អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​ចិន​មិន​ឱ្យ​លោក លីវ ស៊ាវបូ ចេញ​ទៅ​ព្យាបាល​នៅ​បរទេស ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​សុខភាព​របស់​លោក លីវ ស៊ាវបូ ជ័យលាភី​ណូបែលសន្តិភាព​​ឆ្នាំ​២០១០ កាន់​តែ​ដុនដាប។ ក្រោម​សម្ពាធ​អន្តរជាតិ រដ្ឋាភិបាល​ចិន​បាន​សុខចិត្ត​អញ្ជើញ​គ្រូពេទ្យ​ឯកទេស​បរទេស​ពីររូប​ឱ្យ​ទៅពិនិត្យ​ស្ថានភាព​​​ជំងឺ​មហារីករបស់​លោក លីវ ស៊ាវបូ កាលពី​សប្តាហ៍​មុន។ សម្រាប់​គ្រូពេទ្យ​បរទេស ​ការ​បញ្ជូន​អ្នក​​ជំងឺ​ទៅ​អាល្លឺម៉ង់​ ឬ​អាមេរិក​ អាច​ទៅ​រួច និង​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ ព្រោះ​ស្ថានភាព​ជំងឺ​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​មែន។ ប៉ុន្តែ​​​ពេទ្យ​ចិន​ថា​មិន​អាចទេ ហានិភ័យ​មាន​ខ្ពស់​ណាស់​សម្រាប់​​ ​អ្នក​ជំងឺ​។ តើ​គួរ​ជឿ​លើ​ពេទ្យ​ណា ? ហេតុ​អ្វី​ពេទ្យ​ចិន​មិន​ចង់​ឱ្យ​លោក លីវ ស៊ាវបូ ទទួល​ការ​ព្យាបាល​នៅបរទេស ?

និស្សិត​នៅហុងកុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​លោក លីវ ស៊ាវបូ។
និស្សិត​នៅហុងកុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​លោក លីវ ស៊ាវបូ។ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​ថ្លែងការណ៍ ​គ្រូពេទ្យ​ជាតិ​អាមេរិក​និង​ជាតិ​អាល្លឺម៉ង់ បាន​ធ្វើ​សេចក្តី​ប្រកាស​ថា « លោកលីវស៊ាវបូ អាច​ធ្វើ​ដំណើរទៅ​បរទេស​​ដោយ​សុវត្ថិភាព តាម​រយៈ​មធ្យោបាយ​ដឹកជញ្ជូនបំពាក់​​​សេវាកម្មវេជ្ជសាស្ត្រ​ត្រឹមត្រូវ​”។

ថ្វីបើ​គ្រូពេទ្យ​អាល្លឺម៉ង់ និង​អាមេរិក​ បាន​ទទួល​ស្គាល់​ថា ម្ចាស់​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ លីវ ស៊ាវបូ ដែល​បាន​ទទួល​សេរីភាព​ក្រោម​មូលហេតុ​សុខភាព បាន​ទទួល​ការ​ព្យាបាល​យ៉ាង​ត្រឹម​ត្រូវ និង​ប្រកប​ដោយ​គុណភាព​ពី​មន្ទីរ​ពេទ្យ​​ហ្សិនយ៉ាង (នៅភាគ​ខាង​ជើង​ប្រទេស​ចិន)មែន ប៉ុន្តែ​ពេទ្យ​ជំនាញ​ទាំង​ពីរ​រូប​យល់​ថាអ្នក​ជំងឺ​ លីវ ស៊ាវបូ គួរ​តែ​បាន​ទទួល​នូវ​ការ​ព្យាបាល​តាម​វិធី​ផ្សេង​ទៀតនៅ​បរទេស​ ដូច​ជា​ការព្យាបាល​ដោយ​វិទ្យុសកម្ម​ ជា​ដើម​។ល។

គ្រូពេទ្យ​បរទេស​ទាំង​ពីរ​រូប ដែល​អាជ្ញាធរ​ចិន​បាន​អញ្ជើញ​ទៅ​ឱ្យ​​ពិនិត្យមើល​ស្ថានភាព​​ជំងឺរបស់​លោក លីវ ស៊ាវបូ ក្នុង​មន្ទីរ​ពេទ្យ​ចិន​ បាន​គាំទ្រ​​សំណើ​របស់​ក្រុមគ្រួសារ​ដែល​ចង់​នាំ​រូប​លោក​សកម្មជន​សិទ្ធិមនុស្ស​ ទៅ​ព្យាបាល​នៅបរទេស។ ការ​ធ្វើ​ដំណើរ​នឹង​គ្មានបង្ក​​គ្រោះ​ថ្នាក់​អ្វី​ទាំង​អស់ ប្រសិន​បើ​គេ​អាច​ដឹក​ជញ្ជូន​លោក​លីវស៊ាវបូ ដោយ​ភ្លាម និង​ក្នុង​ពេល​ឆាប់ៗ​ តែ​បើ​បង្អង់​ អ្នក​ជំងឺ​អាច​ធ្លាក់​ខ្លួន​កាន់​តែធ្ងន់ធ្ងរ ហើយ​បើ​ដល់​ថ្នាក់​សន្លប់​បាត់​ស្មារតី នោះ​គេ​នឹង​លែងអាច​លើក​គាត់​ទៅ​ណា​បាន​ទៀត​ហើយ។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុមគ្រូពេទ្យ​ចិន​ជំទាស់។ យោបល់​របស់​មន្ទីរពេទ្យ​ ទំនង​ជា​ធ្វើ​ឡើង​ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ការ​រិះរក​គ្រប់​មធ្យោបាយ​គ្រប់គ្រង​ស្ថានការណ៍​ ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ប៉ះពាល់​ដល់​ប្រធានាធិបតី​ខ្លាំង​ពេក។

លោក​លីវស៊ាវបូ និង​ភរិយា។ រូបថត​ខែ​មិថុនា ២០១៧
លោក​លីវស៊ាវបូ និង​ភរិយា។ រូបថត​ខែ​មិថុនា ២០១៧

ម្យ៉ាង​វិញ​ទៀត សម្រាប់​លោក ស៊ី ជីនពីង ការ​ព្រម​ឱ្យ​សកម្មជន​ប្រឆាំង​ម្នាក់ ដែល​ចិន​សព្វថ្ងៃ​ចាត់​ទុក​ជា​ឧក្រិដ្ឋជន បាន​រួច​ខ្លួន មិន​អាច​សម្រេច​ដោយ​ស្រួលៗ​បាន​ឡើយ។ ករណី​របស់​លីវ ស៊ាវបូ អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​ខ្ចរ​ខ្ចាយ​ខ្លាំង​នៅ​បរទេស។

ជាប់​ទោស​១១​ឆ្នាំ​ ក្នុង​ពន្ធនាគារ​តាំង​ពី​ឆ្នាំ​២០០៩​មក ពី​បទ​ញុះញង់​ចង់​ធ្វើ​វិទ្ធង្សនា​ផ្តួល​រំលំ​រដ្ឋ​ លោក លីវ ស៊ាវបូ គឺ​ជា​​និម្មិត្តរូប​តំណាង​ការ​បង្ក្រាប​ដោយ​ហិង្សា​និង​ខ្លាំង​បំផុត​របស់​ចិន លើ​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​ប្រជាធិបតេយ្យ​ និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​​តែ​ម្នាក់​គត់​លើ​លោក​ដែល​ជាប់​ទោស និង​ជាប់​ក្នុង​ពន្ធនាគារ។ ចិន​ មិន​ត្រូវ​ការ​ឱ្យ​ពិភពលោក​​និយាយ​អំពី​រូប​លោក លីវស៊ាវបូ បើ​ទោះ​បី​ជា​ចិន​យ៉ាង​ច្បាស់​ដឹង​ថា​ជីវិតសកម្មជន​រូប​នេះ មិន​យូរ​អង្វែង​ក៏​ដោយ​។ វត្តមាន​ទោះបី​ខ្លី​ក្តី​ ក៏​អាច​ជះ​ផល​អវិជ្ជមាន​ដល់​ប្រទេស​ចិន​ និង​ដល់​លោក​ប្រធានាធិបតី​ស៊ីជីនពីង នា​ឱកាស​សមាជ​បក្សកុម្មុយនិស្ត​ចិន នៅ​បី​បួន​ខែ​ទៀត​ខាង​មុខ​។

ដូច្នេះ​ទើប​អាជ្ញាធរ​ចិន ខំ​ធ្វើ​គ្រប់យ៉ាង​ទប់​ស្កាត់​ មិន​ឱ្យលោក​លីវ ស៊ាវបូ បាន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់ ! ពាក្យ​របស់​លោក លីវស៊ាវបូ ជា​ពាក្យ​របស់​ជ័យលាភី​ណូបែលសន្តិភាព ! សកម្មជន​ប្រឆាំង​ម្នាក់ ដែល​ស្និទ្ធ​នឹង​គ្រួសារ​លោក​លីវស៊ាវបូ យល់​ថា ប៉េកាំង​មាន​ជំហរ​តែ​មួយ​គឺ ចង​អ្នក​ប្រឆាំង​នយោបាយ រហូត​ដល់​ថ្ងៃ​ស្លាប់ !

ឆ្លើយ​នឹង​សំណួរ​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន អះអាង​ថា ករណី​លោក​ លីវ ស៊ាវបូ មិនមែន​ជា​សំណុំ​រឿង​ការទូត​ទេ តែ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​ចិន ដូច្នេះ​ចិន​នឹង​ប្រឆាំង​រាល់គ្រប់​ចេតនា​ចង់​ជ្រៀតជ្រែក​របស់​​ប្រទេស​ដទៃ។ ប៉ុន្តែ​ចិន​ភ្លេច​គិត​ថា ការ​ដែល​ហាមឃាត់​មិន​ឱ្យ​លោក លីវ ស៊ាវបូ ចេញ​ទៅ​បរទេស និង​បណ្តោយ​ឱ្យ​លោក​បាត់​បង់​ជីវិត​ព្រោះ​ជំងឺ​ ដោយ​មិន​បាន​ទទួល​ព្យាបាល​ស្រប​តាម​ឆន្ទៈ ក៏​ ​ជា​កំហុស​​មួយ​ដែល​កត់​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ ថា​បាន​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​អ្នក​ទោស​នយោបាយ ដូច​យ៉ាង​ប្រទេស​ផ្តាច់ការ​ផ្សេង​ទៀត​បាន​ធ្វើ​ មាន​ជាអាទិ៍​កូរ៉េខាង​ជើង។

តាម​ការ​ពិត លោក លីវ ស៊ាវបូ មិន​ដែល​មាន​ចេតនា​ចង់​ចាក​ចេញ​ពី​ប្រទេស​ទេ តាំង​ពី​ដើម​រៀង​មក បើ​ទោះ​បី​ជា​លោក​ជាប់ទោស​និង​ពន្ធនាគារ ព្រម​ទាំង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ស្ទើរ​ឥត​ដាច់​ក៏​ដោយ។ សំណើដ៏មុះមុត​​សុំ​ទៅ​ព្យាបាល​នៅ​បរទេស​ពេល​នេះ ហាក់​ដូច​ជា​បាន​ធ្វើ​ឱ្យ​ចិន​ភ្ញាក់​ផ្អើលបន្តិច។ បើ​តាម​មិត្ត​ជំនិត​របស់​លោក លីវ ស៊ាវបូ ដែលនិរទេស​ខ្លួន​ទៅ​រស់​​នៅ​សហរដ្ឋ​អាមេរិក និង​ជា​បញ្ញាជន​ម្នាក់​ មូលហេតុ​ដែល​បាន​រុញ​ច្រាន​ឱ្យ​លោក លីវ ស៊ាវបូ លុះ​ចិត្ត​សុំ​ទៅ​បរទេស គឺ​ដើម្បី​ជួយ​ភរិយា​ ដែល​កំពុង​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំងឡើងៗ បន្ទាប់​ពី​ត្រូវ​ស្ថិត​ក្រោម​ឃុំឃាំង​ក្នុង​គេហដ្ឋាន តាំង​ពី​ឆ្នាំ​២០១០ (ឆ្នាំ​លោក​លីវស៊ាវបូ​បាន​ទទួល​ជ័យលាភី​ណូបែល​សន្តិភាព) និង​ដើម្បី​ជួយ​ប្អូន​ថ្លៃ ដែល​ក៏​ត្រូវ​តុលាការ​កាត់​ទោស​ពី​បទ​ប្រឆាំង​រដ្ឋាភិបាល​ដែរ។

ពេល​នេះ​គេ​គ្មាន​អ្វី​ក្រៅ​ពី​រង់ចាំ ! រង់​ចាំ​ដោយ​សង្ឃឹម​​ ថាចិន​នឹង​សុខចិត្ត​ជ្រើសរើស​ផ្លូវ​មនុស្សធម៌ ចំពោះ​លោក លីវ និង​គ្រួសារ​។ ​បំណង​ចុងក្រោយ​ របស់​លីវ ស៊ាវបូ ចង់​​ស្លាប់​ក្នុង​សេរីភាព​ អាច​សម្រេច​បាន​ គឺ​អាស្រ័យ​តែ​​​លើ​មាត់​រដ្ឋាភិបាល​ប៉េកាំង​តែ​ម្នាក់​គត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ