អានតួអត្ថបទ

​និស្សិត​អាមេរិក​ដែលព្យុងយ៉ាង​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​១៥ឆ្នាំ បាន​រួច​ខ្លួន

Otto Warmbier និស្សិត​អាមេរិក​ អាយុ​២២​ឆ្នាំ ជាប់​ទោស​​ធ្វើ​ការ​ជា​ទម្ងន់​ រយៈ​ពេល​១៥​ឆ្នាំ​នៅ​កូរ៉េខាង​ជើង ពី​បទ​បាន​លួច​ក្រដាស​ឃោសនា​បិទ​នៅ​ជញ្ជាំង​សណ្ឋាគារ បាន​រួច​ខ្លួន​មាន​សេរីភាព និង​បញ្ជូន​មក​ដល់​សហរដ្ឋ​អាមេរិក​​វិញ​ហើយ។ ប៉ុន្តែ​និស្សិត​រូប​នេះ​ស្ថិត​ក្នុង​ស្ថានភាព ដូច​មនុស្ស​ស្លាប់។ តាម​ការពិត Otto Warmbier​ បាន​​ធ្លាក់​ខ្លួន​ឈឺ​​សន្លប់​ បាត់​ស្មារតី តាំង​ពី​ជាង​មួយ​ឆ្នាំ​មក​ហើយ។

និស្សិតជាតិ​​អាមេរិក Otto Warmbier ក្នុង​ថ្ងៃ​សវនការ​កាត់​ទោស​ ថ្ងៃទី​២៩​កុម្ភៈ​២០១៦
និស្សិតជាតិ​​អាមេរិក Otto Warmbier ក្នុង​ថ្ងៃ​សវនការ​កាត់​ទោស​ ថ្ងៃទី​២៩​កុម្ភៈ​២០១៦ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​យោធា​អាមេរិក​បាន​ដឹក​ Otto Warmbier មក​ដល់ រដ្ឋ​Ohio និង​បញ្ចូន​ភ្លាម​ទៅ​កាន់​មន្ទីរ​ពេទ្យ។ អ្នក​ជា​ឪពុកម្តាយ​ ដែល​ជា​បាន​ជូន​ដំណឹង​មុន​គេ​អំពី​សេរីភាព​របស់​ Otto Warmbier ទើប​ដឹង​ ថា​កូន​មាន​ជំងឺ​ជា​ទម្ងន់​ដល់​​សន្លប់​បាត់​ស្មារតី ​កាល​ពី​សប្តាហ៍​មុន​នេះ​តែ​ប៉ុណ្ណោះ។

បើ​តាម​សារព័ត៌មាន​Washington Post Otto Warmbier ទំនង​ជាធ្លាក់​ខ្លួនមាន​ជំងឺ Botulisme ជំងឺ​ប៉ះពាល់​ដល់​​ប្រព័ន្ធ​ប្រសាទ​ ដោយសារជាតិ​ពុល​កំណាច​ម្យ៉ាង​ ចម្លង​ដោយ​បាក់តេរី ក្នុង​​អាហារ​​ នៅក្រោយ​ការ​កាត់ទោស​ កាលពី​ខែ​មីនា ២០១៦​បន្តិច ហើយ​ក៏​ត្រូវ​បាន​ពេទ្យ​កូរ៉េខាង​ជើង ដាក់​ថ្នាំ​ឱ្យ​ដេក​សន្លប់​បាត់​ស្មារតី​រហូតមក​ទល់​ពេល​នេះ។

លោក Bill Richardson អន្តរការី​ ​ទទួល​បន្ទុក​ចរចា​ដោះលែង​អ្នក​ទោស​អាមេរិកនៅ​កូរ៉េខាង​ជើង និង​និស្សិត​Otto Warmbier​ផ្ទាល់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទាមទារ​ឱ្យ​ព្យុងយ៉ាង​​ពន្យល់​លម្អិត​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​​ខ្លួន​សន្លប់​របស់Otto Warmbier។ ​

 

សូម​បញ្ជាក់​ថា និស្សិត​ Otto Warmbier ដែល​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាង​ជើង តាម​តួ​កំសាន្ត​​បេល​បុណ្យ​ចូល​​​ឆ្នាំ ត្រូវ​បាន​តុលាការ​កំពូល​កូរ៉េខាង​ជើង កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​និង​ធ្វើ​ពលកម្ម​ជា​ទម្ងន់​រយៈ​ពេល​១៥​ឆ្នាំ​ ពី​បទ​បាន​លួច​ក្រដាស​ឃោសនា​នយោបាយ​ដែល​គេ​បិទ​នៅ​លើ​ជញ្ជាំង​សណ្ឋាគារ តែ​សម្រាប់​ព្យុងយ៉ាង​ សកម្មភាព​បែប​នេះ ជា​បទ​វិទ្ធង្សនាប្រឆាំង​នឹង​របប​កុម្មុយនិស្ត។ នៅ​ក្នុង​ពេល​កាត់​ក្តី ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​ផង Otto Warmbier​បាន​សារភាព​ថា​បាន​ធ្វើ​ទង្វើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​បំផុត​នៃ​ជីវិត។

 

ក្នុង​រយៈ​ពេល​​​១០​ឆ្នាំចុងក្រោយ​នេះ មាន​​ជនជាតិ​អាមេរិក​យ៉ាង​ហោច​ណាស់ ១៧​នាក់​ ត្រូវ​បាន​ព្យុងយ៉ាង​ចាប់​ ក្នុង​នោះ​បី​នាក់​ កំពុង​ស្ថិត​ក្រោយ​ចំរ៉ឹង​ដែក​នៅ​ឡើយ។ ​លោក​ប្រមុខ​ការទូត​អាមេរិក Rix Tillerson បាន​អះអាង​ថា​កំពុង​តែ​បន្ត​ការ​ចរចា​ជាមួយព្យុងយ៉ាង​ដើម្បី​សេរីភាព​ពលរដ្ឋ​អាមេរិកបី​នាក់​នោះ តែ​​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ទាក់​ទង​ស្ថានភាព​សុខភាព​របស់​Otto Warmbier។ ការ​ដោះលែង​Otto Warmbier ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែលអតីត​តារា​​កីឡាករ​បាល់​បោះ​អាមេរិក​ Dennis Rodman ធ្វើ​ដំណើរ​ទៅកូរ៉េខាង​ជើង ដើម្បី​សួរ​សុខ​ទុក្ខ “មិត្ត” គឺ ​គីមជុងអ៊ុន។ ប៉ុន្តែ​រដ្ឋាបាល​លោក​ត្រាំ បាន​អះអាង​ថាទស្សនកិច្ច​របស់​ Rodman​ ជា​កិច្ចការ​ឯកជន ​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ករណី​Otto Warmbier​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ