អានតួអត្ថបទ

ប្រធានាធិបតិ​ចិន​ ស៊ីជីនពីង នឹង​អញ្ជើញ​ទៅហុងកុង ជា​លើក​ទីមួយ នៅ​សប្តាហ៍ក្រោយ

លោក ស៊ីជីនពីង ប្រធានាធិបតី​ចិន​ នឹង​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ នៅ​ហុងកុង​ ជា​លើក​ដំបូង គិត​ចាប់​ពី​លោក​ឡើង​កាន់​តំណែងនៅ​ឆ្នាំ​២០១៣​មក។ ដំណើរ​ទស្សនកិច្ច​ ដែលប្រព្រឹត្ត​ទៅ ចំ​ឱកាស​ប្រារព្វ​ខួប ២០​ឆ្នាំនៃ​ការ​ប្រគល់​ទឹក​ដី​ហុង​កុង​មក​ឱ្យ​ចិន​កាន់​កាប់​វិញ ​​អាច​នឹង​បញ្ចេះ​ឱ្យមាន​​ភាព​តាន​តឹង​ខ្លាំង​ ព្រោះពលរដ្ឋ​ហុងកុង​ភាគ​ច្រើន​ យល់​ថា​ប៉េកាំង​ កំពុង​លូក​ដៃ​កាន់​ជ្រៅ​មក​ក្រសោប​ដែន​កោះ និង​ លេប​ត្របាក់​សេរីភាព​ហុងកុង​កាន់​តែ​ខ្លាំងឡើងៗ។

ប្រធានាធិបតី​ចិន​ ស៊ីជីនពីង និង​ភរិយា នឹង​ទៅ​ហុងកុង​នៅ​សប្តាហ៍​ក្រោយ
ប្រធានាធិបតី​ចិន​ ស៊ីជីនពីង និង​ភរិយា នឹង​ទៅ​ហុងកុង​នៅ​សប្តាហ៍​ក្រោយ Chinese President Xi Jinping (R) and his wife Peng Liyuan attend
ផ្សាយពាណិជ្ជកម្ម

គ្រប់គ្នា​រង់​ចាំ​ដំណើរ​ទស្សនកិច្ចលើក​ដំបូង​​របស់​លោកប្រធានាធិបតី​ស៊ីជិនពីង នៅ​ហុងកុងនា​ឱកាស​ថ្ងៃ​ខួប​២០​ឆ្នាំ​នៃ​ការ​បញ្ចប់​អាណានិគមកិច្ច​អង់គ្លេស​លើ​ហុងកុងណាស់ ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ណាម្នាក់​ហ៊ាន​អះអាង​ ដោយ​ច្បាស់​លាស់​ទេ​នៅ​ដំណាក់កាល​នេះ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដែរ !

ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ South China Morning Post ប្រធានាធិបតី​ចិន ស៊ីជីនពីង ពិត​ជា​នឹង​អញ្ជើញ​ទៅហុងកុង​ជា​លើក​ទី​មួយមែន ដោយ​នឹង​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​មូលដ្ឋាន​យោធា​​នៃកងទ័ព​ប្រជាមានិត​ចិន នៅ​ភាគកណ្តាល​នៃ​កោះផង និង​ការដ្ឋានសាងសង់ដែល​ជា​ផែនការ​ដ៏​សំខាន់ៗផង​។ លោក ស៊ី​ ជីនពីង និ​ងភរិយា នឹង​ទៅ​ដល់​ហុងកុង នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ២៩​មិថុនា រហូត​ដល់​ថ្ងៃទី ១ កក្កដា ដែល​ត្រូវ​ចំ​ថ្ងៃ​ខួប​២០​ឆ្នាំ​គត់​​នៃ​ការ​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន​វិញ។ នេះ​បើ​តាម​លម្អិត​របស់​សារព័ត៌មាន​​ដដែល។

ដំណើរ​ទស្សនកិច្ច​នេះ​ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​​ដែល​បណ្តា​ជន​ហុងកុង​ជា​ច្រើន​ ​មាន​អារម្មណ៍​ថា​ប៉េកាំង​កំពុង​ពង្រឹង​ឥទ្ធិពល​គ្រប​ដណ្តប់​លើ​ដែនកោះ។ ក្តី​ព្រួយ​បារម្ភ​រីកធំធាត់​ខ្លាំង រហូត​ដល់​ក្រុមអ្នក​ជ្រុល​និយម​ខ្លះ​ចង់​ប៉ះបោរ​ទាមទារ​ឯករាជ្យ​ឱ្យ​ហុងកុង​តែ​ម្តង។ ចលនា​បាតុកម្ម​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​លោក​ ស៊ីជីនពីង បាន​ត្រៀម​ចុះ​ថ្នល់​ជា​ស្រេចហើយ​ !

សូម​បញ្ជាក់​ថា ​ឡុង​ដ៍​បាន​ប្រគល់ហុងកុង​ឱ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ​​ជាមួយ​កិច្ចសន្យា​ធានា​សេរីភាព​ហុងកុង តាម​គោលការណ៍ រដ្ឋមួយ​ប្រព័ន្ធ​ពីរ។ ហុងកុង​ត្រូវ​ស្ថិត​ក្នុង​លក្ខន្តិកៈ​ពិសេសនេះ ​រយៈ​ពេល​៥០​ឆ្នាំ ពោល​គឺ​ហុងកុង ជា​តំបន់​មាន​សេរីភាពខ្លាំង​ជាង​គេ​បង្អស់​នៅ​ចិន​រហូត​ដល់​ឆ្នាំ​២០៤៧។ ប៉ុន្តែ​បើ​យោល​ទៅ​លើ​​ឥទ្ធិពល​ និង​ទង្វើ​លូក​ដៃ​របស់​ប៉េកាំង មក​លើ​ហុងកុង តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​នយោបាយ រារាំង​អ្នក​ជាតិ​និយម​ជ្រុល​មិន​ឱ្យចូល​​អង្គុយ​លើ​អសនៈ​សភានៅ​ហុងកុង គោលការណ៍​នេះ ហាក់​កំពុង​ផ្អៀង ទៅ​ខាង “រដ្ឋតែ​មួយ” ជាង​ខាង “ប្រព័ន្ធពីរ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ