អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​​ព្រម​​ដោះលែង​​សកម្មជន​​ប្រឆាំង​​​លីវ ស៊ាវប៉ូ​ ជា​ជ័យលាភី​​ណូបែលសន្តិភាព​​ ដើម្បី​​កុំអោយ​​អាម៉ាស់​​មុខ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ លីវ ស៊ាវប៉ូ Lui Xiaobo ជា​សកម្មជន​ប្រឆាំង​ដ៏ល្បី និង​​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០១០ ត្រូវបានចិន​ដោះលែង​ អោយ​ទទួលការ​ព្យាបាល​ជំងឺ នៅចុង​ខែ​ឧសភា​កន្លងទៅ ដោយសារ​ស្ថានភាព​ជំងឺ​មហារីក​ថ្លើម​របស់​លោក​ដុនដាប​ដល់​ដំណាក់កាល​ចុងក្រោយ។ ទាល់តែ​ដល់ដំណាក់កាល​ចុងក្រោយ​ ទើបចិន​ដោះលែង​លោក អញ្ចឹង​​តើសកម្មជន​ប្រឆាំង​ចិន​ផ្សេងទៀត​ ​ដែល​កំពុង​ជាប់ពន្ធនាគារ និង​ដែល​គ្មានឈ្មោះ​ល្បី​ដូច​លោ​កលីវ នោះ តើ​ពួកគេ​មានបញ្ហា​​សុខភាព មាន​សុខទុក្ខ​​យ៉ាងណា​ទៅវិញ​ទៅ​?

រូបភាព​លោក Liu Xiaobo ដាក់​នៅ​មជ្ឈមណ្ឌល​ណូបែល​សន្តិភាព​ ក្រុងអូស្លូ ឆ្នាំ​២០១០។
រូបភាព​លោក Liu Xiaobo ដាក់​នៅ​មជ្ឈមណ្ឌល​ណូបែល​សន្តិភាព​ ក្រុងអូស្លូ ឆ្នាំ​២០១០។ DANIEL SANNUM LAUTEN / AFP
ផ្សាយពាណិជ្ជកម្ម

លោក​លីវ ស៊ាវប៉ូ អាយុ​៦១ឆ្នាំ ជា​សកម្មជន​ប្រឆាំង​ក្នុងស្រុកចិន​ដ៏ល្បី និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០១០។ លោកលីវ ត្រូវបាន​ចិន​ប្រកាស​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​១១ឆ្នាំ កាលពី​ឆ្នាំ​២០០៩ ពីបទ​​​ប្រឆាំង​នយោបាយ​។ លោក​ត្រូវបាន​គេស្គាល់​ថា បានចូលរួម​តាក់តែង​ធម្មនុញ្ញ​លេខ០៨ ដែល​ជំរុញ​អោយ​មានការ​គោរព​សិទ្ធិមនុស្ស និង​​កំណែ​ទម្រង់​នយោបាយ​តាម​លទ្ធិប្រជាធិបតេយ្យ ដោយ​រៀបចំអោយ​មាន​​ការបោះឆ្នោត​​នៅចិនរំលាយ​ប្រព័ន្ធ​នយោបាយ​បក្ស​តែមួយចោល។

ទទួល​ទោស​អោយ​ចូល​ដេកគុក ១១ឆ្នាំ​ គ្មានអ្វីថ្មី​សម្រាប់​​លោក​លីវ ស៊ាវប៉ូទេ ព្រោះ​មុន​ទទួលទោស​នេះ លោក​ធ្លាប់​ទទួល​ទោស​ជាប់ពន្ធនាគារ​៣ឆ្នាំដែរ ក្នុងទស្សវត្ស​ឆ្នាំ​១៩៩០ ដោយសារ​លោក​បាន​ចូលរួម​អន្តរាគមន៍​ចរចា​ជម្លៀស​និស្សិត​ ពេលមា​នចលនា​និស្សិត​នៅ​ទីលាន​ធាន អាន់មែន។​ ប៉ុន្តែ ​គេពិបាកនឹង​ដឹងសុខទុក្ខ​លោក ពេល​លោក​ជាប់​ពន្ធនាគារ​ច្រើនឆ្នាំ​មកនេះ​ណាស់ ទាល់តែ​ចុងខែ​ឧសភា​កន្លងទៅ​នេះ ពេល​ចិន​ដោះលែង​លោក​ ទើប​គេដឹងថា លោក​លីវ ​មា​នសុខភាព​ដុនដាប ព្រោះ​ជំងឺ​មហារីក​ថ្លើម​របស់​លោក​​បានធ្លាក់​ដល់​ដំណាក់​កាលចុងក្រោយ​ទៅហើយ ហើយ​ប្រហែល​ជាយឺត​បន្តិច​ហើយ ក្នុង​ការព្យាបាល បើទោះ​ជា​ ចិនប្រាប់ថា ​​បាន​អោ​យពេទ្យ​ឯកទេស​មហារីក​ដល់ទៅ​៨រូប ព្យាបាល​រូបលោក​ក៏ដោយចុះ។

ក្រុមសិទ្ធិមនុស្ស​ចោទ​ជា​សំណួរថា តើ​អ្នកទោស​ផ្សេងទៀតដែល​ជាប់ពន្ធនាគារ​ពីបទ​ប្រឆាំង​រដ្ឋអំណាច​ចិន ដែលគ្មាន​ឈ្មោះល្បី​ដូច ជាលោក​លីវ ស៊ាវប៉ូ​នេះ តើពួកគេ​ជួប​ទុក្ខលំបាកដូចម្តេច​ខ្លះទៅ?​ តើពេល​ពួកគេ​ឈឺ ពួកគេ​បានទទួល​ការព្យាបាល​ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ​ដែរទេ​? ចិន​បានដោះលែង​លោក លីវ ស៊ាវប៉ូ ប្រហែល​មិនចង់​អោយ​លោក​លីវ ស្លាប់​ក្នុងគុក​ ​​មិនចង់​អាម៉ាស់មុខ​ មិនចង់​រង​​ការ​រិះគន់​ពី​លក្ខខណ្ឌ​លំបាក​របស់​សកម្មជន​ប្រឆាំង​ដែល​ជាប់គុក​​ទេដឺង​?​

មេធាវី​ចិន​ម្នាក់​លើកឡើង​ថា ការដោះលែង​ជ័យលាភី​ណូបែល លីវ ស៊ាវប៉ូ​នេះ បង្ហាញ​ច្បាស់​ពីលក្ខខណ្ឌ​លំបាករបស់​សកម្មជន​ប្រឆាំង​​ដែល​ជាអ្នកទោស​​ក្នុងពន្ធនាគារ​​ បង្ហាញ​ពី​ការ​មិនគោរព​សិទ្ធិមនុស្ស​ក្នុងគុក។ ​​​លោក​លីវ ស៊ាវប៉ូ ​​ទទួលបានដល់ទៅ​​ពាន​ណូបែល​ពី​សហគមន៍​អន្តរជាតិ ធ្លាក់​ក្នុងស្ថានភាព​បែបនេះទៅហើយ ចុះទំរាំអ្នកទោស​ធម្មតា​ទៀតនោះ យ៉ាងម៉េច​ទៅវិញ​? ​អាមេរិក​សុំអោយ​ចិន​អោយ​លោក​លីវ អាចជ្រើសរើស​គ្រូពេទ្យ​​តាម​បំណង​របស់​លោក តែ​ត្រូវ​ចិន​បក​ទៅវិញ​ថា អាមេរិក​ចង់លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន។

រឿងអ្នកទោស​ជា​សកម្មជន​ប្រឆាំង​នយោបាយ​នេះ ជា​ប្រធានបទ​សិទ្ធិមនុស្ស​ក្តៅគគុក​ក្នុងស្រុក​ចិន។ គេចាំ​ថា ពេលគេ​​ប្រកាស​អោយលោក​លីវ ស៊ាវប៉ូ ​​​ទទួលពាន​ណូបែល​សន្តិភាព កាលពី​ឆ្នាំ​២០១០ រដ្ឋអំណាច​ចិន មិនបាន​​អនុញ្ញាត​អោយ​លោក​ទៅទទួលពាន​​ នៅ​ក្រុងអូស្លូ​ទេ។ ហើយថែមទាំង​ឃុំភរិយា​លោក​ក្នុងផ្ទះ​តាំងពី​ពេលនោះ​មកផង។

រដ្ឋាភិបាល​ចិន​រងការរិះគន់​យូរមកហើយថា បានធ្វើបាប​សកម្មជន​ប្រឆាំង​ក្នុងស្រុក។ ការឡើង​កាន់អំណាច​របស់​លោកស៊ី ជីនពីង មិនបាន​ជួយ​កាត់បន្ថយ​ការរិះគន់​ទាំងនេះទេ។ រដ្ឋអំណាច​របស់​លោក​ស៊ី ជីនពីង កាន់តែ​តឹងតែង​ថែមទៀត ក្នុង​ការ​ដាក់ទោស​ក្រុមប្រឆាំង។ ​ ខែកក្កដា​ឆ្នាំ២០១៥ ​ប៉ូលិស​ចិន​បាន​ចាប់ខ្លួន​មេធាវី​និង​ក្រុមសិទ្ធិមនុស្ស​ជាង​២០០នាក់ តែ​ភាគច្រើន​ត្រូវបាន​ដោះលែង​មកវិញ។ ឆ្នាំ​មុននេះ ​អ្នកដែលមិនទាន់​រួចខ្លួន​៦នាក់ ត្រូវបាន​តុលាការ​ដាក់ទោស អ្នកខ្លះ​ត្រូវ​​​ជាប់គុក​រហូត​៧ឆ្នាំ។ ការកាត់ទោស​នៅចិន មានការ​តឹងតែង​ដាច់ម៉ាត់​ណាស់។ ការស៊ើបអង្កេត​វិញ ពិបាក​នឹង​បង្ហាញ​ការពិត​ចំពោះ​ជនជាប់ចោទ​ណាស់ ព្រោះ​ជនជាប់ចោទ​មួយចំនួន​អាច​នឹង​សារភាព​ទោស​ ដោយ​សារ​ពិបាក​ទ្រាំ​នឹង​ទណ្ឌកម្ម។

យោងតាម​បុគ្គលិក​អង្គការ​ Human Rights Watch ករណី​​អ្នកទោស​ប្រឆាំង​ដែល​ធ្លាក់ខ្លួន​ឈឺ​ក្នុងគុក ហើយ​ដែល​អាច​រហូត​ស្លាប់​ក្នុង​គុក​នោះ ក៏​មា​នកើតឡើង​ដែរ។ ដូចជា​ករណី​លោកសង្ឃ​ទីបេ​មួយអង្គ​ឈ្មោះថា រីនប៉ុស្ហ ស្លាប់​ក្នុង​គុក​កាលពី​ឆ្នាំ២០១៥ ពេល​លោកជាប់​គុក​បាន​១៣ឆ្នាំ រឺ​ក៏​ករណី​អ្នកទោស​​កាវ ស្ហ៊ុនលី ​ស្លាប់​កាលពី​ឆ្នាំ​២០១៤ ដោយសារ​ជំងឺ​​របេង។ សម្រាប់​អង្គការ​ Human Rights Watch ប្រធានាធិបតី​ចិន​ទទួលខុសត្រូវ​មួយចំណែក ចំពោះ​ការដែល​អ្នកទោស​ជា​សកម្មជន​ប្រឆាំង​នយោបាយ ត្រូវ​​ធ្លាក់ខ្លួន​ឈឺ​ដុនដាប ឈឺ​រហូត​​ដល់ស្លាប់​ក្នុងគុកដូច្នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ