អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ាណាម៉ា​ផ្តាច់ទូត​ពី​តៃវ៉ាន់ ដើម្បី​ភ្ជាប់ទំនាក់ទំនង​ជាមួយ​ចិន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ាណាម៉ា បាន​ប្រកាស​​នៅ​ថ្ងៃនេះ​ ផ្តាច់​រាល់​ទំនាក់ទំនង​​ផ្លូវការ និង​ការ​ទូត​ពី​តៃវ៉ាន់ ហើយ​ងាក​មក​រឹត​ចំណង​​ស្ថាបនា​​ទំនាក់ទំនង​ជាមួយ​ចិន​ប៉េកាំង ដែលជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ចំបង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​ប៉េកាំង​និង​ប៉ាណាម៉ា។ ​ តៃវ៉ាន់​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ​និង​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​ប៉ាណាម៉ា ​ព្រោះ​យល់​ថា​ខ្លួន​មិន​ដែល​ស្វែង​រក​ការ​ប្រកួត​ប្រជែង​​ក្នុង​ល្បែង​ការ​ទូត​ជាមួយ​ចិន​មុខ​លុយ​ទេ។ នេះ​ឬ​អំណាច​នៃ​ទឹក​ប្រាក់ ?!

អនុប្រធានាធិបតី​និង​ជា​រដ្ឋមន្ត្រីការបរទេស​ប៉ាណាម៉ា​ Isabel de Saint Malo និង​រដ្ឋមន្ត្រីការបរទេស​ចិន ចុះ​ហត្ថលេខា​ភ្ជាប់​ទំនាក់ទំនង​ទូត
អនុប្រធានាធិបតី​និង​ជា​រដ្ឋមន្ត្រីការបរទេស​ប៉ាណាម៉ា​ Isabel de Saint Malo និង​រដ្ឋមន្ត្រីការបរទេស​ចិន ចុះ​ហត្ថលេខា​ភ្ជាប់​ទំនាក់ទំនង​ទូត © Reuters
ផ្សាយពាណិជ្ជកម្ម

ពី​មុន​មក ប៉ាណាម៉ា មាន​ទំនាក់ទំនង​ការ​ទូត​ជាមួយ​តៃវ៉ាន់ ឯ​ជាមួយ​ចិន​វិញ គឺ​មាន​ត្រឹម​តែ​​ទំនាក់ទំនង​​ពាណិជ្ជកម្មនឹង​គ្នា​​តែ​ប៉ុណ្ណោះ។ គឺ​ទើប​តែ​នៅ​ថ្ងៃ​នេះទេ ដែល​ប្រទេស​ទាំង​ពីរ បាន​បើក​ទំព័រ​ការទូត​ថ្មី ដោយ​បាន​ចុះ​ហត្ថលេខា ភ្ជាប់​ទូត​នឹង​គ្នា ជា​ផ្លូវការ​។ ​ទន្ទឹម​ពេលដែល ប្រមុខ​ការ​ទូត​ចិន និង​ប៉ាណាម៉ា ​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមនៅ​ទីក្រុង​ប៉េកាំង ប្រធានាធិបតី​ប៉ាណាម៉ា បានថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ប្រាប់​សាធារណជនក្នុង​ប្រទេស​អំពី​ដំណឹង​​ប៉ាណាម៉ា​និង​ចិន​បាន​ភ្ជាប់​ចំណង​ការ​ទូត​នឹងគ្នា។

​សម្រាប់​ចិន​ សេចក្តី​សម្រេច​របស់​ប៉ាណាម៉ា ជា​ការ​បើក​ទំព័រ​ថ្មី ជា​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ដែល​ស្រប​ទៅ​នឹង​ឆន្ទៈ​ពលរដ្ឋ​ផង និងស្រប​តាម​សម័យកាល​ផង។ ឯ​ប៉ាណាម៉ាវិញ​ក៏​យល់​ថា បាន​ធ្វើ​ជម្រើស​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ ដែល​គិត​ដល់​ប្រយោជន៍​ជាតិ​ទាំង​ពីរ​ជា​ធំ។

 

ប៉ុន្តែ​ដើម្បី​អាច​ខិត​កាន់​តែ​ជិត​ចិន​ប៉េកាំង និង​មាន​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ឡើង ប៉ាណាម៉ា ត្រូវ​តែ​ប្រែ​ចិត្ត​ពី​តៃវ៉ាន់ ជា​ដាច់​ខាត។ ជាមួយ​នឹង​ការ​ប្រកាស​ភ្ជាប់​ទូត​ជាមួយ​ចិន ប៉ាណាម៉ា ​បាន​ទទួល​ស្គាល់​ គោលការណ៍​ចិន​តែ​មួយ ហើយ​​តៃវ៉ាន់ គឺ​គ្រាន់​តែ​ជាចំណែក​មួយរបស់​​ចិន ! តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន ដែល​ចង់​​រើ​បម្រះ​បំបែក​ខ្លួនពី​ចិន។

 

ចិនអតិថិជនលំដាប់​ទីពីរ​​នៃ​ព្រែកជីកប៉ាណាម៉ា

 

តៃវ៉ាន់​សោក​ស្តាយ​ណាស់​ចំពោះ​ សេចក្តី​សម្រេច​របស់​ប៉ាណាម៉ា និង​បាន​បរិហារ​ថ្កោល​ទោស​ចិន​ថា កំពុង​ប្រើ​គ្រប់​មធ្យោបាយ ក្រោម​លេស « គោលការណ៍​ចិន​តែ​មួយ » ដើម្បី​បន្ត​កាត់​បន្ថយ​លំហ​អន្តរជាតិ​ពី​តៃវ៉ាន់ និង​បង្កើន​សម្ពាធ​តាន​តឹង​រវាង​ចិន​និ​ងតៃវ៉ាន់។ សម្រាប់​តៃវ៉ាន់ ការ​ប្រែក្រឡាស់​នយោបាយ​ការទូត​របស់​ប៉ាណាម៉ា គឺ​ដោយ​សារ​ល្បែង​ការ​ទូត​យក​លុយ​ដឹកនាំ​មុខ​ចិន។

 

ប៉ុន្តែ​សម្រាប់​ប្រធានាធិបតី​ប៉ាណាម៉ា ដែល​បាន​សម្តែងការ​ដឹង​គុណ​តៃវ៉ាន់ ចំពោះ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ប្រទេស ក្នុង​អំឡុង​ពេល​មាន​ចំណង​ការ​ទូត​រវាង​គ្នា​​កន្លង​មក ចិន​ក៏​មិត្ត​របស់​ប៉ាណាម៉ា​ដែរ។ ចិន​និង​ប៉ាណាម៉ា ធ្លាប់មាន​ទំនាក់ទំនង​រកស៊ី​នឹង​គ្នាតាំង​ពី១៦០​ឆ្នាំ​មក​ហើយ។

 

កាលពី​ថ្ងៃទី ២៦​មិថុនា​២០១៦ នៅ​ពេល​ប៉ាណាម៉ា សម្ពោធបើក​​ពង្រីក​ព្រែក​ជីប៉ាណាម៉ា គឺ​នាវា​ផ្ទុក​ទំនិញ​ចិន ជា​អ្នក​ឆ្លង​កាត់​មុន​គេ។ ចិន​ជា​អតិថិជន​ទីពីរ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ដែល​ប្រើប្រាស់​ព្រែក​ជីក ផ្លូវ​កាត់​ពី​សមុទ្ទប៉ាស៊ីហ្វិក ទៅ​​អាត្លង់ទិក។ កាលពី​ឆ្នាំ​ទៅ ចិន​បាន​សំចត​នៅ​ព្រែក​ជីក​ប៉ាណាម៉ានេះ ជា​មួយ​ទំនិញ​ប្រមាណ​ជាង​៣៨​លាន​តោន ពោលគឺ​តំណាង​១៨,៩%​នៃ​ចរាចរណ៍ចេញ​ចូល​តាម​​ច្រក​នេះ។

 

ជាង​នេះ​ទៅ​ទៀត សេចក្តី​ប្រកាស​ភ្ជាប់ទូត ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​ក្រោយ​ពី​ចិន​បាន​ចុះ​ហត្ថលេខា​ទទួល​សាង​សង់​កំពង់​ផែកុងទឺណឺ និងកន្លែង​ផ្គត់ផ្គង់​​ឧស្ម័នធម្មជាតិ នៅ​ក្នុង​ខេត្ត​កូឡុង ភាគ​ខាងជើង​ប្រទេស។ ក្រៅ​ពី​នេះ នៅ​មាន​គម្រោង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​កំពុង​សិក្សា ដូច​ជា​ទេសចរណ៍​ ពាណិជ្ជកម្ម​ កសិកម្ម អន្តោប្រវេសន៍ វប្បធម៌​និង​អប់រំ។ ​នេះ​បើ​តាមប្រធានាធិបតី​ប៉ាណាម៉ា ដែល​បញ្ជាក់​បន្ថែម​ទៀត​ថា ​ចិន​ប្រជាមានិតបាន​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​សេដ្ឋកិច្ច​ប៉ាណាម៉ា ! សហគ្រាស​ពហុជាតិ ក្រុមហ៊ុន​ចិន មាន​សកម្មភាព​ខ្លាំង​ក្នុង​វិស័យ​ធនាគារ ថាមពល ទូរគមនាគមន៍ បច្ចេកវិទ្យា បាន​មក​តាំង​ទី​នៅ​ប៉ាណាម៉ា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

 

​តៃវ៉ាន់ កាន់​តែ​ឯកា

 

តៃវ៉ាន់ មាន​ទំនាក់ទំនង​ការ​ទូត ជាមួយ​ប្រទេស​តិច​តួចស្រាប់​ទៅ​ហើយ​នៅ​លើ​ពិភពលោក។ កាលពី​មុន បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល​ទាំង​អស់ បាន​ទៅ​ដាក់​ទូត​នៅ​​តៃវ៉ាន់ តែ​នៅ​ឆ្នាំ​២០១០ ប្រទេស​កូស្ការីការ បាន​ដក​ខ្លួន​ចេញ ហើយ​នៅ​ថ្ងៃ​នេះ គឺ​ប៉ាណាម៉ា។ ជាសរុប​ គេ​រាប់​ឃើញ​មានសល់​​ប្រទេស​ប្រមាណ​២០​ប៉ុណ្ណោះ ដែលនៅ​​ទទួល​ស្គាល់​តៃវ៉ាន់ និង​ដែល​សុទ្ធ​សឹង​ជា​ប្រទេស​តូច ដូច​ជា​ នៅ​អាមេរិក​កណ្តាល (ក្វាតាម៉ាឡា នីការ៉ាហ្គ័រ ប៉ារ៉ាហ្កាយ សាំងលុយស៊ី សាវ៉ាដរ...) នៅ​អាហ្វ្រិក បួគីណា​ហ្វាសូ  នៅ​អឺរ៉ុប​ វ៉ាទីកង់ តែ​គ្មាន​សោះនៅ​អាស៊ី និង​​ប្រទេស​ជា​សមាជិក​G២០។ សហរដ្ឋ​អាមេរិក​ បាន​បង្វៀង​ដាក់​​ស្ថាន​កុងស៊ុល​មួយ​នៅ​លើ​កោះ​តៃវ៉ាន់ ​តាម​រយៈ​​​វិទ្យាស្ថាន​អាមេរិក​នៅ​តៃប៉ិ​ប៉ុណ្ណោះ។

 

តៃវ៉ាន់ ឯកា​លើ​គ្រប់​វិស័យ ៖ ក្នុង​ពេល​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ កីឡាករ​តៃវ៉ាន់ ត្រូវ​ប្រើ​ឈ្មោះ​ជា​ចិន​តៃវ៉ាន់។ ចិន​ក៏​បាន​បិទ​ផ្លូវ​តៃវ៉ាន់ មិន​ឱ្យ​មានមុខ​ មាន​ការ​អញ្ជើញ​ទៅ​សន្និសីទអន្តរជាតិ​ផ្សេងៗ​ដូចជា សន្និសីទ​សន្តិសុខ​របស់​​អង្គការ​អាកាសចរណ៍​ស៊ិវិលជា​ដើម។ តៃវ៉ាន់ គ្មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ និង​ដោយ​គ្មាន​លិ​ខិត​ឆ្លង​ដែន​ទទួល​ស្គាល់​ជា​លក្ខណៈអន្តរជាតិ​ ពលរដ្ឋ​តៃវ៉ាន់​មិន​អាច​ចូល​ទស្សនា​ស្ថាប័ន​អង្គការ​សហប្រជាជាតិផ្សេង​ឡើយ។ តៃវ៉ាន់ ក៏​ត្រូវ​បាន​ដក​ចេញ​ពី​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ នៅ​ឆ្នាំ​២០០៣ ពេល​មាន​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី SRAS។ ទាំង​នេះ​គឺ​ដោយ​សារ​ឥទ្ធិពល​នយោបាយ​ចិន ដែល​គ្រប​ដណ្តប់​តៃវ៉ាន់ ស្ទើរ​គ្រប់​វិស័យ​ នៅ​លើ​ឆាក​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ