អានតួអត្ថបទ
កូរ៉េខាងជើង-មីស៊ីល

កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​ជា​ថ្មី​ដោយ​មិន​ឈឺ​ក្បាល​នឹង​លោកត្រាំ ឬ​ទ័ណ្ឌកម្ម​អន្តរជាតិ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មិថុនា​នេះ កូរ៉េខាងជើង​បាន​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ជា​ថ្មី។ មាន​គ្រាប់មីស៊ីល​បាញ់​បាន​ចម្ងាយ​ជិត​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ពី​ឆ្នេរសមុទ្រ និង​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។ ក៏​ដូច​ជា​សព្វ​មួយ​ដង ជប៉ុន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ហ្វ៊ូមីយ៉ូ គីស្ហ៊ីដា​បាន​ថ្លែង​ថា ជប៉ុន​នឹង​មិន​អាច​អនុគ្រោះ​ឲ្យ​មាន​ការ​បង្ក​រឿង​របៀប​នេះ​ទេ និង​ទទួល​ស្គាល់​ថា ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​របស់​កូរ៉េ​លើក​នេះ​មិន​បាន​ផ្តល់​វិបាក​ភ្លាមៗ​ដល់​សន្តិសុខ​របស់​ជប៉ុន​ឡើយ។

ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន
ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន KCNA/via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ និង​ចំនួន​គ្រាប់មីស៊ីល​ពិតប្រាកដ​ដែល​កូរ៉េខាងជើង​បាន​បាញ់​ជា​ថ្មី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មិថុនា​នេះ​ទេ។ តែ​អ្វី​ដែល​គេ​ដឹង គ្រាប់មីស៊ីល​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​កូរ៉េខាងជើង​បាញ់​ចេញ​ពី​កំពង់ផែ Wonsan ដែល​បែរ​មុខ​ចំ​ប្រទេស​ជប៉ុន និង​ដែល​សេនាធិការដ្ឋាន​នៃ​កងទ័ព​កូរ៉េខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្រាប់មីស៊ីល​ទាំង​នោះ​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន បន្ទាប់​ពី​ហោះ​បាន​ចម្ងាយ ២០០គីឡូម៉ែត្រ និង​ក្នុង​កម្ពស់ ២គីឡូម៉ែត្រ។

ម្យ៉ាង​ទៀត គ្រាប់មីស៊ីល​ទាំង​នោះ​ត្រូវ​បាន​បាញ់​ចេញ​ពី​នាវា ឬ​មួយ​ក៏​ពី​នាវាមុជទឹក និង​ដែល​គោលដៅ​របស់​គ្រាប់មីស៊ីល​ទាំង​នេះ​សម្រាប់​វាយប្រហារ​លើ​នាវា។ គេ​អាច​និយាយ​បាន​ថា ការ​ដែល​កូរ៉េខាងជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ប្រភេទ​នេះ គឺ​ជា​សារ​ព្រមាន​មួយ​ដែល​របប​ក្រុង​ព្យុងយ៉ាង​ចង់​បញ្ជូន​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ក៏​ដោយសារ​ថា ការ​បាញ់​គ្រាប់មីស៊ីល​ប្រភេទ​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​នាវាចម្បាំង​ពីរ​គ្រឿង​របស់​អាមេរិកាំង​ទើប​បាន​ចាកចេញ​ពី​តំបន់​នោះ។

តាម​អ្នកនាំពាក្យ​របស់​សេនាធិការដ្ឋាន​កូរ៉េខាងត្បូង ការ​សាកល្បង​គ្រាប់មីស៊ីល​ប្រភេទ​នេះ​ហាក់​មិន​បាន​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមបប្រឹក្សា​សន្តិសុខ​ទេ ព្រោះ​សេចក្តីសម្រេច​បាន​ហាម​តែ​ការ​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកវិភាគ​នៅ​កូរ៉េខាងត្បូង​បាន​យល់​ឃើញ​ថា ការ​ដែល​របប​ក្រុង​ព្យុងយ៉ាង​បន្ត​បាញ់​សាកល្បង​គ្រាប់មីស៊ីល​គ្រប់​បែប និង​បាញ់​ញឹកញាប់​សឹង​រាល់​សប្តាហ៍​ពេល​នេះ គឺ​ក្នុង​បំណង​ទទួល​បាន​កិច្ចចរចា​នា​ពេល​ខាង​មុខ ពិសេស​កិច្ចចរចា​ជាមួយ​កូរ៉េខាងត្បូង​ដែល​លោក​ប្រធានាធិបតី​ថ្មី​មូន ចៃអ៊ីន​ចង់​បាន និង​ជាមួយ​អាមេរិក​ដែល​លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​លើក​ឡើង​នា​ពេល​ថ្មី​កន្លង​ទៅ។

ដោយឡែក និង​ក៏​ដូច​ជា​សព្វមួយ​ដង ជប៉ុន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ហ្វ៊ូមីយ៉ូ គីស្ហ៊ីដា​បាន​ថ្លែង​ថា ជប៉ុន​នឹង​មិន​អាច​អនុគ្រោះ​ឲ្យ​មាន​ការ​បង្ក​រឿង​របៀប​នេះ និង​ទទួល​ស្គាល់​ថា ទង្វើ​របស់​កូរ៉េខាងជើង​លើក​នេះ​មិន​បាន​ផ្តល់​វិបាក​ភ្លាមៗ​ដល់​សន្តិសុខ​របស់​ជប៉ុន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ