អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

អាមេរិក​ទាមទារ​ឲ្យ​ចិន​ដាក់សម្ពាធ​បន្ថែមទៀត លើ​កូរ៉េខាងជើង

សហរដ្ឋអាមេរិក​បាន​ទាមទារ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ឲ្យ​ប្រទេស​ចិន បង្កើន​ការដាក់​សម្ពាធ​ទាំង​ផ្នែក សេដ្ឋកិច្ច និង​ការទូត​ទៅលើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​ប្រទេស​នេះ លះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីក។ អាមេរិក​បាន​ទាមទារ​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល​រដ្ឋមន្រ្តីការបរទេស និង​ការពារ​ជាតិ​អាមេរិក​បាន​ទទួល​ជួប មេទ័ព ហើយ​និង​ប្រមុខ​ការបរទេស​ចិន នៅទីក្រុង​វ៉ាស៊ីនតោន។ 

រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ធ្វើ​សន្និសីទ​កាសែត នៅក្រោយ​ជំនួប​ជាមួយ​សមភាគី​ចិន នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃទី ២១​មិថុនា ២០១៧
រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ធ្វើ​សន្និសីទ​កាសែត នៅក្រោយ​ជំនួប​ជាមួយ​សមភាគី​ចិន នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃទី ២១​មិថុនា ២០១៧ ©REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​ចិន និង​អាមេរិក រៀបចំ​ឡើង​បន្ត​ពី​ជំនួប រវាង​ប្រធានាធិបតី​ចិន និង​លោក​ដូណាល់ ត្រាំ នៅ​រដ្ឋហ្លរីដា កាលពី​ខែ​មេសា​កន្លងទៅ។ កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​ប្រធាន​បទ ដែល​ភាគី​ចិន និង​អាមេរិក បាន​លើក​យក​មក​ដាក់​លើ​តុ​ពិភាក្សា។

 

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត​ដ៏ខ្លី លោក​ប្រមុខការ​បរទេស​អាមេរិក រេច ធីល័រសុន បាននិយាយ​ថា ភាគី​អាមេរិក​បាន​បញ្ជាក់​សា​ជាថ្មី​ទៅ​ចិន​ថា ចិន​មាន​ចំណែក​ទទួល​ខុសត្រូវ​ដ៏សំខាន់ ក្នុង​ការដាក់​គំនាប​ទៅលើ​កូរ៉េខាងជើង ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក សង្ឃឹម​ដែរ​ថា ចិន​នឹង​ចាត់​វិធានការ​បិទខ្ទប់​សកម្មភាព​របស់​ពួកឧក្រិដ្ឋជន ​តួយ៉ាង​ដូចជា​ការលាង​លុយកខ្វក់ ការវាយប្រហារ​អ៊ីនធ័រនែត ឬ​ការចាប់ជំរិត​យកលុយ ដែល​កូរ៉េខាងជើង បាន​អនុវត្ត​រហូត​មក ដើម្បី​បាន​ប្រាក់​យក​ទៅ​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។

 

នៅក្នុង​ក្របខ័ណ្ឌ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់ ក្រុមប្រឹក្សា​សន្តិសុខ ចិន​បាន​ផ្អាក ការទិញ នាំចូល​ធ្យូង​ថ្ម​ពី​កូរ៉េខាងជើង ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​សុទ្ធ​តែ​យល់​ថា ចិន​នៅ​មិនទាន់​ត្រៀមខ្លួន ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មី បន្ថែម ដែល​នឹង​អាច​គំរាមកំហែង​ដល់​ស្ថិរភាព​របស់​ប្រទេស​ជិតខាង​ខ្លួន នោះទេ។

 

នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉េកាំង និង​វ៉ាស៊ីនតោន​បាន​ពិភាក្សា គ្នា​របៀប​តម្លង់​៧​សណ្តាន។ អាមេរិក​បាន​ទាមទារ​ឲ្យ​ចិន ដែល​ជាសម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង ដាក់​គំនាប​ហិរញ្ញវត្ថុ​ទៅលើ​កូរ៉េខាងជើង ប៉ុន្តែ ចិន​ឯណោះវិញ បាន​ទាមទារ​ឲ្យ​អាមេរិក​ដក​ចេញ​ទៅវិញ ប្រព័ន្ធ​ខែល​មីស៊ីល របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង ដែល​ចិន​ចាត់ទុក​ថា ជា​ការគំរាមកំហែង​ដល់​ប្រព័ន្ធ​ការពារ​សន្តិសុខ​ជាតិ​ចិន។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន។ នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទីក្រុង​ប៉េកាំង​អំពាវនាវ​សាជាថ្មី ចង់​ឲ្យ​មាន​ការចរចា​តាម​វិធីសាស្រ្ត ដែល​នៅក្នុង​នោះ​កូរ៉េខាងជើង​យល់ព្រម​ផ្អាក​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីក ចំណែក​អាមេរិក និង​កូរ៉េខាងត្បូង​ក៏​ត្រូវ​បញ្ឈប់​សមយុទ្ធ​រួមគ្នា រវាង​ប្រទេស​ទាំងពីរ។

 

វ៉ាស៊ីនតោន​ធ្វើ​មិនលឺ មិន​ឆ្លើយតប​នឹង​សំណើ​របស់​ប៉េកាំង។ ប្រជាជន​អាមេរិកាំង​ហាក់​លែង​មាន​ភាពអត់ធ្មត់ និង​ខឹង​ខ្លាំងណាស់ នៅក្រោយ​និស្សិត​អាមេរិកាំង អូតូ វ៉មបៀរ បាន​ស្លាប់ នៅ​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ត្រូវ​បាន​កូរ៉េខាងជើង ដោះលែង នៅ​ថ្ងៃ​ទី​១៣​មិថុនា។ ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ដូណាល់ ត្រាំ បាន​សម្រេច​ជា​និមិត្តរូប ពន្យារ​កម្រិត​ប្រកាស​អាសន្ន​ជាតិ ដើម្បី ប្រឈម​ទៅ​នឹង​កូរ៉េខាងជើង ដែល​ត្រូវ​បាន​បង្កើតឡើង លើក​ដំបូង​ដោយ​លោក​W Bush នៅ​ឆ្នាំ ២០០៨។ នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​សភា​លោក​ដូណាល់ ត្រាំ បាន​ពន្យល់​ថា ការគំរាមកំហែង​របស់​កូរ៉េខាងជើង ទៅលើ​សន្តិសុខ​ជាតិ សេដ្ឋកិច្ច​ និង​នយោបាយ​ការបរទេស​អាមេរិក មាន​លក្ខណៈ​ធំធេង និង​ខុស​ពី​ធម្មតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ