អានតួអត្ថបទ
អូស្រា្តលី-ស៊ីរី

អូស្រា្តលី​ប្រកាស​ផ្អាក​ប្រតិបត្តិការ​ទ័ព​អាកាស​នៅ​ស៊ីរី

រដ្ឋាភិបាល​អូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ផ្អាក​ការចូល​រួម​របស់​អូស្រ្តាលី នៅក្នុង​ប្រតិបត្តិការ​ទ័ពអាកាស របស់​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក នៅ​ស៊ីរី។ អូស្រា្តលី​បាន​សម្រេចចិត្ត​យ៉ាងដូច្នេះ នៅ​បន្ទាប់ពី​មាន​ភាពតានតឹង​កាន់តែ​ខ្លាំង រវាង​រុស្ស៊ី និង​អាមេរិក។ អាមេរិក​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី កាលពី​ថ្ងៃ អាទិត្យ។

យន្តហោះ​ចម្បាំង​អាមេរិក​ប្រភេទF/A-18E ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​កងទ័ព​ស៊ីរី ​នៅ​ថ្ងៃអាទិត្យទី ១៨​មិថុនា រហូត​ធ្វើ​ឲ្យ​រុស្ស៊ី ខឹងឆេះដុំ
យន្តហោះ​ចម្បាំង​អាមេរិក​ប្រភេទF/A-18E ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​កងទ័ព​ស៊ីរី ​នៅ​ថ្ងៃអាទិត្យទី ១៨​មិថុនា រហូត​ធ្វើ​ឲ្យ​រុស្ស៊ី ខឹងឆេះដុំ ©U.S. Navy/Seaman Weston A. Mohr/Handout/File Photo via REUTERS.
ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី​សម្រេច​ផ្អាក​ការចូលរួម​របស់ខ្លួន នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​ផ្នែក​អាកាស​នៅក្នុង​ទឹកដី​ស៊ីរី។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អូស្រា្តលី ចេញផ្សាយ នៅ​ថ្ងៃ​អង្គារ​នេះ។

 
ការផ្អាកព្យួរ​ប្រតិបត្តិការ​ទ័ព​អាកាស​អូស្រ្តាលី នៅក្នុង​ទឹកដី​ស៊ីរី ធ្វើឡើង នៅក្នុង​ពេល​ដែល​អាមេរិក និង​រុស្ស៊ី កំពុង​ដំឡើង​សំឡេងដាក់​គ្នា ខ្លាំងៗ នៅក្រោយ​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី នៅ​ភាគខាងត្បូង​ទីក្រុង​រ៉ាកា កាលពី​ថ្ងៃ​អាទិត្យ។ តាម​កងទ័ព​អាមេរិក យន្តហោះ​ចម្បាំង​របស់​ស៊ីរី​បាន​ទម្លាក់​គ្រាប់បែក​លើ​ក្រុមទាហាន​ប្រឆាំង ស៊ីរី ដែល​គាំទ្រ​ដោយ​អាមេរិក និង​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅទីក្រុង​រ៉ាកា។

នៅ​ថ្ងៃចន្ទ ម៉ូស្គូ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី បាន​ព្រមាន​ថា រាល់​យន្តហោះ របស់​សម្ព័ន្ធ​អន្តរជាតិ ​ដឹកនាំ​ដោយ​អាមេរិក ដែល​ហោះ​នៅ​ភាគខាងលិច​ទន្លេ Euphrate ក្នុង​ដែន​ប្រតិបត្តិការ​របស់​រុស្ស៊ី នឹង​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​មីស៊ីល​ប្រមាញ់​រុស្ស៊ី។ ផ្ទាំង​ស៊ីប ប៉ុន្តែ រុស្ស៊ី មិន​បាន​និយាយ​ដល់​ថ្នាក់​ថា ខ្លួន​នឹង​បាញ់​ទម្លាក់ យន្តហោះ​របស់​កងទ័ព​សម្ព័ន្ធអន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​នោះទេ។

ទន្លេ​ Euphrate ដែល​ពុះចេញ​ខ័ណ្ឌ​ទឹកដី​ស៊ីរី ស្ថិតនៅ ជាប់​ក្បែរ​នឹង​ទីក្រុង​រ៉ាកា សំបុក​របស់​ពួកជីហាត អង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​ឡោមព័ទ្ធ​វាយប្រហារ​ដោយ​កងទ័ព​សម្ព័ន្ធ​អន្តរជាតិ នៅ​ក្នុង​ទឹកដី​ស៊ីរី។ នៅ​ថ្ងៃ​ចន្ទ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន បញ្ជាការដ្ឋាន​អាមេរិក ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ដើមបូព៌ា​បាន​អះអាង​ថា សម្ព័ន្ធ​អន្តរជាតិ គ្មាន​ទិសដៅ​ប្រយុទ្ធប្រឆាំង​នឹង​របប​ស៊ីរី ប្រឆាំង​នឹង​រុស្ស៊ី ឬ​ក្រុមដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​នោះទេ។ ប៉ុន្តែ កងទ័ព​សម្ព័ន្ធ​អន្តរជាតិ​ក៏​នឹង​មិនរារែក​នឹង​ធ្វើប្រតិបត្តិការ​ណាមួយ ដើម្បី ការពារ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​ខ្លួន ដែល​រងការគំរាមកំហែង​ពីខាងក្រៅដែរ។

វាយបក​តប​នឹង​ចំណាត់ការ​ឯកតោភាគី​របស់​អាមេរិក ក្រសួងការពារ​ជាតិ​រុស្ស៊ី នៅថ្ងៃ​ចន្ទ បាន​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង សន្តិសុខ​ដែន​អាកាស ដែល​នៅក្នុង​នោះ រុស្ស៊ី និង​អាមេរិក បាន​ព្រមព្រៀង ជូនដំណឹង​ឲ្យ​គ្នា​ទៅវិញ ទៅមក ដើម្បី​ជៀសវាង​កុំ​ឲ្យ​យន្តហោះ​របស់​ភាគី​ទាំងពីរ ប៉ះទង្គិច ជល់​គ្នា​ធ្ងន់ធ្ងរ នៅក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ទឹកដី​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ