អានតួអត្ថបទ
ចិន​

ហេតុការណ៍​​បាក់ដី​​នៅ​ចិន​​ ស្លាប់​​យ៉ាងហោច​​៦នាក់​ បាត់ខ្លួន​​ជាង​​១០០នាក់​​​

ហេតុការណ័៍​បាក់ដី​​នៅចិន ដែល​កើតឡើង​នៅ​ព្រឹកថ្ងៃ​២៤មិថុនា​នេះ ធ្វើអោយមាន​​​មនុស្ស​បាត់ខ្លួន​ជាង​១០០នាក់ ក្នុង​​ភូមិ​មួយ នៅ​​​ខែត្រ​​​Sichuan ភាគ​និរតី។​ ក្រុម​សង្គ្រោះ​​បាន​រកឃើញ​សាកសព​មនុស្ស​៦នាក់។ ប្រធានាធិបតី​ស៊ី ជីនពីង​ បាន​អំពាវនាវ​អោយនាំគ្នា​​ប្រឹងប្រែង​រក​ជនរងគ្រោះ​ ដើម្បី​ចៀសវាង​មាន​មនុស្ស​ស្លាប់ច្រើន។

ក្រុមសង្គ្រោះខិតខំស្វែងរកជនរងគ្រោះ ក្នុងហេតុការណ៍បាក់ដី នៅភូមិ ស៊ីនម៉ូ ព្រឹកថ្ងៃសៅរ៍ ២៤មិថុនា
ក្រុមសង្គ្រោះខិតខំស្វែងរកជនរងគ្រោះ ក្នុងហេតុការណ៍បាក់ដី នៅភូមិ ស៊ីនម៉ូ ព្រឹកថ្ងៃសៅរ៍ ២៤មិថុនា Reuters
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ ទាហាន​ ​​​ក្រុមឡានទឹក និង​គ្រូពេទ្យចិន​ គ្នា​រាប់រយនាក់​ មាន​ទាំងឆ្កែ​ច្រើនក្បាល​ផងដែរ នាំគ្នា​ដុតដៃ​ដុតជើង ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ជនរងគ្រោះ នៃ​ហេតុការន៍​បាក់ដី ក្នុង​ភូមិ​មួយ នៅខែត្រ​ស៊ីឈ័ន ភាគ​និរតី​ប្រទេស​ចិន។ ម៉ោង​៦​ព្រឹក​ថ្ងៃសៅរ៍នេះ ​ថ្ម​ភ្នំ​​មួយផ្ទាំង​បាន​បាក់ធ្លាក់​​ ធ្វើអោយ​​ផ្ទះ​រាប់សិបខ្នង​​ ក្នុង​ភូមិ​ស៊ីនម៉ូ Xin Mo ស្រុត​កប់​ទៅក្នុង​ដី។ កំទេច​ថ្ម​បានធ្លាក់​ធ្វើអោយ​​រាំងស្ទះ​​​ផ្លូវថ្នល់​ដល់​ទៅ​ជិត​២គីឡូម៉ែត្រ។

ការស្វែងរក​ជនរងគ្រោះ មាន​ការលំបាក ដោយសារ​​ភ្លៀង​អាច​នៅតែ​បន្ត​ធ្លាក់​ ហើយ​ជនរងគ្រោះ​ប្រហែល​ជា​អាច​កប់​ក្រោម​គំនរ​ថ្ម​រាប់តោន។ នេះ​បើ​យោងតាម​ប៉ូលិស​​ នៅ​តំបន់​​រងគ្រោះ។ ប៉ូលិស​ម្នាក់​ប្រាប់ថា ការ​បាក់ដី​នេះ​អាច​បណ្តាលម​កពីភ្លៀង​ធ្លាក់ច្រើន ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ នេះ​ជាការ​បាក់ដី​ដ៏ធ្ងន់ធ្ងរក្នុង​តំបន់​ ​គិតតាំង​ពី​មាន​ការរញ្ជួយ​ដី នៅ​ភូមិ​វេនឈ័ន ៩ឆ្នាំ​មុននេះ។ ភូមិវេនឈ័ន នៅ​មិនឆ្ងាយ​ពី​ភូមិស៊ីនម៉ូ ​​ដែល​រងហេតុការណ៍​នេះទេ។ ​ ​

ខែត្រ​ស៊ីឈ័ន ​ភាគ​និរតី ដែល​ជា​ទីតាំង​របស់​ភូមិ​​ស៊ីនម៉ូ​​ ​​​ស្ថិត​នៅតាមគែម​តំបន់​ខ្ពង់រាបទីបេ។ ​ខែត្រ​នេះមានប្រជាជន​៨០លាននាក់។ ខែត្រ​ស៊ីឈ័ន​​​ធ្លាប់​រងគ្រោះ​រួចហើយ ដោយ​គ្រោះរញ្ជួយដី​ ឆ្នាំ​២០០៨។ កាលនោះ មាន​មនុស្ស​៨ម៉ឺន៧ពាន់​នាក់​ បានស្លាប់​ក្នុង​ភូមិវេនឈ័ន ដែល​ស្ថិត​ក្បែរ​ភូមិ​រងគ្រោះ​បាក់ដី ស៊ីនម៉ូ ថ្ងៃសៅរ៍នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ