អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋអាមេរិក​ចេញ​ដិកា​ចាប់​ខ្លួន​កង​អង្គរក្ស​ប្រធានាធិបតី​តួកគី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​បាន​ចេញ​ដិកា​​ចំនួន​ ១២ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​អង្គរក្ស​ប្រធានាធិបតី​តួកគី​ Recep Erdogan ពី​បទ​ប្រើប្រាស់​អំពើ​ហឹង្សា​នៅ​លើ​ទឹកដីអាមេរិក។​ ដិកា​តាម​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ចេញ​កាល​ពី​ថ្ងៃ​ព្រហ្បត្តិ​ ទី​១៥ មិថុនា​សប្តាហ៍​កន្លង​ទៅ​នេះ។​ រឿង​រ៉ាវ​នេះ​កំពុង​តែប​ញ្ឆេះ​ភាព​តាន​តឹង​បន្ថែម​ទៀត​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​តួកគី​ ដែល​កំពុង​តែ​ធ្លាក់​ចុះ​​ស្រាប់។​ សព្វ​ថ្ងៃ​នេះ​ សហរដ្ឋ​អាមេរិក​ និង​តួកគី​មិន​ឯកភាព​គ្នា​ចំពោះ​ការ​គាំទ្រ​របស់​អាមេរិក​ក្នុង​ការ​ឧបត្ថម្ភ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​គួក​នៅ​ប្រទេស​ស៊ីរី។

ប្រធានាធិបតីតួកគី  Tayyip Erdogan
ប្រធានាធិបតីតួកគី Tayyip Erdogan REUTERS
ផ្សាយពាណិជ្ជកម្ម

អង្គរក្ស​ការពារ​លោក​ប្រធានាធិបតី​តួកគី​ចំនួន​ ១២ នាក់​កំពុង​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចេញ​ដិកា​ស្វែង​រក​ចាប់​ខ្លួន​។​ អង្គរក្ស​ទាំង​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ប្រើប្រាស់​អំពើ​ហឹង្សា​ទៅ​លើ​បាតុករ​ជនជាតិ​គួក ​នា​ឱកាស​បាតុកម្ម​សន្តិវិធី​មួយ​។​ បាតុកម្ម​នោះ​បាន​ប្រព្រិត្ត​ទៅ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ឧសភា​ នៅ​ខាង​មុខ​ស្ថានទូត​តួកគី​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីងតោន។​ ហើយ​បាតុកម្ម​សំដែង​មតិ​នេះ​ក៏​បាន​ធ្វើ​ឡើង​ផង​ដែរ​ នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ប្រធានាធីបតី​តួកី​ Recep Erdogan នៅ​សហរដ្ឋ​អាមេរិក។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ដែល​បាតុករ​ជនជាតិ​គួក​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ស្រែក​តវ៉ា​ប្រឆាំង​នឹង​របប​ដឹកនាំ​តួកគី។​ ខណៈ​ពេលនោះ​​ លោកប្រធានាធិបតី​តួកគី​​ Erdogan​ ​ដើរ​ចូល​ទៅ​កាន់​ស្ថានទូត​តួកគី ក្រោយ​ពី​បាន​បញ្ចប់​កិច្ច​សំណេះ​សំណាល​ជាមួយ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។​

 
សូម​រំលឹក​ជូន​ផង​ដែរ​ថា​ រដ្ឋាភិបាល​តួកគី​បាន​ចាត់​ទុក​សកម្មជន​ទាម​ទារ​សិទ្ធិ​សេរីភាព​ឲ្យ​ជនជាតិ​គួក​ថាជា​ក្រុម​ «ភេរវករ​» នៃ​គណបក្ស​កម្មករ​គួកឌីស្តង់​ (PKK) ដែល​ជា​ចលនា​នយោបាយ​ទាមទារ​បំបែក​ទឹកដី​មួយ​។​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៤​ មក​ម្ល៉េះ​ ចលនា​នយោបាយ​នេះ​បាន​ដឹកនាំ​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​ប្រឆាំង​នឹង​របប​ដឹកនាំ​ទីក្រុង​អង់​ការ៉ា។​ ហើយ​សព្វ​ថ្ងៃ​នេះ​ សហរដ្ឋ​អាមេរិក​ និង​តួកគី​មាន​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​ឧបត្ថម្ភ​ផែ្នក​យោធា​របស់​សហរដ្ឋ​អាមេរិក​ដល់​កង​ប្រដាប់​អាវុធ​ជនជាតិ​គួក​ក្នុង​ប្រទេស​ស៊ីរី​ (YPG)។​ ការ​បំពាប់​អាវុធ​បែប​នេះ​បាន​បញ្ឆេះ​កំហឹង​រដ្ឋាភិបាល​តួកគី​​ ដោយ​សំអាង​លើ​លេស​​ថា​ ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​គួក​ក្នុង​ប្រទេស​ស៊ីរី​ (YPG)​ មាន​ទំនាក់​ទំនង​គ្នា​ជាមួយ​ចលនា​គួក​ PKK ដែល​ទាម​ទារ​បំបែក​ទឹកដី។ ប៉ុន្តែ សំរាប់​សហរដ្ឋ​អាមេរិក​ កង​កម្លាំង​គួក​នៅ​ប្រទេស​ស៊ីរី​ គឺ​ជា​ក្រុម​ប្រដាប់​អាវុធ​ស្វិត​ស្វាញ​ក្លាហាន​ ដែល​មាន​លទ្ធភាព​អាច​វាយ​កំទេច​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ ចង់​មិន​ចង់​ សហរដ្ឋ​អាមេរិក​ និង​តួកគី​ គឺ​នៅ​តែ​ជា​សម័្ពន្ធ​មិត្ត​យោធា​ក្នុង​ក្របខ័ណ្ឌ​អង្គការ​អូតង់។​

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​លោក​ Rex Tillerson ប្រមុខ​ការ​ទូត​អាមេរិក អ្នក​នាំ​ពាក្យ​​​​ក្រសួង​ការ​បរទេស​អាមេរិក​បាន​គូស​បញ្ជាក់​ថា​ ដិកា​តាម​ចាប់​ខ្លួន​នេះ​ គឺ​ជា​ការ​ផ្ញើ​សារ​ដ៏ច្បាស់​លាស់​មួយ​ថា​ សហរដ្ឋ​អាមេរិក​ពុំ​អត់​ឱន​ឲ្យ​ឡើយ​ចំពោះ​បុគ្គល​ណា​ដែល​ប្រើប្រាស់​ការ​គំរាម​កំហែង​ និង​អំពើ​ហឹង្សា​ ដើម្បី​បង្ក្រាប​សិទ្ធិ​សេរីភាព​សំដែង​មតិ​ និង​ការ​សំដែង​មតិ​លើ​នយោបាយ​ស្រប​ច្បាប់​ណា​មួយ​។​ ក្រសួង​ការ​បរទេស​អាមេរិក​នឹង​ពិនិត្យ​មើល​បន្ថែម​ទៀត​ ប្រសិន​បើ​ចាំបាច់​ត្រូវ​ចាត់​វិធានការណ៍​ផ្សេង​ទៀត​ទាក់​ទង​នឹង​អង្គរក្ស​ទាំង​នោះ​។

ដោយ​ឡែក​ លោក​ប្រធានាធិបតី​តួកគី​ Erdogan​ បាន​ថ្កោល​ទោស​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​និតិ​វិធី​តុលាការ​នេះ​។​ ហើយ​លោក​ Erdogan​ បាន​សន្យា​ថា​នឹង​ប្រយុទ្ធ​លើ​សមរភូមិ​នយោបាយ​ក៏ដូច​ជា​ផ្លូវ​ច្បាប់​ ដើម្បី​ប្រឆាំង​ជំទាស់​នឹង​ដិកា​តាម​ចាប់​ខ្លួន​អង្គរក្ស​របស់​គាត់​។​ ស្រប​ពេល​គ្នា​នេះ​ផង​ដែរ​ ក្រសួង​ការ​បរទេស​តួកគី​បានផ្ញើ​លិខិត​ ​«អញ្ជើញ​» មួយ​ទៅ​កាន់​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​តួកគី​ ដើម្បី​ជ្រាប​ព័ត៌មាន​អំពី​ការ​ជំទាស់​របស់​តួកគី​ចំពោះ​និតិ​វិធី​របស់​តុលាការ​អាមេរិក។​ សូម​បញ្ជាក់​ថា​ នៅ​ក្នុង​លិខិត​អញ្ជើញ​នោះ​ ក្រសួង​ការបរទេស​តួកគី​ពុំ​បានបង្គាប់ ​« ​កោះ​ហៅ​» ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ឲ្យ​ចូល​ខ្លួន​ស្តាប់​ការ​តវ៉ា​របស់​តួកគី​ឡើយ។​ ហើយ​នៅ​ក្នុង​លិខិត​នោះ​ អាជ្ញា​ធរ​តួកគី​បាន​បញ្ជាក់​ថា​ សេចក្តី​សំរេច​របស់​អាជ្ញាធរ​អាមេរិក​ គឺ​មាន​លក្ខណៈ​មិន​សមរម្យ​ លំអៀង​ និង​ពុំ​មាន​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ។

បើ​យោង​តាម​សំដី​របស់​លោក​ Peter Newsham នាយ​នគរបាល​រដ្ឋ​ធានី​វ៉ាស៊ីងតោន​បាន​ឲ្យ​ដឹង​ថា​ ផ្អែក​លើ​វីដេអូ​ថត​សកម្មភាព​អំពើ​ហឹង្សា​ ​ កំលាំង​នគរ​បាល​អាមេរិក​បាន​កំណត់​អត្ត​សញ្ញាណ​អង្គរក្ស​របស់​លោក​ប្រធានាធីបតី​តួកគី​ចំនួន​ ១២ នាក់។​ ក្នុង​ព្រឹត្តិការណ៍​អំពើ​ហឹង្សា​នោះ​ មាន​មនុស្ស​ជាង​ ១០ នាក់​បាន​រង​របួស ​ក្នុង​នោះ​ក៏​មាន​នគរ​បាល​អាមេរិក​ម្នាក់​ផង​ដែរ​។​ យោង​តាម​សំដី​សាក្សី​នៅ​ផ្ទាល់​កន្លែង​កើត​ហេតុ​ និង​តាម​រយៈ​រូបភាព​វីដេអូ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ គេ​ឃើញ​ក្រុម​អង្គរក្ស​លោក​ប្រធានាធិបតី​តួកគី​បាន​ស្ទុះ​ចូល​ទៅ​វាយ​ប្រហារ​ហ្វូង​បាតុករ​ទាំង​កំរោល​តែ​ម្តង។​ ជន​បង្ក​ហឹង្សា​ទាំង​នោះ​ថែម​ទាំង​ហ៊ាន​ទាត់​ធាក់​ជន​រង​គ្រោះ​ដែល​បាន​ដួលនៅ​លើ​ដី​ទៀត​ផង​។​ សំរាប់​អាជ្ញាធរ​អាមេរិក​ ទង្វើ​អាក្រក់​ព្រៃ​ផ្សៃ​ជាង​សត្វ​តិរច្ឆាន​នេះ​ គឺ​មាន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ។​

ថ្លែង​ការ​ពារ​ទង្វើ​កង​អង្គរក្ស​របស់​ខ្លួន​ លោក​ប្រធានាធិបតី​ Erdogan បាន​ចោទ​ប្រកាន់​នគរ​បាល​នៅ​ទី​កន្លែង​កើត​ហេតុ​ថា​មិន​បាន​ធ្វើ​អ្វី​ទាំង​អស់​ ខណៈ​ពេល​ដែល​ក្រុម​ហ្វូង​បាតុករ​ជនជាតិ​គួក​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ៥០ ម៉ែត្រ​ពី​រូប​លោក​។​ លោក​ Erdogan បាន​សួរ​បែប​ចំអក​ថា​ បើ​ពួក​អង្គរក្ស​ទាំង​នោះ​មិន​ធ្វើ​សកម្ម​ភាព​ការពារ​រូប​លោក​ ហេតុ​អ្វី​លោក​ចាំ​បាច់​ត្រូវ​យក​ពួក​គេ​មក​ជាមួយ​លោក​ក្នុង​កំឡុង​ពេល​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិក​។

នេះ​មិន​មែន​ជា​លើក​ទីមួយ​ឡើយ​ ដែល​កង​អង្គរក្ស​លោក​ប្រធានាធិបតី​តួកគី​បាន​បង្ក​ហឹង្សា​បែប​នេះ​នៅ​បរទេស​។​ លើក​ទីមួយ​ គឺ​កាលពី​ឆ្នាំ​២០១១​ នា​ទីស្នាក់​ អ.ស.ប​ ខណៈ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ជាមួយ​កង​អង្គរក្ស​ប្រចាំ​នៅ​ទីស្នាក់ការ​នោះ។ បន្ទាប់​មក​​លើក​ទីពីរ ​គឺ​កាលពី​ខែ​មិនា​ ឆ្នាំ​២០១៦​។ អង្គរក្ស​ទាំង​នោះ​បាន​រុញ​ច្រាន​ និង​ជេរ​ប្រទេច​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ព្យាយាម​ដេញ​តាម​សួរ​លោក​ប្រធានាធិបតី​តួកគី។​ ហើយ​លើក​ទីបី​​ ក្នុង​ឆ្នាំ​២០១៦​ ដដែល​ នា​ឱកាស​ទស្សនកិច្ច​នៅ​ប្រទេស​អេក្វាទ័រ​ កង​អង្គរក្ស​ទាំង​នោះ​បាន​ចាប់​អូស​សកម្មជន​បី​រូប​ ដែល​បាន​ព្យាយាម​រំខាន​សន្និសីទ​កាសែត​មួយ​។​ អំពើ​ហឹង្សា​នេះ​បាន​បង្ក​ឲ្យ​តំណាង​រាស្រ្ត​អេក្វាទ័រ​ម្នាក់​រង​របួស​ស្នាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ