ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
អាស៊ី

ចិន ៖ សកម្មជន​ប្រឆាំង ជាជ័យលាភី​ណូបែល​សន្តិភាព​បាន​​​សេរីភាពព្រោះមាន​ជំងឺ​ជា​ទម្ងន់

media  
រូបថត​លោក លីវ ស៊ាវប៉ូ ក្នុង​ថ្ងៃ​ប្រគល់​ជ័យលាភី​ណូបែល​សន្តិភាព ឆ្នាំ​២០១០ DANIEL SANNUM LAUTEN / AFP

លោក លីវ ស៊ាវប៉ូ Liu Xiaobo សកម្មជន​ប្រឆាំង​នឹង​រដ្ឋ​អំណាចចិន និង​ជា​ជ័យលាភីរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១០ ត្រូវ​បាន​អាជ្ញាធរ​ប៉េកាំង​ដោះលែង​ឱ្យ​មាន​សេរីភាព ​កាលពី​ចុង​ខែ​ឧសភា ដោយ​មូលហេតុ​សុខភាព។ តែ​ព័ត៌មាននេះ ទើប​ទម្លាយ​បញ្ជាក់ នៅ​ថ្ងៃ​ទី ២៦​មិថុនា ដោយ​​អង្គការ​ការពារសិទ្ធិមនុស្ស ។ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ មាន​ផ្ទុកជំងឺ​មហារីក​ថ្លើម​ ដំណាក់កាល​ចុងក្រោយ។

​​លទ្ធផល​នៃ​ការ​វិភាគ​​សុខភាព បាន​ធ្លាក់​មក​​ នៅ​ថ្ងៃទី ២៣ ឧសភា និង​បង្ហាញថា លោក លីវ ស៊ាវប៉ូ មាន​ជំងឺ​មហារីក​ថ្លើម​ជា​ទម្ងន់ ដំណាក់កាល​ចុង​ក្រោយ​មក។ ខាង​មណ្ឌលឃុំឃាំង​ក៏​បាន​សម្រេច​ដោះលែងសកម្មជន​បះបោរ​ម្នាក់​នេះឱ្យ​​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ក្នុង​ភាគ​ឦសាន​ប្រទេស។ នេះ​បើ​តាម​ការ​លម្អិត​បន្ថែម​របស់​មេធាវី។

គ្រាន់​តែ​បាន​ឮ​ដំណឹង​នេះ​ភ្លាម តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​ការពារ​សិទ្ធិមនុស្ស បាន​ទាមទារ​ឱ្យ​ប៉េកាំង ​ដោះលែង លោក លី ស៊ាវប៉ូ ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឱ្យ​គាត់​អាច​ចាក​ចេញ​ទៅ​បរទេស​ និង​ទទួល​បាន​​​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ ប៉ុន្តែ​វា​ទំនង​ជា​យឺត​ពេល​បន្តិច​ហើយ ! បើ​តាម​អ្នក​ស្រី​ជា​ភរិយា ស្ថានភាព​សុខភាព​លោក លីវ ស៊ាវប៉ូ ធ្លាក់​ដុនដាប​ខ្លាំង មិន​អាច​ទទួល​ការ​វះកាត់​ និង​​ការ​ព្យាបាល​ដោយ​គីមី-វិទ្យុ​សកម្ម បាន​ទេ។

មាន​អាយុ​៦១​ឆ្នាំ លោក លីវ ស៊ាវប៉ូ ត្រូវ​បាន​តុលាការ​ចិន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ១១​ឆ្នាំ​ ពី​បទ​វិទ្ធង្សនា តាំង​ពី​ឆ្នាំ​២០០៩​មក បន្ទាប់ពី​បាន​ចូល​រួមតាក់តែង​ធម្មនុញ្ញ​លេខ ០៨ ដែល​​​ជំរុញ​ឱ្យ​​មាន​ការ​​គោរព​សិទ្ធិមនុស្ស និង​ធ្វើ​​កំណែទម្រង់នយោបាយ​តាម​​លទ្ធិប្រជាធិបតេយ្យ​ដោយ​រៀប​ចំ​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​ចិន រំលាយ​​​ប្រព័ន្ធ​នយោបាយ​បក្ស​តែ​មួយ​ចោល។

នៅ​ឆ្នាំ​១៩៨៩ ក្នុងពេល​មាន​ផ្ទុះ​ចលនា​និស្សិត​នៅ​ទីលាន ធានអាន់មែន លោក លីវ ស៊ាវប៉ូ ក៏​បាន​ចូល​ធ្វើ​អន្តរាគមន៍ ដោយ​ហ៊ាន​ចេញ​មុខ​ទៅ​ចរចា​ជម្លៀស​យុវនិស្សិត​រាប់​ពាន់​នាក់ ក្នុង​ពេល​ដែល​ទាហានហៀប​នឹង​​ចូល​បង្ក្រាប​។ ការ​បង្ក្រាប​បង្ហូរ​ឈាម​ដែល​បណ្តាល​ឱ្យ​និស្សិត​ជា​ច្រើន​រយ​នាក់​បាត់​បង់​ជីវិត។ ឯ​រូប​លោក​ផ្ទាល់ ក៏​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ និង​ទណ្ឌកម្ម​ធ្វើ​ការ​ជា​ទម្ងន់​រយៈ​ពេល​បី​ឆ្នាំ​ពី​ឆ្នាំ​ ១៩៩៦-១៩៩៩។

ក្រោយ​ការដោះលែង​ឲ្យ​មាន​សេរីភាព បាត់​បង់​មុខងារ​ជាសាស្ត្រាចារ្យ ប៉ុន្តែ​លោក លីវ ស៊ាវប៉ូ នៅ​តែ​បន្ត​ដឹកនាំ​​​ចលនា​តវ៉ា​នានា​ដើម្បី​ ប្រយោជន៍​របស់​ប្រជាកសិករ​ចិន និង​និស្សិត​ដែល​ត្រូវ​គេ​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​​បញ្ចេញ​មតិ ព្រមទាំង​​បន្ត​​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​បញ្ញាវន្ត​ចិន​ដទៃ​ទៀត និង​​បន្ត​សរសេរ​សៀវភៅ​។ សៀវភៅ​​ភាគច្រើនរបស់​លោក​ត្រូវ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​បោះពុម្ពផ្សាយ​ ក្នុង​ប្រទេស​ចិនទេ។

សកម្មភាព​ប្រឆាំង​ជា​បន្តបន្ទាប់នេះ បាន​ធ្វើ​លោក​ លីវ ស៊ាវប៉ូត្រូវ​គេ​បញ្ចូនឲ្យ​ទៅ​រៀនសូត្រ និង​រស់នៅ​ក្នុង​ការតាមឃ្លាំមើល​ពី​សំណាក់អាជ្ញាធរ​ចិន​ជានិច្ច។
នៅ​ឆ្នាំ​២០១០​ គណៈកម្មការណូបែល​របស់​ន័រវែស បាន​សម្រេច​ប្រគល់​ លោក លីវ ស៊ាវប៉ូ បាន​ទទួល​ជ័យលាភី​ណូបែល​សន្តិភាព។ អាជ្ញាធរ​ចិនក្រេវក្រោធ ​ក៏​បាន​ឃុំឃាំង​ភរិយា​លោក នៅ​ក្នុង​គេហដ្ឋាន តាំង​ពី​នោះមកទល់​នឹង​ថ្ងៃ​នេះ បើ​ទោះ​បី​អ្នក​ស្រី​គ្មាន​ជាប់​ចោទ​អ្វី​ជា​ផ្លូវ​ការ​សោះ​ក៏​ដោយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ