ប៉ាណាម៉ាផ្តាច់ទូតពីតៃវ៉ាន់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៣
ប៉ាណាម៉ា បានប្រកាសនៅថ្ងៃនេះ ផ្តាច់រាល់ទំនាក់ទំនងផ្លូវការ និងការទូតពីតៃវ៉ាន់ ហើយងាកមករឹតចំណងស្ថាបនាទំនាក់ទំនងជាមួយចិនប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មដ៏ចំបង។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ប៉េកាំងនិងប៉ាណាម៉ា។ តៃវ៉ាន់បានបញ្ចេញប្រតិកម្មខឹងសម្បារនិងសោកស្តាយចំពោះសេចក្តីសម្រេចរបស់ប៉ាណាម៉ា ព្រោះយល់ថាខ្លួនមិនដែលស្វែងរកការប្រកួតប្រជែងក្នុងល្បែងការទូតជាមួយចិនមុខលុយទេ។ នេះឬអំណាចនៃទឹកប្រាក់ ?!
ពីមុនមក ប៉ាណាម៉ា មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ឯជាមួយចិនវិញ គឺមានត្រឹមតែទំនាក់ទំនងពាណិជ្ជកម្មនឹងគ្នាតែប៉ុណ្ណោះ។ គឺទើបតែនៅថ្ងៃនេះទេ ដែលប្រទេសទាំងពីរ បានបើកទំព័រការទូតថ្មី ដោយបានចុះហត្ថលេខា ភ្ជាប់ទូតនឹងគ្នា ជាផ្លូវការ។ ទន្ទឹមពេលដែល ប្រមុខការទូតចិន និងប៉ាណាម៉ា ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងប៉េកាំង ប្រធានាធិបតីប៉ាណាម៉ា បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ប្រាប់សាធារណជនក្នុងប្រទេសអំពីដំណឹងប៉ាណាម៉ានិងចិនបានភ្ជាប់ចំណងការទូតនឹងគ្នា។
សម្រាប់ចិន សេចក្តីសម្រេចរបស់ប៉ាណាម៉ា ជាការបើកទំព័រថ្មី ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលស្របទៅនឹងឆន្ទៈពលរដ្ឋផង និងស្របតាមសម័យកាលផង។ ឯប៉ាណាម៉ាវិញក៏យល់ថា បានធ្វើជម្រើសប្រកបដោយយុទ្ធសាស្ត្រ ដែលគិតដល់ប្រយោជន៍ជាតិទាំងពីរជាធំ។
ប៉ុន្តែដើម្បីអាចខិតកាន់តែជិតចិនប៉េកាំង និងមានទំនាក់ទំនងកាន់តែប្រសើរឡើង ប៉ាណាម៉ា ត្រូវតែប្រែចិត្តពីតៃវ៉ាន់ ជាដាច់ខាត។ ជាមួយនឹងការប្រកាសភ្ជាប់ទូតជាមួយចិន ប៉ាណាម៉ា បានទទួលស្គាល់ គោលការណ៍ចិនតែមួយ ហើយតៃវ៉ាន់ គឺគ្រាន់តែជាចំណែកមួយរបស់ចិន ! តៃវ៉ាន់ជាខេត្តមួយរបស់ចិន ដែលចង់រើបម្រះបំបែកខ្លួនពីចិន។
ចិនអតិថិជនលំដាប់ទីពីរនៃព្រែកជីកប៉ាណាម៉ា
តៃវ៉ាន់សោកស្តាយណាស់ចំពោះ សេចក្តីសម្រេចរបស់ប៉ាណាម៉ា និងបានបរិហារថ្កោលទោសចិនថា កំពុងប្រើគ្រប់មធ្យោបាយ ក្រោមលេស « គោលការណ៍ចិនតែមួយ » ដើម្បីបន្តកាត់បន្ថយលំហអន្តរជាតិពីតៃវ៉ាន់ និងបង្កើនសម្ពាធតានតឹងរវាងចិននិងតៃវ៉ាន់។ សម្រាប់តៃវ៉ាន់ ការប្រែក្រឡាស់នយោបាយការទូតរបស់ប៉ាណាម៉ា គឺដោយសារល្បែងការទូតយកលុយដឹកនាំមុខចិន។
ប៉ុន្តែសម្រាប់ប្រធានាធិបតីប៉ាណាម៉ា ដែលបានសម្តែងការដឹងគុណតៃវ៉ាន់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេស ក្នុងអំឡុងពេលមានចំណងការទូតរវាងគ្នាកន្លងមក ចិនក៏មិត្តរបស់ប៉ាណាម៉ាដែរ។ ចិននិងប៉ាណាម៉ា ធ្លាប់មានទំនាក់ទំនងរកស៊ីនឹងគ្នាតាំងពី១៦០ឆ្នាំមកហើយ។
កាលពីថ្ងៃទី ២៦មិថុនា២០១៦ នៅពេលប៉ាណាម៉ា សម្ពោធបើកពង្រីកព្រែកជីប៉ាណាម៉ា គឺនាវាផ្ទុកទំនិញចិន ជាអ្នកឆ្លងកាត់មុនគេ។ ចិនជាអតិថិជនទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលប្រើប្រាស់ព្រែកជីក ផ្លូវកាត់ពីសមុទ្ទប៉ាស៊ីហ្វិក ទៅអាត្លង់ទិក។ កាលពីឆ្នាំទៅ ចិនបានសំចតនៅព្រែកជីកប៉ាណាម៉ានេះ ជាមួយទំនិញប្រមាណជាង៣៨លានតោន ពោលគឺតំណាង១៨,៩%នៃចរាចរណ៍ចេញចូលតាមច្រកនេះ។
ជាងនេះទៅទៀត សេចក្តីប្រកាសភ្ជាប់ទូត ធ្វើឡើងតែមួយសប្តាហ៍ក្រោយពីចិនបានចុះហត្ថលេខាទទួលសាងសង់កំពង់ផែកុងទឺណឺ និងកន្លែងផ្គត់ផ្គង់ឧស្ម័នធម្មជាតិ នៅក្នុងខេត្តកូឡុង ភាគខាងជើងប្រទេស។ ក្រៅពីនេះ នៅមានគម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនកំពុងសិក្សា ដូចជាទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម អន្តោប្រវេសន៍ វប្បធម៌និងអប់រំ។ នេះបើតាមប្រធានាធិបតីប៉ាណាម៉ា ដែលបញ្ជាក់បន្ថែមទៀតថា ចិនប្រជាមានិតបានដើរតួនាទីសំខាន់ណាស់ក្នុងសេដ្ឋកិច្ចប៉ាណាម៉ា ! សហគ្រាសពហុជាតិ ក្រុមហ៊ុនចិន មានសកម្មភាពខ្លាំងក្នុងវិស័យធនាគារ ថាមពល ទូរគមនាគមន៍ បច្ចេកវិទ្យា បានមកតាំងទីនៅប៉ាណាម៉ា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តៃវ៉ាន់ កាន់តែឯកា
តៃវ៉ាន់ មានទំនាក់ទំនងការទូត ជាមួយប្រទេសតិចតួចស្រាប់ទៅហើយនៅលើពិភពលោក។ កាលពីមុន បណ្តាប្រទេសនៅអាមេរិកកណ្តាលទាំងអស់ បានទៅដាក់ទូតនៅតៃវ៉ាន់ តែនៅឆ្នាំ២០១០ ប្រទេសកូស្ការីការ បានដកខ្លួនចេញ ហើយនៅថ្ងៃនេះ គឺប៉ាណាម៉ា។ ជាសរុប គេរាប់ឃើញមានសល់ប្រទេសប្រមាណ២០ប៉ុណ្ណោះ ដែលនៅទទួលស្គាល់តៃវ៉ាន់ និងដែលសុទ្ធសឹងជាប្រទេសតូច ដូចជា នៅអាមេរិកកណ្តាល (ក្វាតាម៉ាឡា នីការ៉ាហ្គ័រ ប៉ារ៉ាហ្កាយ សាំងលុយស៊ី សាវ៉ាដរ...) នៅអាហ្វ្រិក បួគីណាហ្វាសូ នៅអឺរ៉ុប វ៉ាទីកង់ តែគ្មានសោះនៅអាស៊ី និងប្រទេសជាសមាជិកG២០។ សហរដ្ឋអាមេរិក បានបង្វៀងដាក់ស្ថានកុងស៊ុលមួយនៅលើកោះតៃវ៉ាន់ តាមរយៈវិទ្យាស្ថានអាមេរិកនៅតៃប៉ិប៉ុណ្ណោះ។
តៃវ៉ាន់ ឯកាលើគ្រប់វិស័យ ៖ ក្នុងពេលប្រកួតជាលក្ខណៈអន្តរជាតិ កីឡាករតៃវ៉ាន់ ត្រូវប្រើឈ្មោះជាចិនតៃវ៉ាន់។ ចិនក៏បានបិទផ្លូវតៃវ៉ាន់ មិនឱ្យមានមុខ មានការអញ្ជើញទៅសន្និសីទអន្តរជាតិផ្សេងៗដូចជា សន្និសីទសន្តិសុខរបស់អង្គការអាកាសចរណ៍ស៊ិវិលជាដើម។ តៃវ៉ាន់ គ្មានអាសនៈនៅអង្គការសហប្រជាជាតិ និងដោយគ្មានលិខិតឆ្លងដែនទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពលរដ្ឋតៃវ៉ាន់មិនអាចចូលទស្សនាស្ថាប័នអង្គការសហប្រជាជាតិផ្សេងឡើយ។ តៃវ៉ាន់ ក៏ត្រូវបានដកចេញពីសមាជិកអង្គការសុខភាពពិភពលោក នៅឆ្នាំ២០០៣ ពេលមានផ្ទុះជំងឺគ្រុនផ្តាសាយបក្សី SRAS។ ទាំងនេះគឺដោយសារឥទ្ធិពលនយោបាយចិន ដែលគ្របដណ្តប់តៃវ៉ាន់ ស្ទើរគ្រប់វិស័យ នៅលើឆាកអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ