អានតួអត្ថបទ

យន្តហោះ​ចម្បាំង​អាមេរិកF-16​នឹង​ផលិត​នៅ​ឥណ្ឌា

យន្តហោះ​ប្រដេញ​អាមេរិក​ប្រភេទ F១៦ នឹង​ផលិត​ដោយ​ឥណ្ឌា​ នៅ​ប្រទេស​ប្រទេស​ឥណ្ឌា ! នេះ​បើ​តាម​កិច្ចព្រមព្រៀងចុះ​ហត្ថលេខា​ដោយ​​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​Lookheed Martin និង​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា Tata Advanced Systems Limited (TASL) ​​ដែល​ប្រកាស​ជូន​ដំណឹង​ជា​សាធារណៈ​នា​​ឱកាស​បើក​ពិព័រណ៍​យន្តហោះ​អន្តរជាតិ ក្រុង​ប៉ារីស។

យន្តហោះ​ F16នៃកងទ័ពអាកាស​​អាមេរិក​
យន្តហោះ​ F16នៃកងទ័ពអាកាស​​អាមេរិក​ Source: Wikipédia; US Air Force photo
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​កិច្ចព្រមព្រៀងជាមួយ​​នេះ ឥណ្ឌា​នឹងមាន​ឱកាស​​ក្លាយ​ខ្លួន​ជា​អ្នក​ផលិត ជា​អ្នក​ធ្វើ​ប្រតិបត្តិការ និង​អ្នក​នាំ​ចេញ​យន្តហោះ​ចម្បាំង F-១៦ “Block ៧០” បំពាក់​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ទាំ​ងពីរ។

បើ​តាម​ប្រភព​ដដែល​នេះ ថ្វី​ដ្បិត​តែ​​ការ​ផលិតយន្តហោះ​​ F-១៦នៅឥណ្ឌាមែន​ តែ​​បាន​​គាំទ្រ​ទីផ្សារ​ការងារ​រាប់​ពាន់​កន្លែង​សម្រាប់​ក្រុមហ៊ុនLookhend Martin​ផង អ្នក​ផ្គត់ផ្គង់​សម្ភារៈ​នៅ​អាមេរិកផង និង​បង្កើត​ការងារ​ថ្មី ជា​ច្រើន​ទៀត​នៅ​ប្រទេស​ឥណ្ឌា។ គឺ​មិនខុស​ពី​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​បាន​អំពាវនាវ​នោះ​ឡើយ។ ហើយ​សេចក្តី​ប្រកាស​នេះ ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​មុនដំណើរ​ទស្សនកិច្ច​របស់ លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិដ្រា ម៉ូឌី នៅ​វ៉ាស៊ីនតោន​តែម្តង។

ការ​ចុះ​កិច្ចសន្យា​ធ្វើ​ជា​ដៃគូ​ផលិត​យន្តហោះ​ចម្បាំង​នេះ ឆ្លើយ​តប​បាន​ទាំង​ស្រុង​នៅ​នឹង​កម្មវិធី​នយោបាយ “Made in India” ​របស់​លោក​ម៉ូឌី។ ​មេ​​ដឹកនាំ​រដ្ឋាភិបាល​​​ជាតិ​និយម​រូប​នេះ​ បាន​បង្ហាញ​​មហិច្ឆតាលើក​ស្ទួយ​ទីផ្សារការងារ​ក្នុង​ប្រទេស​ខ្លាំងណាស់ តាម​រយៈ​ការ​ទាក់ទាញ​ក្រុមហ៊ុន​ឧស្សាហកម្ម​បរទេស​ឱ្យ​មក​តាំង​ទី​ បង្កើត​រោងចក្រ​នៅ​ឥណ្ឌា ជាពិសេស​នៅ​រាល់ពេល​ចរចាលើកិច្ចសន្យាយោធា។

យោធា​ឥណ្ឌា​គ្មាន​យន្តហោះ​ប្រដេញ​ប្រភេទ​F-១៦​ទេ ប៉ុន្តែ​ការ​​ផលិត​យានយន្ត​នេះ​ នៅ​ក្នុង​ស្រុក អាច​ជា​ហេតុផលមួយ​ដ៏​មាន​ទម្ងន់​​​បំផុត​សម្រាប់​ក្រុមហ៊ុន​អាមេរិកយក​ទៅ​បញ្ចុះ​បញ្ចូល​ឥណ្ឌា និង​យក​ទៅ​ប្រជែង​ជាមួយ​ក្រុមហ៊ុន​បារាំង​។ សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​ទៅ ឥណ្ឌា​បាន​បញ្ជា​ទិញ​យន្តហោះ​ប្រដេញ​រ៉ាហ្វាល់​បារាំង​ចំនួន ៣៦​គ្រឿង​ ក្នុង​តម្លៃ​ប្រមាណ​៨ពាន់​លាន​អឺរ៉ូ។ ក្រុមហ៊ុន​បារាំងបាន​បញ្ជាក់​ថា​កំពុង​​​​ចរចា​​​លើ​កិច្ចសន្យា​ថ្មី​លក់​​រ៉ាហ្វាល់​ឱ្យ​ឥណ្ឌា​ចំនួន​យ៉ាង​ហោច​៥០​គ្រឿង​បន្ថែម​ទៀត។ ឥណ្ឌា​ត្រូវ​ការ​ធ្វើ​ទំនើប​កម្ម​សព្វាវុធ​យោធា​របស់​ខ្លួន​ខ្លាំង​ណាស់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយអាស៊ី​​បច្ចុប្បន្ន​ដែល​សម្គាល់​ដោយ​ការ​ស្ទុះ​ឡើង​ខ្លាំង​នៃ​អំណាច​យោធា​ចិន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ