អានតួអត្ថបទ

អាមេរិក​ស្វែង​រក​មូលហេតុ​ដែល​​និស្សិតOtto Warmbier ​ធ្លាក់​ខ្លួនសន្លប់​ធំក្នុង​ពន្ធនាគារ​កូរ៉េខាង​ជើង

តើ​មាន​រឿង​អ្វី កើតឡើង​ខ្លះ នៅ​ពេល​ Otto Warmbier ស្ថិត​ក្នុង​ពន្ធនាគារកូរ៉េខាង​ជើង​ ? នៅ​សុខៗ​ស្រាប់​តែ​កូរ៉េខាង​ជើង ប្រកាស​​ដោះលែង​និស្សិត​អាមេរិក​នេះ ក្រោម​ហេតុផល​មនុស្សធម៌ ?! តាមការ​ពិត Otto Warmbier បាន​ត្រលប់​មក​ស្រុក​កំណើត​វិញ កាលពី​ថ្ងៃ​ពុធ ជា​មួយ​នឹង​ អាការៈ​សន្លប់​បាត់​ស្មារតី​ ​ជំងឺបាន​ប៉ះពាល់​​ប្រព័ន្ធ​ប្រសាទ​យ៉ាង​ធ្ងន់ធ្ងរ។ បើ​តាមការ​សន្និដ្ឋាន​ដំបូង របស់​ក្រុម​គ្រូពេទ្យ​អាមេរិក Otto Warmbier មិន​មែន​ពុល​អាហារ រួច​លេប​ថ្នាំ​គេង​ ហើយ​​​បាត់​ស្មារតីរហូត ដូច​ការ​អះអាង​របស់​កូរ៉េខាង​ជើង​ទេ។

Otto Warmbier ក្នុង​ថ្ងៃ​កាត់ទោស​នៅព្យុងយ៉ាង ថ្ងៃទី ២៩ កុម្ភៈ ២០១៦
Otto Warmbier ក្នុង​ថ្ងៃ​កាត់ទោស​នៅព្យុងយ៉ាង ថ្ងៃទី ២៩ កុម្ភៈ ២០១៦ Ảnh do KCNA công bố
ផ្សាយពាណិជ្ជកម្ម

Otto Warmbier កំពុង​មាន​ដំបៅ​​ប្រព័ន្ធ​ប្រសាទ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ទំនង​ជាបណ្តាល​មក​មាន​បញ្ហាដង្ហើម​ឬ​គាំង​បេះដូង ឈាម​មិន​អាច​ហូរ​ទៅ​ចិញ្ចឹមខួរ​ក្បាល​បាន​ត្រឹម​ត្រូវ ! នេះបើ​តាម​គ្រូពេទ្យដែល​ទទួល​បន្ទុក​ព្យាបាល​រូប​យុវនិស្សិត។ ​ក្រុម​គ្រូពេទ្យ​ ​​ពុំ​ទាន់​អាច​កំណត់​មូលហេតុដែល​ជំរុញ​ឱ្យ​អូតូ វ៉មមៀ ធ្លាក់​ខ្លួន​​សន្លប់​​បាត់​ស្មាតី​បាន​ ហើយ​ក៏រក​ពុំ​ទាន់​ឃើញ​សញ្ញា​នៃ​ពុលអាហារ​ រហូត​ត្រូវ​លេប​ថ្នាំ​គេង​លក់​ដល់​សន្លប់ ដូច​ដែល​របប​ព្យុងយ៉ាង​បាន​ពន្យល់​​ដែរ។

អ្នក​ឯកទេស​ យល់​ថា​ព្យុងយ៉ាង​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ចាក់​ថ្នាំ​ឱ្យ​និស្សិត​អាមេរិក​ជា​អ្នក​ទោស​នេះ ដេក​សន្លប់​ឡើយ​ ប៉ុន្តែ​បើ​ជា​ឧប្បត្តិហេតុ​ដែល​កើត​ឡើង​ដោយ​ចៃដន្យ​ ទំនង​ជា​ត្រូវ​ជាង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្យុងយ៉ាង​បិទ​​រឿង​នេះជិត។ តែដល់​ពេល​មួយ ទើប​កូរ៉េខាង​ជើង​ភ្ញាក់​ខ្លួន ចំពោះ​ស្ថានភាព​កាន់​តែ​ដុនដាបរបស់​អ្នក​ទោស  ​លាក់​លែង​កើត ទើប​ផ្តើម​គំនិត​​ដាក់​ឱ្យ​ដំណើរ​ការ​ភ្លាម​បណ្តាញការ​ទូត ដោះលែង​Otto Warmbier។  កូរ៉េខាង​ជើង​​ក៏​ទំនង​ជា​ស្លន់​ស្លោ​ដែរ​ នៅ​ពេល​ឃើញ​ស្ថានភាព​សុខភាព​និស្សិត​អាមេរិក​ធ្លាក់​ធ្ងន់ធ្ងរ​ខ្លាំង​នោះ។ នេះបើ​តាម​អ្នក​ជំនាញ​នយោបាយស្តីពី​កូរ៉េខាង​ជើង។

តាម​ធម្មតា​កូរ៉េខាង​ជើង​ចូល​ចិត្ត​ចាប់​​ជនជាតិ​អាមេរិក ហើយ​រៀប​ចំ​ឆាក​ឈុត​កាត់​ទោស ដាក់​ទោស​ជា​ទម្ងន់ ដើម្បីទាក់ទាញ​ឥស្សរជន​ជាន់​ខ្ពស់​អាមេរិក​ (​​អតីត​ប្រធានាធិបតី​ Jimmy Carter Bill Clinton ...) ឱ្យ​មក​ទស្សនា​ក្រុង​ព្យុងយ៉ាង​ ​ជា​ថ្នូរ​នឹង​សេរីភាព​ជនជាតិ​អាមេរិក​នោះ។ ​ យុទ្ធសាស្ត្រ​នេះ​គឺ​ដើម្បី​ជា​ប្រយោជន៍​ឃោសនា​នយោបាយ​ក្នុង​ស្រុក។

ប៉ុន្តែ​ក្នុង​ករណី​ Otto Warmbier កូរ៉េខាង​ជើង​របេះ​ក្បាច់​ ! ​ជាទូទៅ របប​ព្យុងយ៉ាង​ចង់​មើល​ការ​ខុស​ត្រូវអ្នក​ទោស​អាមេរិក​ឱ្យ​បាន​ល្អ​ ឬ​ល្អ​ខ្លាំង​បំផុត​ផង ព្រោះ​យូរ​ឬ​ឆាប់​ពួក​គេ​​​នឹង​​​ដោះលែងវិញ​ហើយ។ អ្នក​ទោស​អាមេរិក​បាន​រួច​ខ្លួន​ខ្លះ​ រៀបរាប់​អំពី​ការ​រង​ទណ្ឌកម្ម​ធ្វើ​ពលកម្ម​ធ្ងន់​ពេញ​មួយ​ថ្ងៃ​វែង ពី​បញ្ហាថ្នាំ​សង្កូវ ពីការ​រំលោភ​បំពាន​ចិត្តសាស្ត្រ តែ​ខ្លះ​ទៀត​បាន​លើក​ឡើង​អំពី​លក្ខខណ្ឌ​ទោស​បែប​អនុគ្រោះ​ខ្លាំង។ គិត​មក​ត្រឹម​ថ្ងៃ​នេះ នៅ​មាន​ជនជាតិអាមេរិក​បី​នាក់​ទៀត កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កូរ៉េខាង​ជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ