ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

ប្រធានាធិបតី​ហ្វីលីពីន​នឹង​មិន​ទៅ​អាមេរិក តាម​ការអញ្ជើញ​របស់​លោក​ដូណាល់ ត្រាំ

media ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ ©REUTERS/Ezra Acayan

ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន​អះអាង​ថា លោក​នឹង​មិន​ជាន់​ទឹកដី​អាមេរិក​ជាដាច់ខាត នោះបើ​ទោះ​ជា​លោក​បាន​ការអញ្ជើញ​រួចហើយ​ពី​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ។ នៅ​ចំពោះ​មុខ​អ្នកកាសែត នៅ​ថ្ងៃសុក្រ ប្រមុខ​ដឹកនាំ​ហ្វីលីពីន បាន​និយាយ​ចាត់ទុក​សហរដ្ឋអាមេរិក​ថា ជា​ប្រទេស​អន់​ណាស់ និង​មាន​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន។

លោក​ប្រធានាធិបតី មិនថ្នម​សំដី ឌុយទែរតេ នៅ​ថ្ងៃ​សុក្រ បាន​ឆ្លើយតប ថា ទេ ទៅ​សេតវិមាន ដែល​បាន​អញ្ជើញ​រូប​លោក​ឲ្យទៅ​ធ្វើ​ទស្សនកិច្ច នៅ​ទីក្រុង​វ៉ាស៊ីនតោន។ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​អញ្ជើញ​ប្រមុខ​រដ្ឋាភិបាល​ហ្វីលីពីន ឲ្យ​ទៅ​អាមេរិក តាំង​ពី​ខែ​មេសា​ម្ល៉េះ ប៉ុន្តែ លោក​ឌុយទែរតេ មិន​បាន​ឆ្លើយតប​អ្វី និង​លើក​ហេតុផល​ថា លោក​ជាប់​រវល់ ត្រូវ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស។

 

ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​យក​ពេលវេលា​ជួប​ជាមួយ​អ្នកកាសែត ដើម្បី​ផ្តល់​ចម្លើយ ថា លោក​នឹង​មិន​ទៅ​ជាន់​ទឹកដី​អាមេរិក មិនថា នៅក្នុង ឬ​នៅក្រោយ​អាណត្តិ​ប្រធានាធិបតី។ “ខ្ញុំ​បាន​ឃើញ​អាមេរិក និង​ភាពអន់ថយ​របស់​អាមេរិក។ អាមេរិក​មាន​ការរំលោភ​សិទ្ធិមនុស្ស​ច្រើនណាស់” នេះ​ជា​ប្រសាសន៍​របស់​លោក​ឌុយទែរតេ ដែល​ចង់​សំដៅ​ដល់​បេសកកម្ម​ធ្វើ​សង្រ្គាម​របស់​ទាហាន​អាមេរិក នៅតំបន់​ដើម​បូព៌ា។

 

លោក​ឌុយទែរតេ និយាយ​ថា ទេ មិន​ទៅ​អាមេរិក ដោយ​លោក​ចង់​ប្រតិកម្ម​ទៅ​នឹង​ការប្រកាស​របស់​សមាជិក​សភា អាមេរិក លោក James McGovern។ នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​សនវការ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​សភា​អាមេរិក ជាទី​ដែល​គេ​លើក​និយាយ​ពី​សង្រ្គាម​ប្រឆាំង​គ្រឿង​ញៀន​នៅ​ហ្វីលីពីន លោក​McGovern​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា គេ​មិន​គួរ​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ មក​អាមេរិក​ទេ និង​ថា លោក​នឹង​ដឹកនាំ​ក្បួន​បាតុកម្ម ប្រឆាំង​លោក​ឌុយទែរតេ បើសិន​លោក​ឌុយទែរតេ​ធ្វើ​ដំណើរ​មក​អាមេរិក​មែន។ សំដី​របស់​សមាជិក​សភា​អាមេរិក​បាន​ធ្វើ​ឲ្យ​លោក​ឌុយទែរតេ​ខឹងក្រោធ និង​ប្រកាស​មិន​ទាន់​ទឹកដី​អាមេរិក តាម​ការអញ្ជើញ​របស់​លោក​ដូណាល់ ត្រាំ។

 

ទំនាក់ទំនង​អាមេរិក និង​ហ្វីលីពីន បាន​ចុះ​ល្អក់កករ តាំង​ពីលោក​ឌុយទែរតេ​បាន​ឈ្នះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ដឹកនាំ​ហ្វីលីពីន។ លោក​ឌុយទែរតេ ដែល​ធ្លាប់​អះអាង​ចង់​ដកខ្លួន ឃ្លាតឆ្ងាយ​ពី​អាមេរិក បានងាក​ទៅ​ត្រូវរ៉ូវ ជាមួយ​ចិន និង​រុស្ស៊ី។ កន្លងមក លោក​ឌុយទែរតេនៅ​បាន​និយាយ​ជេរ អតីត​ប្រធានាធិបតី លោក​អូបាម៉ា ដែល​រិះគន់​វិធានការ​ប្រឆាំង​គ្រឿងញៀន​របស់​លោកថា ជា​កូនរបស់​ស្រីលក់​ខ្លួន។ ផ្ទុយ​ពី​លោក​អូបាម៉ា លោក​ប្រធានាធិបតី​អាមេរិក​ថ្មី ដូណាល់ ត្រាំ បាន​និយាយ​កោតសរសើរ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ និង​បាន​អញ្ជើញ​ប្រមុខដឹកនាំ​ហ្វីលីពីន​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក។ ដោយ​បដិសេធ​មិនទៅ​អាមេរិក តាម​ការអញ្ជើញ​របស់លោក​ដូណាល់ ត្រាំ លោក​ឌុយទែរតេ ជា​ប្រធានាធិបតី​ដ៏​កម្រ​របស់​ហ្វីលីពីន​ដែល​ហ៊ាន​និយាយ​ថា ទេ ទៅ​កាន់​មហាអំណាច​អាមេរិក ដែល​ធ្លាប់​ធ្វើ​ជា​ម្ចាស់​អាណានិគម​ហ្វីលីពីន ជិត​៥០ ឆ្នាំ(១៨៩៨-១៩៤៦) និង​ដែល​កំពុង​ជាប់​កិច្ចព្រមព្រៀង ផ្តល់​ជំនួយ​យោធា​ដល់​ហ្វីលីពីន​រហូតមក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ