សហរដ្ឋអាមេរិកចេញដិកាចាប់ខ្លួនកងអង្គរក្សប្រធានាធិបតីតួកគី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣០
សហរដ្ឋអាមេរិកបានចេញដិកាចំនួន ១២ ដើម្បីស្វែងរកចាប់ខ្លួនអង្គរក្សប្រធានាធិបតីតួកគី Recep Erdogan ពីបទប្រើប្រាស់អំពើហឹង្សានៅលើទឹកដីអាមេរិក។ ដិកាតាមចាប់ខ្លួននេះត្រូវបានចេញកាលពីថ្ងៃព្រហ្បត្តិ ទី១៥ មិថុនាសប្តាហ៍កន្លងទៅនេះ។ រឿងរ៉ាវនេះកំពុងតែបញ្ឆេះភាពតានតឹងបន្ថែមទៀតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតួកគី ដែលកំពុងតែធ្លាក់ចុះស្រាប់។ សព្វថ្ងៃនេះ សហរដ្ឋអាមេរិក និងតួកគីមិនឯកភាពគ្នាចំពោះការគាំទ្ររបស់អាមេរិកក្នុងការឧបត្ថម្ភក្រុមប្រដាប់អាវុធជនជាតិគួកនៅប្រទេសស៊ីរី។
អង្គរក្សការពារលោកប្រធានាធិបតីតួកគីចំនួន ១២ នាក់កំពុងត្រូវបានអាជ្ញាធរអាមេរិកចេញដិកាស្វែងរកចាប់ខ្លួន។ អង្គរក្សទាំងនោះត្រូវបានគេសង្ស័យថាបានប្រើប្រាស់អំពើហឹង្សាទៅលើបាតុករជនជាតិគួក នាឱកាសបាតុកម្មសន្តិវិធីមួយ។ បាតុកម្មនោះបានប្រព្រិត្តទៅកាលពីល្ងាចថ្ងៃទី១៦ ឧសភា នៅខាងមុខស្ថានទូតតួកគីក្នុងរដ្ឋធានីវ៉ាស៊ីងតោន។ ហើយបាតុកម្មសំដែងមតិនេះក៏បានធ្វើឡើងផងដែរ នាឱកាសទស្សនកិច្ចរបស់លោកប្រធានាធីបតីតួកី Recep Erdogan នៅសហរដ្ឋអាមេរិក។ ហេតុការណ៍នេះកើតឡើងនៅពេលដែលបាតុករជនជាតិគួកបានធ្វើការប្រមូលផ្តុំគ្នាស្រែកតវ៉ាប្រឆាំងនឹងរបបដឹកនាំតួកគី។ ខណៈពេលនោះ លោកប្រធានាធិបតីតួកគី Erdogan ដើរចូលទៅកាន់ស្ថានទូតតួកគី ក្រោយពីបានបញ្ចប់កិច្ចសំណេះសំណាលជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។
សូមរំលឹកជូនផងដែរថា រដ្ឋាភិបាលតួកគីបានចាត់ទុកសកម្មជនទាមទារសិទ្ធិសេរីភាពឲ្យជនជាតិគួកថាជាក្រុម «ភេរវករ» នៃគណបក្សកម្មករគួកឌីស្តង់ (PKK) ដែលជាចលនានយោបាយទាមទារបំបែកទឹកដីមួយ។ ចាប់តាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ ចលនានយោបាយនេះបានដឹកនាំការប្រយុទ្ធបង្ហូរឈាមប្រឆាំងនឹងរបបដឹកនាំទីក្រុងអង់ការ៉ា។ ហើយសព្វថ្ងៃនេះ សហរដ្ឋអាមេរិក និងតួកគីមានការខ្វែងគំនិតគ្នាជុំវិញការឧបត្ថម្ភផែ្នកយោធារបស់សហរដ្ឋអាមេរិកដល់កងប្រដាប់អាវុធជនជាតិគួកក្នុងប្រទេសស៊ីរី (YPG)។ ការបំពាប់អាវុធបែបនេះបានបញ្ឆេះកំហឹងរដ្ឋាភិបាលតួកគី ដោយសំអាងលើលេសថា ក្រុមប្រដាប់អាវុធជនជាតិគួកក្នុងប្រទេសស៊ីរី (YPG) មានទំនាក់ទំនងគ្នាជាមួយចលនាគួក PKK ដែលទាមទារបំបែកទឹកដី។ ប៉ុន្តែ សំរាប់សហរដ្ឋអាមេរិក កងកម្លាំងគួកនៅប្រទេសស៊ីរី គឺជាក្រុមប្រដាប់អាវុធស្វិតស្វាញក្លាហាន ដែលមានលទ្ធភាពអាចវាយកំទេចពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។ ទោះបីជាយ៉ាងណាក៏ដោយ ចង់មិនចង់ សហរដ្ឋអាមេរិក និងតួកគី គឺនៅតែជាសម័្ពន្ធមិត្តយោធាក្នុងក្របខ័ណ្ឌអង្គការអូតង់។
តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់លោក Rex Tillerson ប្រមុខការទូតអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា ដិកាតាមចាប់ខ្លួននេះ គឺជាការផ្ញើសារដ៏ច្បាស់លាស់មួយថា សហរដ្ឋអាមេរិកពុំអត់ឱនឲ្យឡើយចំពោះបុគ្គលណាដែលប្រើប្រាស់ការគំរាមកំហែង និងអំពើហឹង្សា ដើម្បីបង្ក្រាបសិទ្ធិសេរីភាពសំដែងមតិ និងការសំដែងមតិលើនយោបាយស្របច្បាប់ណាមួយ។ ក្រសួងការបរទេសអាមេរិកនឹងពិនិត្យមើលបន្ថែមទៀត ប្រសិនបើចាំបាច់ត្រូវចាត់វិធានការណ៍ផ្សេងទៀតទាក់ទងនឹងអង្គរក្សទាំងនោះ។
ដោយឡែក លោកប្រធានាធិបតីតួកគី Erdogan បានថ្កោលទោសយ៉ាងម៉ឹងម៉ាត់ចំពោះនិតិវិធីតុលាការនេះ។ ហើយលោក Erdogan បានសន្យាថានឹងប្រយុទ្ធលើសមរភូមិនយោបាយក៏ដូចជាផ្លូវច្បាប់ ដើម្បីប្រឆាំងជំទាស់នឹងដិកាតាមចាប់ខ្លួនអង្គរក្សរបស់គាត់។ ស្របពេលគ្នានេះផងដែរ ក្រសួងការបរទេសតួកគីបានផ្ញើលិខិត «អញ្ជើញ» មួយទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគី ដើម្បីជ្រាបព័ត៌មានអំពីការជំទាស់របស់តួកគីចំពោះនិតិវិធីរបស់តុលាការអាមេរិក។ សូមបញ្ជាក់ថា នៅក្នុងលិខិតអញ្ជើញនោះ ក្រសួងការបរទេសតួកគីពុំបានបង្គាប់ « កោះហៅ» ឯកអគ្គរដ្ឋទូតអាមេរិកឲ្យចូលខ្លួនស្តាប់ការតវ៉ារបស់តួកគីឡើយ។ ហើយនៅក្នុងលិខិតនោះ អាជ្ញាធរតួកគីបានបញ្ជាក់ថា សេចក្តីសំរេចរបស់អាជ្ញាធរអាមេរិក គឺមានលក្ខណៈមិនសមរម្យ លំអៀង និងពុំមានមូលដ្ឋានច្បាប់ត្រឹមត្រូវ។
បើយោងតាមសំដីរបស់លោក Peter Newsham នាយនគរបាលរដ្ឋធានីវ៉ាស៊ីងតោនបានឲ្យដឹងថា ផ្អែកលើវីដេអូថតសកម្មភាពអំពើហឹង្សា កំលាំងនគរបាលអាមេរិកបានកំណត់អត្តសញ្ញាណអង្គរក្សរបស់លោកប្រធានាធីបតីតួកគីចំនួន ១២ នាក់។ ក្នុងព្រឹត្តិការណ៍អំពើហឹង្សានោះ មានមនុស្សជាង ១០ នាក់បានរងរបួស ក្នុងនោះក៏មាននគរបាលអាមេរិកម្នាក់ផងដែរ។ យោងតាមសំដីសាក្សីនៅផ្ទាល់កន្លែងកើតហេតុ និងតាមរយៈរូបភាពវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម គេឃើញក្រុមអង្គរក្សលោកប្រធានាធិបតីតួកគីបានស្ទុះចូលទៅវាយប្រហារហ្វូងបាតុករទាំងកំរោលតែម្តង។ ជនបង្កហឹង្សាទាំងនោះថែមទាំងហ៊ានទាត់ធាក់ជនរងគ្រោះដែលបានដួលនៅលើដីទៀតផង។ សំរាប់អាជ្ញាធរអាមេរិក ទង្វើអាក្រក់ព្រៃផ្សៃជាងសត្វតិរច្ឆាននេះ គឺមានអាចអត់ឱនឲ្យបានឡើយ។
ថ្លែងការពារទង្វើកងអង្គរក្សរបស់ខ្លួន លោកប្រធានាធិបតី Erdogan បានចោទប្រកាន់នគរបាលនៅទីកន្លែងកើតហេតុថាមិនបានធ្វើអ្វីទាំងអស់ ខណៈពេលដែលក្រុមហ្វូងបាតុករជនជាតិគួកស្ថិតនៅចម្ងាយប្រមាណ ៥០ ម៉ែត្រពីរូបលោក។ លោក Erdogan បានសួរបែបចំអកថា បើពួកអង្គរក្សទាំងនោះមិនធ្វើសកម្មភាពការពាររូបលោក ហេតុអ្វីលោកចាំបាច់ត្រូវយកពួកគេមកជាមួយលោកក្នុងកំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
នេះមិនមែនជាលើកទីមួយឡើយ ដែលកងអង្គរក្សលោកប្រធានាធិបតីតួកគីបានបង្កហឹង្សាបែបនេះនៅបរទេស។ លើកទីមួយ គឺកាលពីឆ្នាំ២០១១ នាទីស្នាក់ អ.ស.ប ខណៈពេលដែលមានការប៉ះទង្គិចគ្នាមួយជាមួយកងអង្គរក្សប្រចាំនៅទីស្នាក់ការនោះ។ បន្ទាប់មកលើកទីពីរ គឺកាលពីខែមិនា ឆ្នាំ២០១៦។ អង្គរក្សទាំងនោះបានរុញច្រាន និងជេរប្រទេចដល់ក្រុមអ្នកសារព័ត៌មានដែលបានព្យាយាមដេញតាមសួរលោកប្រធានាធិបតីតួកគី។ ហើយលើកទីបី ក្នុងឆ្នាំ២០១៦ ដដែល នាឱកាសទស្សនកិច្ចនៅប្រទេសអេក្វាទ័រ កងអង្គរក្សទាំងនោះបានចាប់អូសសកម្មជនបីរូប ដែលបានព្យាយាមរំខានសន្និសីទកាសែតមួយ។ អំពើហឹង្សានេះបានបង្កឲ្យតំណាងរាស្រ្តអេក្វាទ័រម្នាក់រងរបួសស្នាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ