លោក​យល់​ឃើញ​ថា អឺរ៉ុប​ខ្លាំង និង​មាន​អំណាច​អាច​ចូលរួម​ធានា​វិសមភាព​ក្នុង​កម្រិត​អន្តរជាតិ ព្រម​ទាំង​ស្នើ​ឲ្យ​បារាំង​ដើរ​តួនាទី​សំខាន់​របស់​ខ្លួន។

និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី​បារាំង ឥណ្ឌា លោក​ម៉ាក្រុង និង​លោក​ម៉ូឌី​បាន​លើក​ឡើង​ពី​ដៃគូ​អភិវឌ្ឍន៍​នៅ​ក្នុង​វិស័យ​ថាមពល​មិន​ចេះ​រីងស្ងួត ឧស្សាហកម្ម​ស៊ីវិល និង​យោធា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម និង​ការ​ដោះដូរ​នៅ​ក្នុង​វិស័យ​អប់រំ និង​វប្បធម៌៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ