អានតួអត្ថបទ

ប្រទេស​​ហូឡង់​​សម្ពោធ​​ស្តូប​​​រំលឺក​​​​​​ខួប៣ឆ្នាំ​​នៃ​​ការធ្លាក់​​យន្តហោះ​​ម៉ាឡេស៊ី​ MH17

ថ្ងៃ​ចន្ទ​​១៧កក្កដា​នេះ ជាថ្ងៃ​ខួប​៣ឆ្នាំ​នៃ​ការធ្លាក់យន្តហោះបូអ៊ីង​​ម៉ាឡេស៊ី​ នៅ​ភាគ ខាងកើត​​​អ៊ុយក្រែន ដែលបាន​សម្លាប់​មនុស្ស​២៩៨នាក់។ ថ្ងៃនេះ​ ប្រទេស​ហូឡង់សម្ពោធ​ស្តូប​​រំលឺកខួប​នេះ ដោយ​មានវត្តមាន​ចូលរួម​របស់​​សមាជិកគ្រួសារ​ជនរងគ្រោះ​ជិត​២០០០នាក់។ គេសង្ស័យថា ៣ឆ្នាំ​មុននេះ ​យន្តហោះ​ម៉ាឡេស៊ី ប្រហែល​ជា​បា​នរង​មីស៊ីល​បាញ់​ចេញ​ពី​រុស្ស៊ី។ ​នៅ​មិនទាន់​មាន​​​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការធ្លាក់​យន្តហោះ​ណាម្នាក់​ត្រូវ​ចាប់ខ្លួន​បាន​​​​ទេ។​ ​

ព្រះមហាក្សត្រ​និង​ព្រះមហេសី​ប្រទេស​ហូឡង់​ក្នុង​ពិធី​សម្ពោធ​ស្តូប​រំលឹក​​​ខួប​៣ឆ្នាំ​​​នៃ​ការធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​
ព្រះមហាក្សត្រ​និង​ព្រះមហេសី​ប្រទេស​ហូឡង់​ក្នុង​ពិធី​សម្ពោធ​ស្តូប​រំលឹក​​​ខួប​៣ឆ្នាំ​​​នៃ​ការធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ Reuters
ផ្សាយពាណិជ្ជកម្ម

ដើមឈើ​២៩៨ដើម ត្រូវបាន​បណ្តុះ​លេចឡើង​ ក្នងប្រទេស​ហូឡង់ ​បង្កើត​ជា​​​ស្តូប​​​អនុស្សាវរីយ៍​​ ឧទ្ទិស​ដល់​​​​​​ជនរងគ្រោះ​២៩៨នាក់ ដែល​បាន​ស្លាប់​ក្នុង​ការធ្លាក់យន្តហោះ​ម៉ាឡេស៊ី ​នៅ​ភាគខាងកើត​អ៊ុយក្រែន​ កាលពី​៣ឆ្នាំមុន។ គ្រោះថ្នាក់​នេះ​បាន​សម្លាប់​មនុស្ស​២៩៨នាក់ ជា​ពលរដ្ឋមកពី​​១៧ប្រទេស មានដូចជា​​អូស្ត្រាលី ម៉ាឡេស៊ី​ អង់គ្លេស អាល្លឺម៉ង់ រឺ​ក៏​ឥណ្ឌូណេស៊ី។ ពលរដ្ឋ​ហូឡង់​ស្លាប់​ច្រើនជាងគេ គឺ​ដល់​ទៅ​១៩៦នាក់។

ថ្ងៃចន្ទ​១៧កក្កដានេះ ព្រះមហាក្សត្រ​ប្រទេស​ហូឡង់ អាឡិចសាន់ដឺ និង​ព្រះមហេសី ម៉ាក់ស៊ីម៉ា ជាអ្នក​​សម្ពោធ​ស្តូប​រំលឹកខួប​៣ឆ្នាំ នៃ​ការធ្លាក់យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី ដោយ​មា​នវត្តមាន​សមាជិក​គ្រួសារ​ជនរងគ្រោះ​ជិត​២០០នាក់។ ស្តូបអនុស្សាវរីយ៍​​នេះ​ អាច​​​​កើតចេញ​បាន​ដោយ​សារ​មាន​​មូលនិធិ​ជំនួយ ហើយ​​​គម្រោង​​ស្តូប​​នេះ​ ជា​ស្នាដៃ​របស់​វិចិត្រករ​ Ronald A. Westerhuis រ៉ូណាល់ អេ វេស្ទើរហោយ និង​វិស្វករ​​ផ្នែក​ទេសភាព​ ​Robbert de Koning ក្នុងចំណោម​គំរោង​សរុប​ចំនួន៣។ ​

ដោយឡែក នៅ​ទីកន្លែងធ្លាក់​យន្តហោះ ភាគខាងកើត​អ៊ុយក្រែន ថ្ងៃ​នេះ ក៏មាន​រំលឹកខួប​៣ឆ្នាំ​នេះដែរ ដោយ​មាន​មនុស្ស​ជិត​៥០០នាក់​បាន​ចូលរួម​ឧទ្ទិស​ដល់​ជនរងគ្រោះ។ ​

សូមរំលឹកថា កាលពី​ថ្ងៃ​១៧កក្កដា ឆ្នាំ​២០១៤ យន្តហោះ​ម៉ាឡេស៊ី​ជើងហោះហើរ MH-17 ភ្ជាប់​ទីក្រុង​អាស្ទែរដាំ ប្រទេស​ហូឡង់ ទៅ​កូឡាឡុំពួរ បាន​ធ្លាក់​នៅតំបន់​ជម្លោះ​ភាគខាងកើត​អ៊ុយក្រែន ជា​តំបន់​​កាន់កាប់​ដោយ​ក្រុមឧទ្ទាម។ អ្នកដំណើរ​​២៨៣នាក់ និង​បុគ្គលិក​យន្តហោះ១៥នាក់ បានស្លាប់​ក្នុង​ហេតុការណ៍​​នេះ។ គេសង្ស័យ​ថា ​យន្តហោះ​ម៉ាឡេស៊ី​ប្រហែលជា​​បាន​រង​មីស៊ីល​របស់​រុស្ស៊ី។ យោងតាម​ការស៊ើបអង្កេត​សមូហភាព​​អន្តរជាតិ​ឯករាជ្យ​​​ ​យន្តហោះ​ម៉ាឡេស៊ី​រងមីស៊ីល​ប្រភេទBuk ដែលដឺកចេញ​ពី​​​​ប៉ែកខាងត្បូង​​​រុស្ស៊ី​ ​ទៅ​ព្រំប្រទល់​អ៊ុយក្រែន។ ​ពេលនេះ ​ប៉ូលិស​កំពុង​រក​មុខ​​មនុស្ស​ជាង​១០០នាក់ដែល​ជាប់​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ការធ្លាក់​យន្តហោះម៉ាឡេស៊ី។​

ថ្មីៗនេះ មេធាវី​គ្រួសារ​ជនរងគ្រោះ​ម៉ាឡេស៊ី បានទាមទារ​​​អោយ​ប្រធានាធិបតី​រុស្ស៊ី ទទួល​ខុសត្រូវ។ ​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆិនកូ​វិញ ថ្ងៃចន្ទ​នេះ ក៏​បាន​ទាមទារ​អោយ​រុស្ស៊ី​ផ្តល់ចម្លើយ​ផងដែរ។ កន្លងមក ​​រុស្ស៊ី​តែង​បដិសេធ​ថា មិនបានជាប់​ពាក់ព័ន្ធហេតុការណ៍ធ្លាក់យន្តហោះ​ម៉ាឡេស៊ី​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ