អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហភាព​អឺរ៉ុប​ចង់​ដើរ​តួ​ជា​អន្តរការី​ក្នុង​វិបត្តិ​កូរ៉េខាង​ជើង តាម​គំរូ​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នយោបាយ​ការទូត​អឺរ៉ុប មិន​ពេញ​ចិត្ត​នឹង​​ជំហរ​ខ្លះ​​របស់​លោក​ដូណាល់ត្រាំ​ទាក់ទង​នឹង​វិបត្តិ​កូរ៉េខាង​ជើង​ទេ ! ក្រុមការងារ​របស់​ប្រមុខ​ការ​ទូត​សហភាព​អឺរ៉ុប បាន​អះអាង​ថា អឺរ៉ុប​កំពុង​ពិចារណា​ចង់​ដើរ​តួ​ជា​អន្តរការី និង​ចង់​ធ្វើ​គ្រប់​យ៉ាង ដើម្បី​បញ្ចៀស​វិបត្តិ​នៅ​ឧបទ្វីប​នេះ កុំ​ឱ្យ​ធ្លាក់​ក្នុង​ជ្រោះ​នៃ​ជម្លោះ​ប្រដាប់​អាវុធបាន។ តើ​សហភាព​អឺរ៉ុប​​ មាន​អំណះអំណាងអ្វី និង​​អាច​ធ្វើ​អ្វី​ខ្លះ​ ក្នុង​ដំណោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ?

លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Federica Mogherini ចង់​ដើរ​តួ​ជា​អន្តរការី​ដោះស្រាយ​វិបត្តិកូរ៉េខាង​ជើង
លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Federica Mogherini ចង់​ដើរ​តួ​ជា​អន្តរការី​ដោះស្រាយ​វិបត្តិកូរ៉េខាង​ជើង Photo Thierry Charlier/AFP
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​សង្ឃឹម​ថា​នឹង​អាច​ដើរ​តួនាទី​ជា​អន្តរការី​ ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​តាន​តឹង​ខ្លាំង​នៅ​ក្នុង​តំបន់​ដែល​បង្កឡើង​​កូរ៉េខាង​ជើង។ នេះ​បើ​តាម​តំណាង​ការទូត​សហភាពអឺរ៉ុប និង​បើ​តាម​គំនិត​ របស់​បណ្តា​ប្រទេស​ជា​សមាជិកអឺរ៉ុប​មួយ​ចំនួន នាំ​មុខ​មុន​គេ​ដោយ​ស៊ុយអែត។ អឺរ៉ុប​គាំទ្រ​ និង​ត្រៀមខ្លួន​ចូល​រួម​ចំណែក​​​បើកកិច្ច​​​ចរចា​ ដូច​ដែលកូរ៉េខាង​ត្បូង​បានធ្វើ​សំណើ​​ ព្រម​ទាំង​ត្រៀម​ខ្លួន​ ​ចែក​រំលែក​បទ​ពិសោធ​ន៍​​ដែល​អឺរ៉ុប​មាន​និង​ធ្លាប់​ធ្វើ​ក្នុង​កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០១៥។

សមាជិក​ជា​ច្រើនផ្សេង​ទៀត ដឹកនាំ​ដោយ​បារាំង​ នៅ​មាន​ការ​សង្ស័យ​ច្រើន ខ្លាច​របប​ព្យុងយ៉ាង​បាន​ចិត្ត​យក​គំនិត​ផ្តួចផ្តើម​អឺរ៉ុប​ទៅធ្វើ​ជា​ឧបករណ៍។ ក្រុម​នេះ ចង់ត្រឹម​ឃើញមាន​ការ​ស្វែង​រក​​ដំណោះស្រាយឱ្យ​ឧបទ្វីប តាម​​គំរូ​​កិច្ចចរចា​៦​ភាគី​ (កូរ៉េខាង​ទាំងពីរ ចិន អាមេរិក​ ជប៉ុន និងរុស្ស៊ី)។ កិច្ចចរចា​៦​ភាគី​ ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​​២០០៣ តែ​ត្រូវ​ជាប់​គាំង​រហូត​ចាប់​តាំង​ពី​​ឆ្នាំ​២០០៩មក​ ក្រោយ​ពី​កូរ៉េខាង​ជើង បាន​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ។

ហេតុដូច្នេះហើយ​បាន​ជា​សហភាព​អឺរ៉ុប រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង។ អឺរ៉ុប​មិន​ប្រើ​ពាក្យ​ថា គំនិត​ផ្តួចផ្តើម​អឺរ៉ុប​ទេ គឺ​ប្រើ​ត្រឹម​ពាក្យ​គាំទ្រ​គំនិត​ផ្តួចផ្តើម​តំបន់ ពោល​គឺ​គំនិត​ផ្តួចផ្តើម​របស់​កូរ៉េខាង​ត្បូង និង​របស់ប្រធានាធិបតី​ថ្មី លោក មូន ចែអ៊ីន ដែល​បាន​ស្នើ​សុំ​ជា​ផ្លូវការ​ចរចា​ជាមួយ​កូរ៉េខាង​ជើង កាលពី​ថ្ងៃ​ចន្ទ។ ប៉ុន្តែ​សម្រាប់​លោកស្រី​ប្រមុខ​ការ​ទូត​សហភាព អឺរ៉ុប​មាន​គុណសម្បត្តិ​ច្រើន ដែល​អាច​ដើរ​តួនាទី​​ជា​អន្តរការី​ដោះស្រាយ​វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាង​ជើង​បាន ៖

នៅ​ក្នុង​សំណុំ​រឿង​នេះ ​អឺរ៉ុប​មាន​អព្យាក្រិត្យល្អ។ ម្យ៉ាង​ទៀត ​សមាជិក​អឺរ៉ុប​​ដល់​ទៅ ៧​ប្រទេស មាន​ទំនាក់ទំនង​និង​ស្ថានទូត​នៅ​ព្យុងយ៉ាង ! ដូច្នេះ​ប្រទេស​ទាំង​នេះ គឺ អាល្លឺម៉ង់ ប៊ុលហ្ការី ប៉ូឡូញ ឆែក អង់គ្លេស និង​ស៊ុយអែត ពិត​អាច​ជួយ​សម្រួល​​ការ​ផ្តោះប្តូរ​ការ​ទូត​បាន​។

ក្នុង​ឱកាស​ជំនួប​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ទាំង​២៨ នៅ​ថ្ងៃ​ចន្ទ​ទី ១៧ កក្កដា អឺរ៉ុប​មិន​បាន​បញ្ជាក់​ជំហរ​ច្បាស់​លាស់​របស់​ខ្លួន​ក្នុង​សំណុំ​រឿង​ចរចា​កូរ៉េ​មែន ប៉ុន្តែ​អឺរ៉ុប​បាន​លើក​ឡើង​អំពី​សម្មតិកម្ម​​នៃ​ការ​បើក​កិច្ចចរចា​ ថា​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​សើរើ​មើល​នយោបាយ​ដាក់​ទណ្ឌកម្ម​លើ​របប​ព្យុងយ៉ាង។

សម្រាប់​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប ព្យុងយ៉ាង​ត្រូវ​បញ្ឈប់​សកម្មភាព​បង្ក​ហេតុ​ដូច​យ៉ាង​ការ​បាញ់​មីស៊ីល​អន្តរទ្វីប​​ថ្ងៃទី​៤កក្កដា ព្រោះ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ខ្លាំងណាស់។ អឺរ៉ុប​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ចំពោះ​របប​ដែល​បង្កើន​សកម្មភាព​ប្រមូល​ថវិកា​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ និ​ងបាលីស្ទិក។ តែ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុងក្រោយ​ អឺរ៉ុប​មិន​បាន​បន្ទោស​ដោយ​ចំៗ​ក្រុមប្រទេស​អឺរ៉ុប​ខាង​កើត ដូច​យ៉ាង​សាធារណរដ្ឋ​ឆែក​ដែល​បាន​និង​កំពុង​បន្ត​ប្រើ​កម្លាំង​ពលករ​កូរ៉េខាង​ជើង​ទេ។ បើ​ទោះ​បី​ជា​ពលករ​ទាំង​នោះ ទំនង​ជា​ការងារ​ធ្វើ​ដោយ​បង្ខំ​ និង​ជា​ប្រភព​ផ្តល់​ចំណូល​មួយ​ដល់​របប​ព្យុងយ៉ាង​ក៏ដោយ។

តាមការ​ពិត​ទៅ​​ សហភាព​អឺរ៉ុប បាន​ផ្តើម​ចរចា​ដោយ​ស្ងាត់ៗ​ តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ ជាមួយ​កូរ៉េខាង​ត្បូង និង​ជាមួយ​ចិន។ សំណុំ​រឿង​កូរ៉េខាងជើង ត្រូវ​បាន​អឺរ៉ុប​លើក​មក​ពិភាក្សា​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាំង​នៅ​ព្រុចសែល កាលពី​ខែ​មុន។ កិច្ច​ពិភាក្សា​ ដឹកនាំ​ដោយ​អឺរ៉ុប បាន​រៀប​ចំ​ធ្វើ​ជា​ច្រើន​ដង​រួច​មក​ហើយ ហើយ​ពេល​ប្រជុំ​លើក​ក្រោយ​ បេសកជន​ពិសេស​ចិន​ទទួល​បន្ទុក​សំណុំ​រឿង​កូរ៉េ​ក៏​នឹង​មក​ចូល​រួម​ដែរ។

ប៉ុន្តែគំនិត​ផ្តួចផ្តើម​​របស់​​ប្រមុខ​ការ​ទូត​អឺរ៉ុប​ ដែល​ចង់​​បញ្ចៀស​ជម្លោះ​ប្រដាប់​អាវុធ​​នៅ​ឧបទ្វីប​កូរ៉េ​ ដោយ​​តាំង​ខ្លួន​ជា​អន្តរការី តាម​គំរូ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជា​ដំណើរ​ផ្លូវ​វែង​ឆ្ងាយណាស់។ គំនិត​នេះ​ត្រូវឆ្លង​កាត់​ជា​បឋម​ការ​អនុម័ត​យល់​ព្រម​ពី​សមាជិក​ធំៗ​របស់​អឺរ៉ុប​ បន្ទាប់​មក​ត្រូវ​ឆ្លង​កាត់​​ការ​ព្រមព្រៀង​ពីរដ្ឋបាល​វ៉ាស៊ីនតោន​របស់​​លោក​ត្រាំ ដែល​​​សង្ស័យ​រហូត​លើសមត្ថភាព​និង​តួនាទី​របស់​អឺរ៉ុប និង​ចិន​។ ម្យ៉ាង​ទៀត លោកត្រាំ ធ្លាប់​បាន​រិះគន់​ខ្លាំងណាស់ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​អឺរ៉ុប​បាន​ប្រឹង​ប្រែង​ខ្លាំង​ទម្រាំ​បាន​សម្រេច។

អាមេរិកទំនង​​កំពុង​រិះរក​មធ្យោបាយដោយ​ខ្លួន​ឯង ! បើ​តាមWall Street Journal ​វ៉ាស៊ីនតោន ​បាន​លួច​ចរចា​ដោយ​សម្ងាត់​បំផុត តាំង​តែ​ជាង​មួយ​ឆ្នាំ​មក​ហើយ ជាមួយ​កូរ៉េខាង​ជើង ដើម្បី​ត​ភ្ជាប់​ផ្លូវ​​ទូត​ដោយ​ផ្ទាល់​ជាមួយ​ព្យុងយ៉ាង។ ក្រសួងការបរទេសអាមេរិក ក៏​ប្រហែល​ជា​ប្រជុំ​ពិភាក្សា​បញ្ហានេះ​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ចិន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ