ចិនព្រមដោះលែងសកម្មជនប្រឆាំងលីវ ស៊ាវប៉ូ ជាជ័យលាភីណូបែលសន្តិភាព ដើម្បីកុំអោយអាម៉ាស់មុខ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៤
លោក លីវ ស៊ាវប៉ូ Lui Xiaobo ជាសកម្មជនប្រឆាំងដ៏ល្បី និងជាជ័យលាភីណូបែលសន្តិភាពឆ្នាំ២០១០ ត្រូវបានចិនដោះលែង អោយទទួលការព្យាបាលជំងឺ នៅចុងខែឧសភាកន្លងទៅ ដោយសារស្ថានភាពជំងឺមហារីកថ្លើមរបស់លោកដុនដាបដល់ដំណាក់កាលចុងក្រោយ។ ទាល់តែដល់ដំណាក់កាលចុងក្រោយ ទើបចិនដោះលែងលោក អញ្ចឹងតើសកម្មជនប្រឆាំងចិនផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារ និងដែលគ្មានឈ្មោះល្បីដូចលោកលីវ នោះ តើពួកគេមានបញ្ហាសុខភាព មានសុខទុក្ខយ៉ាងណាទៅវិញទៅ?
លោកលីវ ស៊ាវប៉ូ អាយុ៦១ឆ្នាំ ជាសកម្មជនប្រឆាំងក្នុងស្រុកចិនដ៏ល្បី និងជាជ័យលាភីណូបែលសន្តិភាពឆ្នាំ២០១០។ លោកលីវ ត្រូវបានចិនប្រកាសកាត់ទោសអោយជាប់ពន្ធនាគារ១១ឆ្នាំ កាលពីឆ្នាំ២០០៩ ពីបទប្រឆាំងនយោបាយ។ លោកត្រូវបានគេស្គាល់ថា បានចូលរួមតាក់តែងធម្មនុញ្ញលេខ០៨ ដែលជំរុញអោយមានការគោរពសិទ្ធិមនុស្ស និងកំណែទម្រង់នយោបាយតាមលទ្ធិប្រជាធិបតេយ្យ ដោយរៀបចំអោយមានការបោះឆ្នោតនៅចិនរំលាយប្រព័ន្ធនយោបាយបក្សតែមួយចោល។
ទទួលទោសអោយចូលដេកគុក ១១ឆ្នាំ គ្មានអ្វីថ្មីសម្រាប់លោកលីវ ស៊ាវប៉ូទេ ព្រោះមុនទទួលទោសនេះ លោកធ្លាប់ទទួលទោសជាប់ពន្ធនាគារ៣ឆ្នាំដែរ ក្នុងទស្សវត្សឆ្នាំ១៩៩០ ដោយសារលោកបានចូលរួមអន្តរាគមន៍ចរចាជម្លៀសនិស្សិត ពេលមានចលនានិស្សិតនៅទីលានធាន អាន់មែន។ ប៉ុន្តែ គេពិបាកនឹងដឹងសុខទុក្ខលោក ពេលលោកជាប់ពន្ធនាគារច្រើនឆ្នាំមកនេះណាស់ ទាល់តែចុងខែឧសភាកន្លងទៅនេះ ពេលចិនដោះលែងលោក ទើបគេដឹងថា លោកលីវ មានសុខភាពដុនដាប ព្រោះជំងឺមហារីកថ្លើមរបស់លោកបានធ្លាក់ដល់ដំណាក់កាលចុងក្រោយទៅហើយ ហើយប្រហែលជាយឺតបន្តិចហើយ ក្នុងការព្យាបាល បើទោះជា ចិនប្រាប់ថា បានអោយពេទ្យឯកទេសមហារីកដល់ទៅ៨រូប ព្យាបាលរូបលោកក៏ដោយចុះ។
ក្រុមសិទ្ធិមនុស្សចោទជាសំណួរថា តើអ្នកទោសផ្សេងទៀតដែលជាប់ពន្ធនាគារពីបទប្រឆាំងរដ្ឋអំណាចចិន ដែលគ្មានឈ្មោះល្បីដូច ជាលោកលីវ ស៊ាវប៉ូនេះ តើពួកគេជួបទុក្ខលំបាកដូចម្តេចខ្លះទៅ? តើពេលពួកគេឈឺ ពួកគេបានទទួលការព្យាបាលត្រឹមត្រូវ គ្រប់ជ្រុងជ្រោយដែរទេ? ចិនបានដោះលែងលោក លីវ ស៊ាវប៉ូ ប្រហែលមិនចង់អោយលោកលីវ ស្លាប់ក្នុងគុក មិនចង់អាម៉ាស់មុខ មិនចង់រងការរិះគន់ពីលក្ខខណ្ឌលំបាករបស់សកម្មជនប្រឆាំងដែលជាប់គុកទេដឺង?
មេធាវីចិនម្នាក់លើកឡើងថា ការដោះលែងជ័យលាភីណូបែល លីវ ស៊ាវប៉ូនេះ បង្ហាញច្បាស់ពីលក្ខខណ្ឌលំបាករបស់សកម្មជនប្រឆាំងដែលជាអ្នកទោសក្នុងពន្ធនាគារ បង្ហាញពីការមិនគោរពសិទ្ធិមនុស្សក្នុងគុក។ លោកលីវ ស៊ាវប៉ូ ទទួលបានដល់ទៅពានណូបែលពីសហគមន៍អន្តរជាតិ ធ្លាក់ក្នុងស្ថានភាពបែបនេះទៅហើយ ចុះទំរាំអ្នកទោសធម្មតាទៀតនោះ យ៉ាងម៉េចទៅវិញ? អាមេរិកសុំអោយចិនអោយលោកលីវ អាចជ្រើសរើសគ្រូពេទ្យតាមបំណងរបស់លោក តែត្រូវចិនបកទៅវិញថា អាមេរិកចង់លូកដៃក្នុងកិច្ចការផ្ទៃក្នុងចិន។
រឿងអ្នកទោសជាសកម្មជនប្រឆាំងនយោបាយនេះ ជាប្រធានបទសិទ្ធិមនុស្សក្តៅគគុកក្នុងស្រុកចិន។ គេចាំថា ពេលគេប្រកាសអោយលោកលីវ ស៊ាវប៉ូ ទទួលពានណូបែលសន្តិភាព កាលពីឆ្នាំ២០១០ រដ្ឋអំណាចចិន មិនបានអនុញ្ញាតអោយលោកទៅទទួលពាន នៅក្រុងអូស្លូទេ។ ហើយថែមទាំងឃុំភរិយាលោកក្នុងផ្ទះតាំងពីពេលនោះមកផង។
រដ្ឋាភិបាលចិនរងការរិះគន់យូរមកហើយថា បានធ្វើបាបសកម្មជនប្រឆាំងក្នុងស្រុក។ ការឡើងកាន់អំណាចរបស់លោកស៊ី ជីនពីង មិនបានជួយកាត់បន្ថយការរិះគន់ទាំងនេះទេ។ រដ្ឋអំណាចរបស់លោកស៊ី ជីនពីង កាន់តែតឹងតែងថែមទៀត ក្នុងការដាក់ទោសក្រុមប្រឆាំង។ ខែកក្កដាឆ្នាំ២០១៥ ប៉ូលិសចិនបានចាប់ខ្លួនមេធាវីនិងក្រុមសិទ្ធិមនុស្សជាង២០០នាក់ តែភាគច្រើនត្រូវបានដោះលែងមកវិញ។ ឆ្នាំមុននេះ អ្នកដែលមិនទាន់រួចខ្លួន៦នាក់ ត្រូវបានតុលាការដាក់ទោស អ្នកខ្លះត្រូវជាប់គុករហូត៧ឆ្នាំ។ ការកាត់ទោសនៅចិន មានការតឹងតែងដាច់ម៉ាត់ណាស់។ ការស៊ើបអង្កេតវិញ ពិបាកនឹងបង្ហាញការពិតចំពោះជនជាប់ចោទណាស់ ព្រោះជនជាប់ចោទមួយចំនួនអាចនឹងសារភាពទោស ដោយសារពិបាកទ្រាំនឹងទណ្ឌកម្ម។
យោងតាមបុគ្គលិកអង្គការ Human Rights Watch ករណីអ្នកទោសប្រឆាំងដែលធ្លាក់ខ្លួនឈឺក្នុងគុក ហើយដែលអាចរហូតស្លាប់ក្នុងគុកនោះ ក៏មានកើតឡើងដែរ។ ដូចជាករណីលោកសង្ឃទីបេមួយអង្គឈ្មោះថា រីនប៉ុស្ហ ស្លាប់ក្នុងគុកកាលពីឆ្នាំ២០១៥ ពេលលោកជាប់គុកបាន១៣ឆ្នាំ រឺក៏ករណីអ្នកទោសកាវ ស្ហ៊ុនលី ស្លាប់កាលពីឆ្នាំ២០១៤ ដោយសារជំងឺរបេង។ សម្រាប់អង្គការ Human Rights Watch ប្រធានាធិបតីចិនទទួលខុសត្រូវមួយចំណែក ចំពោះការដែលអ្នកទោសជាសកម្មជនប្រឆាំងនយោបាយ ត្រូវធ្លាក់ខ្លួនឈឺដុនដាប ឈឺរហូតដល់ស្លាប់ក្នុងគុកដូច្នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ