ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

កូរ៉េខាង​ត្បូងបបួលព្យុងយ៉ាងជា​ផ្លូវការ​​ចូល​តុ​ចរចា

កូរ៉េខាង​ត្បូងបបួលព្យុងយ៉ាងជា​ផ្លូវការ​​ចូល​តុ​ចរចា
 
ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក មូន ចែអ៊ីន ស្នើសុំ​ចរចា​ជាមួយ​កូរ៉េខាង​ជើង REUTERS/Kim Hong-Ji

ជា​ការ​បោះ​ដៃ​ស្វាគមន៍​ ! សេអ៊ូល បាន​ស្នើ​ជា​ផ្លូវការ​ នៅ​ថ្ងៃទី ១៧ កក្កដា ២០១៧ សុំចរចា​ជាមួយ​ព្យុងយ៉ាង ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​នៅ​ក្នុង​ឧបទ្វីប ដែល​​តាន​តឹង​ខ្លាំងឡើងៗ​បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ប៉ាលីស្ទិក​អន្តរទ្វីប។ ជា​សំណើ​សុំ​ចរចា​លើក​ដំបូង គិត​ចាប់តាំង​ពី​លោក មូន ចែអ៊ីន ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​មក។ ក្រសួង​ការពារជាតិ​កូរ៉េខាង​ត្បូង​ បាន​ណាត់​ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ​។ ហើយ​ឆ្លៀត​ក្នុង​ឱកាស​នេះ អង្គការ​កាកបាទក្រហម​ក៏​ឆ្លៀត​ធ្វើ​សំណូម​ពរ​សុំ​បើក​ឡើង​វិញ​ ការ​ជួប​ជុំ​គ្រួសារ​អន្តរកូរ៉េ។

ថ្ងៃ​មុន​ជា​ពាក្យ​សន្យា ថ្ងៃ​នេះ​ជា​ការ​អនុវត្ត ! កាលពី​១០​ថ្ងៃ​មុន លោក​មូន​ចែអ៊ីន បានអះអាង​ជា​ថ្មី​ថា​ នៅ​ចំពោះ​មុខ​កា​រអភិវឌ្ឍន៍​កម្មវិធីនុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ជា​បងប្អូន​បង្កើត​គូ​សត្រូវ​គ្នា​យ៉ាង​ដូច្នេះ មាន​តែ​ការ​ចូល​តុ​ចរចាទេ ដែល​ជាច្រក​ផ្លូវ​ដ៏​ប្រសើរ​ជាងគេ ! ដើម្បី​បន្ធូរ​បន្ថយ​កម្តៅ​ក្នុង​ឧបទ្វីប គ្មាន​អ្វី​សំខាន់​ជាង​ការ​ចរចា​ឡើយ។ ហើយ​ទី​បំផុត​​​ ​លោក​ប្រធានាធិបតី​ថ្មីក៏​​បានចេញ​លិខិត​​អញ្ជើញ​កូរ៉េខាង​ជើង​ជា​ផ្លូវការ​ ឱ្យ​មក​ចរចាមែន។

​​នេះជា​ការ​ស្នើសុំ​ជា​ផ្លូវការ​ លើក​ដំបូង​ របស់​រដ្ឋាភិបាល​លោក មូន ចែអ៊ីន ដែល​​ល្បី​ខាង​មាន​ជំហរ​បើក​ចំហរក​កូរ៉េខាង​ជើង​​ខ្លាំងផង និងក៏​​ជា​សំណើ​លើក​ដំបូង​បង្អស់​ដែរ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ មក។ ​​លោកស្រី ប៉ាក់ គុនហេ ​​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ​ធ្លាប់​បាន​បដិសេធ ដាច់ខាត​​​មិន​ផ្តោះប្តូរ​ពាក្យ​សំដី​ជាមួយ​ព្យុងយ៉ាង​ទេ ដរាបណា​ប្រទេស​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​មួយ​នេះ មិន​ព្រម​ចាត់​វិធានការ​ច្បាស់​លាស់​​ក្នុង​អត្ថន័យ​រំសាយ​កម្មវិធីនុយក្លេអ៊ែរ​នោះ។

បញ្ឈប់​ការ​ស្អប់ខ្ពើម​គ្នា​ ​តាម​ព្រំដែន​ ក្នុង​ថ្ងៃ​​ខួប​ឈប់​បាញ់ ២៧ កក្កដា ១៩៥៣-២០១៧

ជា​សំណើ​សុំ​ចរចាយោធា​ ដែល​ត្រូវ​បាន​ប្រកាស​តាម​រយៈ​សេចក្តី​ថ្លែងការណ៍របស់ក្រសួងការពារ​ជាតិ ថា ៖ “យើ​ង​សុំ​ស្នើ​បើក​កិច្ចចរចា​ដើម្បី​បិទ​បញ្ចប់​សកម្មភាព​ស្អប់​ខ្ពើម​គ្នា​ដែល​បង្ក​តែ​ភាព​តាន​តឹង​យោធា តាមបណ្តោយ​​ព្រំដែន”។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​កំណត់​យក​​ថ្ងៃ​ទីសុក្រ​ទី ២១​ កក្កដា ២០១៧ ជា​ថ្ងៃ​ជួប​ប្រជុំ​គ្នា នៅ​Panmumjon ភូមិ​ឈប់​បាញ់ នៅ​តាម​បណ្តោយ​ព្រំដែន​​ខណ្ឌ​ចែក​កូរ៉េទាំង​ពីរ ដែល​ជា​តំបន់​យោធា​មាន​បំពាក់​អាវុធ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

ហើយ​ដើម្បី​បង្ហាញ​អំពី​ឆន្ទៈ​ល្អ​ ប្រធានាធិបតី​កូរ៉េខាង​ត្បូង បាន​សំណូម​ពរ​ឱ្យ​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​ញុះញង់​ឱ្យ​ស្អប់​ខ្ពើម​គ្នា​ទាំង​ឡាយ​នៅ​តាម​បណ្តោយ​ព្រំដែន​នេះ​ ចាប់​ពី​ថ្ងៃ​ទី ២៧​ កក្កដា ទៅ​។ ថ្ងៃ​២៧​កក្កដា ដែល​ត្រូវ​ចំ​ថ្ងៃ​ខួប​​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ឆ្នាំ​១៩៥៣ (បញ្ចប់​​សង្គ្រាម​កូរ៉េ១៩៥០-១៩៥៣)។

​សេអ៊ូល តែង​ចាត់​ទុក​ចាក់​សារ​ឃោសនា​នយោបាយ​ បំពង​សំឡេង នៅ​តាម​ព្រំដែន​ថា​ជា​សកម្មភាព​ញុះញង់​សង្គ្រាម។ ឯ​ព្យុងយ៉ាងក៏​​គិតថា​ ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ ជា​សកម្មភាព​ញុះញង់​ដូច​គ្នា។

ថត​ពី​ខាង​កូរ៉េខាង​ត្បូង បន្ទាត់​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ។ ផ្ទះ​ខៀវ​ជា​កន្លែង​ជួប​ពិភាក្សា​គ្នា​មុនៗ Kèoprasith Souvannavong / RFI

បាន​និយាយ​គ្នា ដូច​បាន​បន្ធូរភាព​តាន​តឹង

កន្លង​មក​ បើ​ទោះ​បី​ជា​ដឹង​ថា​កូរ៉េខាង​ត្បូង​ក្រោម​ការ​ដឹកនាំ​របស់​លោក មូន ចែអ៊ីន ចង់​បោះ​ដៃ​រក​ក៏​ដោយ ក៏​ព្យុងយ៉ាង​ហាក់​ដូច​ជា​មិន​អើ​ពើ​​ដែរ គិត​តែ​ពី​បង្កើន​ល្បឿន​កម្មវិធី​នុយក្លេអ៊ែរ និង​បាលីស្ទិក​របស់​ខ្លួន​រហូត។ ពី​ឆ្នាំ​២០០៦​ដល់​២០១៦ កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​៥​ដង កាន់​តែ​ញាប់​ខ្លាំង​ចាប់​ពី​ដើម​ឆ្នាំ​២០១៦​មក និង​បាញ់​បាន​សម្រេច​មីស៊ីល​អន្តរទ្វីប ទៀត​កាលពី​​​ថ្ងៃ​ទី​ ៤​កក្កដា​ ២០១៧។

ប៉ុន្តែ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​បង្រួប​បង្រួម​កូរ៉េ ព្យុងយ៉ាង​ទំនង​ជា​នឹង​ត្រូវ​ផ្តល់​ចម្លើយ​វិជ្ជមាន​ ប្រសិន​បើ​គេ​ចង់​បាន​សន្តិភាព​ពិត​សម្រាប់​ឧបទ្វីប។ ព្រោះ​សំណើ​របស់​សេអ៊ូល​ ជា​សំណើ​ត្រឹម​ត្រង់ គ្មាន​មហិច្ឆតា​និង​គោលដៅ​ផ្តួល​រំលំ​របប​ខាង​ជើង ឬ​ការ​បង្រួបបង្រួម​កូរ៉េទាំង​ពីរ ដោយ​លេប​បាត់​ឈ្មោះ​កូរ៉េខាង​ជើង​ឡើយ។ សេអ៊ូល​គ្រាន់តែ​ចង់​ភ្ជាប់ទំនាក់ទំនង​អន្តរកូរ៉េ​តែ​ប៉ុណ្ណោះ។

ប្រសិន​បើ​ អ្វីៗ​ប្រព្រឹត្ត​ដូច​ការ​គ្រោង​ទុក​នេះ​មែន នោះ​សម្ពាធ​តាន​តឹង​ដែល​កើន​ឡើង​ខ្លាំងជា​លំដាប់​ក្នុងរយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​នឹង​បន្ធូរ​បន្ថយ​បាន​ខ្លះ​ បើ​ទោះ​បី​ជា​កូរ៉េខាង​ជើង​រឹង​ទទឹង​មិនបោះ​បង់​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ក៏​ដោយ។

កម្មវិធី​​ប្រជុំ​គ្រួសារ​កូរ៉េ​អាច​ចាប់​ផ្តើម​វិញ ?

ចាស​នេះគឺ​ជា​សំណើ​ដាច់​ដោយ​ឡែក ពី​ការ​ស្នើ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ទេ។ ក្នុង​ពេល​ឃើញ​មាន​សកម្មភាព​នយោបាយ​ផុសផុល​ដូច្នេះ អង្គការ​កាកបាទក្រហម​ បាន​ឆ្លៀត​ឆក់​ឱកាស​​ធ្វើ​សំណូម​ពរ​បើក​ប្រជុំ​មួយ​ដែរ នៅ​ថ្ងៃ​ទី ១ សីហា​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​រៀប​ចំ​កម្មវិធី​ជួប​ជុំ​គ្រួសារ​​ដែល​ព្រាត់​ព្រាស​គ្នា​ម្ខាង​នៅ​កូរ៉េខាង​ជើង ម្ខាង​នៅ​កូរ៉េខាង​ត្បូង​ បាន​ជួប​ឃើញ​មុខ​គ្នា​ឡើង​វិញ នៅ​ខែ​តុលា​ខាង​មុខ។

ក្រុមគ្រួសារ​កូរ៉េ​វាល់​លាន​នាក់ បាន​ព្រាត់​ព្រាស​គ្នា​ ដោយ​ហេតុ​តែ​សង្គ្រាម​​ពី​ឆ្នាំ​១៩៥០-១៩៥៣ បាន​ពុះ​ចែក​កូរ៉េ​ជា​ពីរ។ សង្គ្រាមនេះ បាន​បិទ​បញ្ចប់​ដោយ​កិច្ចព្រមព្រៀងឈប់​បាញ់ មិន​មែន​ដោយ​ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព​អ្វី​ឡើយ ឬ​បើ​និយាយតាម​ភាសា​បច្ចេកទេស កូរ៉េខាង​ទាំង​ពីរ​នៅ​មាន​សង្គាម​នឹង​គ្នា​ទៅឡើយ​ទេ។ រវាង​ប្រទេស​ទាំង​ពីរ គ្មាន​ទំនាក់ទំនង​តាម​សារ​លិខិត ឬ​ទូរស័ព្ទ​ឆ្លើយ​ឆ្លង​គ្នា។

ក្រុមគ្រួសារ​ខ្លះ​មិន​ដែល​បាន​ជួប​គ្នា​សោះ ភាគ​ច្រើន​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិតដោយ​ជរា​ពាធ​ទៅ​ទៀត។ ទើប​តែ​ចាប់​​ពី​ឆ្នាំ​២០០០​មក​ទេ ដែល​ក្រុមគ្រួសារ​កូរ៉េ​នេះ​អាច​ជួប​គ្នា​បាន​ម្តង​​ក្នុង​ឆ្នាំ តាម​រយៈ​ការ​រៀប​ចំ​កម្មវិធី​ជួប​ជុំ​គ្រួសារ​ ប៉ុន្តែ​ភាព​តាន​តឹង​ក្នុង​ឧបទ្វីប​បាន​កាត់​បន្ថយ​កម្មវិធី​នេះ ហើយ​ព្យុងយ៉ាង​បាន​លុប​ចោល​កម្មវិធី​ជួប​ជុំ​គ្រួសារ​ជា​ច្រើន​ នៅ​នាទី​ចុងក្រោយ​តែ​ម្តង៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាមេរិក ៖ កូរ៉េខាង​ជើង​ប្រហែល​មាន​សារធាតុ​ភ្លុយតូនីញ៉ូម​ច្រើន​ជាង​ការ​ស្មានពីមុន

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    កូរ៉េខាងជើង និងអាមេរិក ត្រូវចរចាគ្នា តែចរចា ដោយ​វិធី​ណា?

    ស្វែងយល់បន្ថែម

  • ចិនបដិសេធ​​​ទំនួល​ខុស​ត្រូវ​ក្នុង​វិបត្តិ​កូរ៉េខាង​ជើង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    កូរ៉េ​ខាងជើង គំរាម​កុំឲ្យ​អាមេរិក និង​កូរ៉េ​ខាងត្បូង ​ប្រលែង​​ជាមួយ​ល្បែង​នុយក្លេអ៊ែរ​ឲ្យ​សោះ

    ស្វែងយល់បន្ថែម

  • លោកត្រាំសម្របតាម​​​សេអ៊ូល​រឿង​បើក​ជំនួប​ចរចានុយក្លេអ៊ែរ​​ជាមួយ​កូរ៉េខាង​ជើង

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក-ឧបទ្វីបកូរ៉េ

    អាមេរិកនិង​កូរ៉េ​ខាង​ត្បូង បង្ហោះ​យន្តហោះ​ចម្បាំង ​កំញើញ​កូរ៉េ​ខាងជើង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ