អានតួអត្ថបទ

អាមេរិក ៖ កូរ៉េខាង​ជើង​ប្រហែល​មាន​សារធាតុ​ភ្លុយតូនីញ៉ូម​ច្រើន​ជាង​ការ​ស្មានពីមុន

ក្នុង​ខណៈ​ដែល​កូរ៉េខាង​ជើង​កំពុង​បង្ហាញ​មហិច្ឆតា​​យោធា​​ខ្លាំង​ឡើងៗ និង​បង្ក​សម្ពាធ​តាន​តឹង​ខ្លាំង​ក្នុង​តំបន់​ស្ទើរ​ដល់​កំពូល អ្នក​ស្រាវជ្រាវ​អាមេរិកបាន​អះអាង​នៅ​ថ្ងៃ​នេះ​​ថា ព្យុងយ៉ាង​ទំនង​ជាកំពុងផលិត​​ចម្រាញ់​ជាតិ​ភ្លុយតូនីញ៉ូម សម្រាប់​​អភិវឌ្ឍន៍​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ ​​​​ច្រើន​ជាង​អ្វី​ដែល​គេ​ធ្លាប់​គិត​មុនទៀត។ ការ​សន្និដ្ឋាន​នេះ​ធ្វើ​ឡើយ​តាម​រយៈ​​រូបភាពថ្មីៗ​​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។ នេះ​បើតាម​ វិបសៃត៍ អ៊ីនធ័រនែត “៣៨ North”។

គ្រាប់មីស៊ីល របស់កូរ៉េខាងជើង​
គ្រាប់មីស៊ីល របស់កូរ៉េខាងជើង​ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

បើ​តាម​វិបសៃត៍អ៊ីនធ័រនែតអាមេរិក “៣៨ North”មាន​ឯកទេស​វិភាគ​សកម្មភាព​កូរ៉េខាង​ជើង​ នៃ​សាកលវិទ្យាល័យ​ ក្រុង​វ៉ាស៊ីនតោន ​ផ្សព្វផ្សាយ​នៅថ្ងៃ​សុក្រម្សិលមិញ មានរូបភាពថ្មីៗ​ចាប់​បាន​ពី​​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរដ៏​សំខាន់​របស់​​កូរ៉េខាង​ជើងនៅ យ៉ុងព្យុន​ ​ដែល​បាន​នាំ​ឱ្យ​គេ​គិត​សន្និដ្ឋាន​បាន​ថា​ព្យុងយ៉ាង​ចាប់​ចម្រាញ់ចំហេះ​​​ឡើង​វិញ​ ប្រមាណ​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ដង​ដែរ នៅ​រវាង​ពី​ខែ​កញ្ញា​២០១៦ មក​ទល់​នឹង​ខែ​មិថុនា​២០១៧​នេះ។

កូរ៉េខាង​ជើង​ទំនង​ជា​បាន​ធ្វើ​សកម្មភាព​ ដោយ​គ្មាន​ប្រកាស​ដំណឹង​ ចម្រាញ់​ធាតុ​ភ្លុយតូនីញ៉ូម ក្នុង​កំរិត​និង​បរិមាណ​គ្មាន​កំណត់​ ដែល​អាច​បង្កើន​សមត្ថភាព​បំរុង​ផលិត​អាវុធ​នុយក្លេអ៊ែរ បាន​យ៉ាង​ច្រើន។ នេះ​បើ​តាម​វិបសៃត៍​​“៣៨ North”ដដែល។

ការ​បង្កើន​សកម្មភាព​ឡើង​កម្តៅ​​ក៏​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​សម្គាល់​ឃើញ​ដែរ​នៅក្នុង​មជ្ឈមណ្ឌល​ដដែល​នេះ ក្នុង​រោងចក្រ​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម​ ប៉ុន្តែ​ពេល​នេះ​គេ​ពុំ​ទាន់​អាច​កំណត់​បាន​ថា​ជា​សកម្មភាព​អ្វី និង​មក​ពីមូលហេតុ​អ្វី​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា​កូរ៉េខាង​ជើង​បាន​ផ្អាក​សកម្មភាព​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅ​យ៉ុងព្យុន តាំង​ពី​ឆ្នាំ​២០០៧​មក ក្នុង​ក្របខ័ណ្ឌ​នៃកិច្ច​ព្រមព្រៀង​ផ្តោះប្តូរ​គ្នា​ការ​រំសាយ​អាវុធនុយក្លេអ៊ែរ​ទល់​នឹង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។ ប៉ុន្តែ​ព្យុងយ៉ាង​បាន​ចាប់​ផ្តើម​ជួសជុល​​និង​ដាក់​ឱ្យ​មាន​សកម្មភាព​ឡើង​វិញ​មជ្ឈមណ្ឌល​នេះ ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បី នៅ​ឆ្នាំ​២០១៣។

តាំង​ពី​បាន​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​នៅ​ឆ្នាំ​២០១១​មក កូរ៉េខាង​ជើង​ក្រោម​ការ​ដឹកនាំ​របស់​លោក គីម ជុងអ៊ុន បាន​​ពន្លឿន​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ និង​កម្មវិធី​បាលីស្ទិក លឿន​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​និង​ព្រួយ​បារម្ភ ទោះ​បី​ជា​មាន​ការ​ហាមឃាត់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​យ៉ាងណា​ក៏​ដោយ។ កូរ៉េខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​៥​ដង គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ក្នុង​នោះពីរដង​ចាប់​ពី​ខែ​មករា​២០១៦​មក និង​ចុងក្រោយ​ នៅ​ដើម​ខែ​កក្កដា​នេះ​កូរ៉េខាង​ជើង បាន​សម្រេច​ជា​ប្រវិត្ត​សាស្ត្រ​ការ​បាញ់​មីស៊ីល​អន្តរទ្វីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ