ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT

២០ឆ្នាំ​​​​ក្រោយ​​អង់គ្លេស​​​ផ្ទេរ​ហុងកុង​​អោយចិន​ ​លោក​​ស៊ី​ ជីនពីង​ព្រមាន​​​​ហុងកុង​​កុំអោយ​​ព្រហើននឹងចិន​

២០ឆ្នាំ​​​​ក្រោយ​​អង់គ្លេស​​​ផ្ទេរ​ហុងកុង​​អោយចិន​ ​លោក​​ស៊ី​ ជីនពីង​ព្រមាន​​​​ហុងកុង​​កុំអោយ​​ព្រហើននឹងចិន​
 
ប្រធានាធិបតី​ចិន និង​លោកស្រីអភិបាល​ហុងកុង​ថ្មី Carrie Lam Reuters

ថ្ងៃ​សៅរ៍​១កក្កដា​នេះ ហុងកុង​ប្រារព្ធ​​ខួប​២០ឆ្នាំ​នៃ​ការ​ផ្ទេរ​ដែនដី​ហុងកុង​ពី​អង់គ្លេស​ទៅអោ​យចិនវិញ។ ​ព្រឹក​​ថ្ងៃ​​​១កក្កដា​នេះដែរ​ លោកស្រី​ Carrie Lam អាយុ​៦០ឆ្នាំ ​​បាន​ស្បថចូល​កាន់តំណែង​ជា​​អភិបាល​ហុងកុង​ថ្មី​ បន្ត​ពី​លោក Leung Chun-ying។ ពិធី​ចូលកាន់តំណែង​មាន​​លក្ខណៈ​ពិសេស ដោយសារ​មា​ន​វត្តមាន​ជា​លើក​ដំបូង​ របស់​ប្រធានាធិបតី​ស៊ី ជីនពីង។

លោក​ស៊ី​បាន​ធ្វើដំណើរ​មកហុងកុង តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្ល៉េះ។ ថ្ងៃសៅរ៍​នេះ​ ប្រធានាធិបតី​​ចិន​បានព្រមាន​ហុងកុង​កុំអោយ​ដើរ​ហួស​បន្ទាត់ក្រហម របស់​រដ្ឋ​អំណាច​ក្រុង​ប៉េកាំង។ ដោយឡែក ​ព្រឹកមិញ​នេះ មាន​ការប៉ះទង្គិច​រវាង​សកម្មជន​គាំទ្រ​រដ្ឋអំណាច​ចិន និង​សកម្មជន​ប្រជាធិបតេយ្យ។​

លោក​ស៊ី ជីនពីង​ព្រមា​នហុងកុង​កុំអោយ​ដើរ​ហួស​បន្ទាត់​ក្រហម

នេះជាលើកទី១​ហើយ ដែល​ប្រធានាធិបតី​ចិន ឈានជើង​ជាន់ដីហុងកុង តាំងពី​លោក​ស៊ី ចូលកាន់​តំណែង​ប្រធានាធិបតីឆ្នាំ​២០១២មក។ លោក​ស៊ី ធ្វើដំណើរ​មក​ហុងកុង​ ​​ក៏​គឺ​ដើម្បី​អបអរ​ខួប​២០ឆ្នាំ​នៃ​ការផ្ទេរ​ដែនដី​ហុងកុង​ពី​អង់គ្លេស​អោយចិន​ដែរ។ អ្នកណា​ក៏ដឺង​ដែរថា ​យុវជន​នៅ​ហុងកុង​ភាគច្រើន​មិនពេញចិត្ត​រដ្ឋអំណាច​ប៉េកាំង​ទេ។ ពួកគេ​ចង់​បាន​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ​ពេញលេញ​ ចង់​អោ​យហុងកុង​ឯករាជ្យ​។

ប្រឈម​នឹង​ចលនា​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ហុងកុង ​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង លើកឡើង​ថា តាំង​ពី​ហុងកុង​ត្រូវបាន​ផ្ទេរ​មកអោ​យចិន​វិញ ​ហុងកុង​​មាន​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​ជាង​ពេលណាៗ​​ទាំងអស់។ លោក​ស៊ី ជីនពីង​ចង់​សំដៅ​ន័យចំ​ថា ក្រោយ​លែង​នៅក្រោម​ការគ្រប់គ្រង​របស់​អង់គ្លេសហ្នឹងហើយ ដែល​ហុងកុង​ទទួលបាន​សេរីភាពឡើងវិញ​នោះ។ ពោល​គឺ​ហុងកុង​ឥឡូវនេះ មានសេរីភាព​ជាងពេលណាៗ​ទាំងអស់។

លោក​ស៊ី ជីនពីង​ ​​ថែមទាំង​​ព្រមា​នទៀតថា រាល់​ការ​ប៉ុនប៉ង​​​បង្ក​គ្រោះថ្នាក់​ដល់​បូរណភាព​និង​សន្តិសុខ​ជាតិ​ចិន រាល់​ការប៉ុនប៉ង​ប្រឆាំង​នឹង​រដ្ឋអំណាច​ក្រុងប៉េកាំង ក៏ដូចជា​ប្រឆាំង​​​ច្បាប់​មូលដ្ឋាន​​​ក្នុង​តំបន់​រដ្ឋបាល​​ពិសេស​ហុងកុង គឺជា​ទង្វើ​ដែល​ដើរហួស​បន្ទាត់​ក្រហម ហួសព្រំដែន​ ដែល​មិនអាច​ទទួលយកបាន។ ​​ប្រធានាធិបតី​ចិន​​ចង់ព្រមានអ្នកហុងកុង ពិសេស​យុវជន​តែម្តង ​​​អោយឃើញថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​​អត់ធ្មត់​ច្រើនណាស់​ហើយ។

កិច្ចព្រមព្រៀង​ផ្ទេរ​ហុងកុង​អោយ​ចិន ត្រូវបាន​អនុវត្ត​​ឆ្នាំ​១៩៩៧។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា ​កាលពី​ឆ្នាំ​១៩៨៤ រវាង​ចិន​​និង​អង់គ្លេស។ អត្ថន័យ​កិច្ចព្រមព្រៀង​នេះ ឈរ​លើ​គោលការណ៍ ប្រទេស​មួយ ប្រព័ន្ធ​២។ ​ពោលគឺ​ចិន​ត្រូវធានា​អោយ​ហុងកុង​មា​នរបប​គ្រប់គ្រង​ប្រជាធិបតេយ្យ​ ធានា​ការគោរព​សិទ្ធិសេរីភាព​មូលដ្ឋាន​អោយ​បាន​រហូតដល់​ឆ្នាំ​២០៤៧។ ​

សម្រាប់ប្រធានាធិបតី​ចិន ២០ឆ្នាំ​មកនេះ ​រដ្ឋអំណាច​ក្រុងប៉េកាំងលះបង់​ច្រើន​ហើយ ព្រោះ​ក្រុង​ប៉េកាំង​ព្រម​​អនុវត្ត​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធ​២​ ព្រមអោយ​ហុងកុង​មា​ន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ​អាច​បោះឆ្នោត​ជ្រើសរើស​មេដឺកនាំខ្លួន។ ក្រុងប៉េកាំង​ព្រម​អោយ​​អោ​យហុងកុង​បន្ត​លេច​ធ្លោ​ ក្នុង​ឆាកអន្តរជាតិ​ ធ្វើអោ​យហុងកុង​នៅតែ​ទាក់ចំណាប់អារម្មណ៍​អ្នកវិនិយោគ និង​អ្នកទេសចរ​គ្រប់ទិសទី គឺលះបង់​ច្រើនហើយ។ លោក​ស៊ី ជីនពីង ​​មិនអាច​បណ្តោយ​អោយយុវជន​​ឈាមរាវ​នៅ​ហុងកុង​ធ្វើអ្វី​ស្រេចតែ​ចិត្ត ហួសពីនេះ​ទេ។ ​ហុងកុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អង់គ្លេសជាង​១សតវត្ស​មែន​​ តែ​ក្នុង​ប្រវត្តិសាស្ត្រ​ ​ហុងកុង​ស្ថិត​ក្នុង​ដែនដីចិន ជា​កូនជាចៅ​របស់​ចិន។ ​​ហុងកុង​ត្រូវ​​គោរព​​ប៉េកាំង ដែល​ជា​ម៉ែឪ ត្រូវស្គាល់​ប្រវត្តិ​ខ្លួន​អោយច្បាស់។ ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រាប់​អោយ​ហុងកុង​កែលម្អ​​ប្រព័ន្ធ​អប់រំ ​ធ្វើយ៉ាងណា​អោយ​អ្នកហុងកុង​ជ្រួតជ្រាប​ពី​ប្រវត្តិជាតិ និង​វប្បធម៌​ចិន។ ​

អ្នក​ហុងកុង​​នៅតែ​ប្រកាន់​គោលការណ៍ប្រជាធិបតេយ្យ ​មិនខ្លាច​រដ្ឋអំណាច​ក្រុងប៉េកាំង អភិបាល​ហុងកុង​ថ្មី លោកស្រី​ឡាំ មាន​កាតព្វកិច្ច​លំបាក​​ចំពោះមុខ

ទោះ​មាន​វត្តមាន​ប្រធានាធិបតី​ស៊ី ជីនពីង ​ក្នុង​ដែនដី​ហុងកុងនៅថ្ងៃ​ខួប​ប្រគល់​ហុងកុង​អោយ​ចិន​​ក៏ដោយ​ ​យុវជន​ហុងកុង​ដូចជា​នៅ​តែ​មិន​ខ្លាច​រដ្ឋអំណាច​ប៉េកាំងទេ។ ជាក់ស្តែង ព្រឹកថ្ងៃសៅរ៍​១កក្កដា​នេះ​ សកម្មជន​ប្រជាធិបតេយ្យ​បាននាំគ្នា​រំលឹក​ខួប​ចលនា​តវ៉ា​និស្សិត​ធានអាន់មែន ​ឆ្នាំ១៩៨៩។ សកម្មជន​គាំទ្រ​ក្រុងប៉េកាំង​បាន​នាំគ្នា​បង្អាក់​ចលនា​ប្រជាធិបតេយ្យ​ ធ្វើអោយ​មា​នការប៉ះទង្គិច​គ្នាឡើង។ ​ប៉ូលិស​បាន​អន្តរាគមន៍ និង​នាំខ្លួន​​សកម្មជន​ប្រជាធិបតេយ្យ​​ មុន​នឹង​ដោះលែង​ពួកគេមក​​វិញ។

ចលនា​តវ៉ា​ទាមទារ​សេរីភាព ឯករាជ្យ​ភាព​ពី​រដ្ឋអំណាច​ចិន នៅតែ​មា​ននៅ​ហុងកុង។ ​សកម្មជន​ប្រជាធិបតេយ្យ​​ដែល​បាន​តវ៉ា​ថ្ងៃ​សៅរ៍នេះ បានលើកផ្ទាំង​រូបថត​សកម្មជន​ប្រឆាំង លីវ ស៊ាវប៉ូ ដែល​ជា​ជ័យលាភី​ណូបែល​សន្តិភាព ដែល​ចិ​នទើប​នឹងដោះលែង​កាលពី​ចុងខែ​ឧសភា​ទៀតផង។ ​លោកស្រី​ ការី ឡាំ ដែល​ឡើង​ធ្វើ​ជា​អភិបាល​ថ្មី​នៅ​ហុងកុង ប្រហែល​​​មិនងាយស្រួល​ប្រជាជន​គ្រប់គ្រង​​​ហុងកុង មិនងាយ​បង្រួបបង្រួម​​អ្នកគាំទ្រ​ចិន និង​ក្រុមតវ៉ា​​ប្រជាធិបតេយ្យ​អោយត្រូវរ៉ូវគ្នា​ទេ។ ​

អ្នក​​ហុងកុង​នៅតែ​មើលឃើញថា ចិន​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​ហុងកុងកាន់តែ​ខ្លាំង។ ​ហុងកុង​អាចបោះឆ្នោត​ជ្រើសរើស​មេដឺកនាំ​ខ្លួន​ក៏ដោយ​ ក៏​ត្រូវតែ​ឆ្លងកាត់​ការជ្រើសរើស​ពី​​គណៈកម្មការ​បោះឆ្នោត។ ​បេក្ខជន​ឈរឈ្មោះ តែងទទួលបាន​ការ​គាំទ្រ​ពី​ក្រុងប៉េកាំង។ ​ទាំងលោកស្រី​ការី ឡាំ មេដឺកនាំ​ហុងកុង​ថ្មី ទាំង​លោក​ ​Leung Chun-ying មេដឺកនាំ​អាណត្តិមុន សុទ្ធតែ​ត្រូវអ្នកហុងកុង​ចោទថា ស្និទ្ធ​នឹង​ប៉េកាំង សុទ្ធតែ​​ជា​កូនអុក​របស់​ក្រុង​ប៉េកាំង។ អញ្ចឹងហើយ ទើប​បានជានៅតែ​មា​នចលនា​ប្រជាធិបតេយ្យ​ទាមទារ​​សេរីភាព ឯករាជ្យ​នៅ​ហុងកុង បែបយ៉ាង​ចលនា​ឆ័ត្រពណ៌លឿង​ ​កាលពី​ឆ្នាំ​២០១៤​។​ ​

លោកស្រី​ឡាំ​ អាយុ​៦០ឆ្នាំ ជាអភិបាល​ហុងកុង​ថ្មី ​ត្រូវគេចោទថា ជា​អាយ៉ង​ក្រុងប៉េកាំង​ ដោយសារ​លោកស្រី​ធ្លាប់​សំដែង​ការគាំទ្រ​ដល់​នយោបាយ​កែទម្រង់​របស់​ចិន។ កាលពី​មុនបោះឆ្នោត​អភិបាល​ហុងកុង​ថ្មី លោកស្រី​ឡាំ ចាញ់​ប្រជាប្រិយភាព​របស់​លោក​ Jonh Tsang ដែល​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។

ក្នុង​ពេល​អបអរ​ខួប​២០ឆ្នាំ​នៃ​ការផ្ទេរ​ហុងកុង​អោយ​ចិនវិញ ​ប្រធានាធិបតី​ស៊ី ជីនពីង បាន​សន្យា​គោរព​គោលការណ៍​ប្រទេស​១ ប្រព័ន្ធ​២ សម្រាប់​ហុងកុង​​មែន ​ប៉ុន្តែ ថ្ងៃសុក្រ​​ម្សិលមិញ​ ​ក្រសួងការបរទេស​ចិន​លើកឡើង​ថា សេចក្តី​ប្រកាស​រវាង​ចិន​និង​អង់គ្លេស ​លើ​លក្ខន្តិកៈ​​ហុងកុង ឆ្នាំ​១៩៨៤​នោះ លែង​​សមស្រប ​សមហេតុផល​ទៀតហើយ​។ តើ​ចិ​ន​កំពុង​ចង់​មានន័យថា ​លក្ខន្តិកៈ​បែបនេះ លែងមាន​តម្លៃ​គួរអនុវត្ត​ទៀតទេដឺង? ​ដូច្នេះ ​ភាពតានតឹង​រវាង​ហុងកុង​ និង​ប៉េកាំង នៅតែ​មានជានិច្ច៕ ​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ខួប២០ឆ្នាំ​នៃ​ការ​ប្រគល់​ហុងកុង​ឲ្យ​ទៅ​ចិន​វិញ ​លោកស៊ី ជីនពីង​បង្អួត​កម្លាំង​ទ័ព​ ​ដល់​អ្នក​ហុងកុង

    ស្វែងយល់បន្ថែម

  • ហុងកុង

    លោក​ស៊ីជីនពីង​ទៅ​ហុងកុង​ដើម្បី​រំឭក​ខួប​២០ឆ្នាំ​នៃ​ការ​ផ្ទេរ​ហុងកុង​ពី​អាណានិគម​អង់គ្លេស

    ស្វែងយល់បន្ថែម

  • ហុងកុង-ចិន

    សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង យក​ក្រណាត់​ខ្មៅ​ទៅរំ​រូប​សំណាក​ផ្កា បូហ៊ីនា ​មុនពេល​ លោក​ស៊ី ជីនពីង​មកដល់

    ស្វែងយល់បន្ថែម

  • ហុងកុង

    មនុស្ស​ស្និទ្ធ​នឹង​ប៉េកាំង ឈ្នះឆ្នោត​ធ្វើ​ជា​ប្រមុខដឹកនាំ​ថ្មី នៅ​ហុងកុង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ