អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូរ៉េខាងជើង

និស្សិត​អាមេរិកាំង​ Otto Wambier បាន​ស្លាប់ហើយ

និស្សិត Otto Wambier ដែល​កូរ៉េខាងជើង​ទើប​ដោះលែង និង​បញ្ជូន​ទៅ​អាមេរិកវិញ នៅថ្ងៃ​អង្គារ​សប្តាហ៍​មុន បាន​ស្លាប់​ហើយ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ។ នេះ​បើតាម​ការបញ្ជាក់​ប្រាប់​របស់​ឪពុកម្តាយ​ Otto Wambier។ Otto Wambier​ត្រូវ​បាន​របប​ព្យុងយ៉ាង​ចាប់ខ្លួន និង​កាត់ទោស​ជាប់គុក ១៥​ឆ្នាំ ពី​បទ​ធ្វើ​វទ្ធង្សនា ដោយ​បាន​លួច​បដា​ឃោសនា​របស់​បក្សកុម្មុយនិស្ត​កូរ៉េខាងជើង។ លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នៅថ្ងៃ​ចន្ទ ម្សិលមិញ បាន​ឆ្លៀត​បរិហារ​ចាត់ទុក​របប​ព្យុងយ៉ាងថា សាហាវ​ឃោឃៅ។

និស្សិត​Otto Frederick Warmbier នៅ​ពេល​ត្រូវ​ព្យុងយ៉ាង​ចាប់ខ្លួន នៅ​ដើម​ឆ្នាំ ២០១៦ បាន​ស្លាប់​នៅក្រោយ​ចាប់បញ្ជូន​ចេញ​ពី​កូរ៉េខាងជើង នៅថ្ងៃទី ១៩​មិថុនា ២០១៧
និស្សិត​Otto Frederick Warmbier នៅ​ពេល​ត្រូវ​ព្យុងយ៉ាង​ចាប់ខ្លួន នៅ​ដើម​ឆ្នាំ ២០១៦ បាន​ស្លាប់​នៅក្រោយ​ចាប់បញ្ជូន​ចេញ​ពី​កូរ៉េខាងជើង នៅថ្ងៃទី ១៩​មិថុនា ២០១៧ ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​មួយ​សប្តាហ៍​ក្រោយ​ការដោះលែង និង​បញ្ជូន​ពី​ទឹកដី​កូរ៉េខាងជើង យុវនិស្សិត អាមេរិកាំង Otto Wambier អាយុ ២២​ឆ្នាំ បាន​ស្លាប់​បិទភ្នែក នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ នៅ​រដ្ឋអូហៃយ៉ូ។ នៅក្រោយ​ការប្រកាស​ប្រាប់​របស់​ឪពុកម្តាយ​របស់​និស្សិត Otto Wambier លោក​ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ បាន​ថ្លែង​ចាត់ទុក របប​កុម្មុយនិស្ត​ព្យុងយ៉ាងថា សាហាវ ឃោឃៅ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ លោកប្រធានាធិបតី អាមេរិក​បាន​ប្តេជ្ញា​ផងដែរ​ថា នឹង​រារាំង​មិន​ឲ្យ​ជីវិត​មនុស្ស​បរិសុទ្ធ ដូចជា យុវជន Otto Wambier​ជួបរង សោកនាដកម្ម បង្ក​ឡើង​ដោយ​របប​ព្យុងយ៉ាង ទៀត​នោះទេ។

 

យុវនិស្សិត Otto Wambier បាន​ធ្វើដំណើរ​ទៅ​ទេសចរណ៍​នៅ​កូរ៉េខាងជើង ប៉ុន្តែ ត្រូវ​បាន​របប​ព្យុងយ៉ាង ចាប់ខ្លួន នៅ​ខែ​មករា ឆ្នាំ ២០១៦ ពី​បទ​ហែក លួច បដា​ឃោសនា​របស់​បក្ស​កុម្មុយនិស្ត និង​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥ឆ្នាំ។ មួយឆ្នាំ​កន្លះ​ក្រោយ​ការឃុំខ្លួន កូរ៉េខាងជើង នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​មុន បាន​សម្រេច​ដោះលែង​និស្សិត Otto Wambier​វិញ នៅក្រោម​ហេតុផល​មនុស្សធម៌។ ប៉ុន្តែ ជាអកុសល Otto Wambier​លែង​អាច​មើល និង​និយាយ​បាន​ដូចមុន។ ព្យុងយ៉ាង​បាន​ពន្យល់ថា ការពុល និង​លេបថ្នាំ​ងងុយគេង​ធ្វើ​ឲ្យ​និស្សិត​អាមេរិកាំង​ដេកសន្លប់ លែងដឹងខ្លួន ក្នុងមួយឆ្នាំ​ចុងក្រោយនេះ។ គ្រូពេទ្យ​អាមេរិកាំង​វិញ មិនជឿ យល់ស្រប​តាម​ការពន្យល់​របស់​របប​កូរ៉េខាងជើង និង​ថា Otto Wambier​ទំនង​មាន​ជម្ងឺ រលាក​ប្រព័ន្ធ ប្រសាទ​ធ្ងន់ធ្ងរ ដែល​បណ្តាល​មក​ពី​បញ្ហាដង្ហើម ឬ​គាំង​បេះដូង។

 

នៅ​ថ្ងៃ​ម្សិលមិញ ឪពុកម្តាយ​របស់​ Otto Wambier ​បាន​ថ្កោលទោស​ជាថ្មី សកម្មភាព​យង់ឃ្នង និង​ព្រៃផ្សៃ ដែល​ Otto Wambier ​បាន​ទទួល​រង​នៅ​កូរ៉េខាងជើង។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន វិញ​បាន​វាយតម្លៃ​ថា របប​កូរ៉េខាងជើង​ទទួល​ខុសត្រូវ​លើ​ការជាប់ដាក់ឃុំ​និស្សិត Otto Wambier។ ប្រមុខការបរទេស​អាមេរិក​នៅ​បាន​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​ជនជាតិ​អាមេរិកាំង​បី​នាក់​ផ្សេងទៀត ដែល​កំពុង​ស្ថិតនៅក្នុង​ចម្រឹងដែក​នៅទីក្រុង​ព្យុងយ៉ាង។

 

គេនឹង​នៅ​ចាំមើលថា តើ​មរណភាព​របស់​និស្សិត​ Otto Wambier នឹង​អាច​ធ្វើ​ឲ្យ​នយោបាយ យុទ្ធសាស្រ្ត​របស់​អាមេរិក​ទៅលើ​កូរ៉េខាងជើង​ប្រែប្រួល​បាន​ប៉ុណ្ណា។ នៅ​ថ្ងៃ​ពុធ​ស្អែកនេះ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ហើយ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក នឹង​ទទួល​ជួប​សមភាគី​ចិន នៅទីក្រុង​វ៉ាស៊ីនតោន។ ប្រធាន​បទ​សំខាន់​គឺ​ដាក់​សម្ពាធ​លើ​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ប្រទេស​នេះ​លះបង់​ចោល​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ