អានតួអត្ថបទ
ហ្វីលីពីន-សហភាពអឺរ៉ុប

សភា​អឺរ៉ុប​ព្រួយ​បារម្ភ​ពី​ការសម្លាប់​មនុស្ស នៅក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន

សមាជិក​សភា អឺរ៉ុប នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​សំដែង​ការព្រួយបារម្ភ​របស់​ខ្លួន ជុំវិញ ការសម្លាប់​មនុស្ស នៅក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន ដែល​ចាប់​អនុវត្ត​ឡើង​ដោយ​លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ។ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​វិញ​បាន​ប្រតិកម្ម តវ៉ា ទាមទារ​ឲ្យ​សហគមន៍​អឺរ៉ុប និង​អាមេរិក​ទទួល​ស្គាល់​ពី​ចំណុច​វិជ្ជមាន​នៃ​យុទ្ធនាការ ប្រឆាំង​គ្រឿងញៀន ដែល​តាមពិត​បាន​ទទួល​ការគាំទ្រ​ខ្លាំង ពី​ប្រជាជន​ក្នុង​ស្រុក​ហ្វីលីពីន។

ប៉ូលិស​ហ្វីលីពីន​ឈរ​យាម​សាកសព​ដែល​គេ​សង្ស័យថា ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ដែល​ត្រូវ​ជនបិទមុខ​បាញ់​សម្លាប់ នៅ​ក្រុង​ម៉ានីល
ប៉ូលិស​ហ្វីលីពីន​ឈរ​យាម​សាកសព​ដែល​គេ​សង្ស័យថា ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ដែល​ត្រូវ​ជនបិទមុខ​បាញ់​សម្លាប់ នៅ​ក្រុង​ម៉ានីល ©REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ ដែល​បាន​ឈ្នះឆ្នោត នៅ​ឆ្នាំទៅ បាន​សន្យា​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​រាប់ម៉ឺននាក់ ដើម្បី​បង្ការ​ជៀសវាង​កុំ​ឲ្យ​ហ្វីលីពីន​ក្លាយ​ជា​ប្រទេស​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន។ តាំង​ពីពេល​នោះ​មក ប៉ូលិស​ហ្វីលីពីន​បាន​អះអាងថា មនុស្ស​ជាង​៣ពាន់ នាក់ ត្រូវ​បាន​សម្លាប់ នៅក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុមជួញដូរ​ថ្នាំញៀន នៅ​ហ្វីលីពីន។ ប៉ុន្តែ សម្រាប់​ក្រុម​អ្នកតាមដាន​សិទ្ធិ​មនុស្ស តួលេខ​មនុស្ស​ស្លាប់​នៅក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន មាន​ច្រើន​ជាង​តួលេខ​ផ្តល់​ដោយ​ប៉ូលិស ព្រោះ​ថា មនុស្ស​រាប់ពាន់​នាក់ ដែល​ប៉ូលិស​ចាត់ទុក​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន ត្រូវ​ជន​បិទមុខ លួច​បាញ់​សម្លាប់​ផងដែរ នៅ​តាម​ផ្លូវ នៅ​ហ្វីលីពីន។

 

ការបាញ់​សម្លាប់​មនុស្ស​ក្រៅ​ផ្លូវច្បាប់ នៅក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន របស់​រដ្ឋាភិបាល ហ្វីលីពីន ជា​ក្តីកង្វល់​របស់​សមាជិក​សភា​អឺរ៉ុប។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រនេះ សមាជិក​សភា អឺរ៉ុប​បាន​សំដែង​ការបារម្ភ​ផង​ដែរ​ពី​គម្រោង​ពន្យារ​ច្បាប់​អាជ្ញាសឹក​របស់​រដ្ឋាភិបាល​នៅ​កោះ​មីនដាណាវ ហើយ​និង​ការចង់​ស្តារ អនុវត្ត​ឡើងវិញ ច្បាប់​ប្រហារ​ជីវិត នៅ​ហ្វីលីពីន។

 

សេចក្តី​ថ្លែងការណ៍​របស់​សមាជិក​សភា​អឺរ៉ុប ធ្វើឡើង នៅក្រោយ គណៈប្រតិភូ​សមាជិក​សភា​អឺរ៉ុប ៤រូប មក​ពី​ប្រទេស​ស៊ុយអែត ហុងគ្រី អូទ្រីស ហើយ​និង​ដាណឺម៉ាក បាន​ធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន នៅ​សប្តាហ៍នេះ និង​បាន​ជួប​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​សមាជិក​ព្រឹទ្ធសភា លោកស្រី ឡៃឡា ដឺ លីម៉ា អ្នកចេញ​មុខ​រិះគន់​លោក​ប្រធានាធិបតី ដែល​កំពុង​ជាប់ឃុំ ក្នុង​បទ​ចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ។

 

សង្រ្គាម​បង្ហូរឈាម ប្រឆាំង​ក្រុមគ្រឿងញៀន នៅ ហ្វីលីពីន​ត្រូវ​បាន​គេ​លើក​យក​ទៅ​និយាយ​ផងដែរ នៅ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​ព្រឹទ្ធសភា​អាមេរិក។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស​បាន​និយាយ​ប្រាប់​សមាជិក​សភា​អាមេរិក​ថា មនុស្ស​ប្រមាណ ៧ពាន់​នាក់ ត្រូវ​គេ​សម្លាប់ នៅក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ។ សម្រាប់​ក្រុម​សិទ្ធិ​មនុស្ស លោក​ឌុយទែរតេ ហើយ​និង​ប៉ូលិស​អាច​កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា អឺរ៉ុប ហើយ​និង​អាមេរិក គួរ​តែ​ទទួល​ស្តាប់ ពី​ភាគី​ទាំង​សង​ខាង ពោល​គឺ​ត្រូវ​ស្តាប់​ការបកស្រាយ​ពី​រដ្ឋាភិបាល​ផង។ យ៉ាងណា​ក៏ដោយ តាម​អ្នកនាំពាក្យ​ខាងលើ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​បាន​ទទួល​ការគាំទ្រ​ខ្លាំង​ពី​ប្រជាជន​ហ្វីលីពីន ដែល​រដ្ឋាភិបាល​ចាត់ទុក​ជា​ចៅក្រម​តែម្នាក់​ដែល​អាច​វាយតម្លៃ និង​ផ្តល់​សិទ្ធិ​ឲ្យ​ប្រធានាធិបតី​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ក្រុមគ្រឿងញៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ