អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងត្បូង៖ កូរ៉េខាងជើង​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​ខ្ពស់​​នៅ​ឆ្នាំ ២០១៦

កូរ៉េខាងជើង​គ្មាន​រងគ្រោះ ប៉ះពាល់​ដោយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ តាម​ធនាគារ​កណ្តាល របស់​កូរ៉េខាងត្បូង ទោះ​ជា​កូរ៉េខាងជើង​រង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ព្រោងព្រាត ពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីក ប៉ុន្តែ កូរ៉េខាងជើង នៅ​ឆ្នាំ ២០១៦ មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ខ្លាំង មិន​ធ្លាប់​មាន នៅក្នុង​រយៈពេល ១៧​ឆ្នាំ​ចុងក្រោយ​នេះ។

ប្រជាជន​កូរ៉េខាងជើង​ប្រារព្ធ​ដឹងគុណ​ដល់​ស្ថាបនិក​គីម អ៊ីលស៊ុង នៅ​ថ្ងៃ​ទី ៨​កក្កដា ២០១៧
ប្រជាជន​កូរ៉េខាងជើង​ប្រារព្ធ​ដឹងគុណ​ដល់​ស្ថាបនិក​គីម អ៊ីលស៊ុង នៅ​ថ្ងៃ​ទី ៨​កក្កដា ២០១៧ ©Reuters/(KCNA)
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ជាបន្តបន្ទាប់ ទៅលើ​កូរ៉េខាងជើង ក្នុង​បំណង ដាក់​គំនាប​ឲ្យ​ប្រទេសនេះ​លះបង់​ចោល​មហិចច្ឆតា​ផលិត​អាវុធ​ប្រល័យលោក បរិមាណូ។ ប៉ុន្តែ របាយការណ៍ និង​ការស៊ើបអង្កេត ជាច្រើន​បាន​បង្ហាញ​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក និង​មាន​រួម​ចំណែក​ដោយ​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង គ្មាន​ប្រសិទ្ធិភាព ជះឥទ្ធិពល​អាក្រក់​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ទេ។

 

ជាក់ស្តែង នៅ​ថ្ងៃ​សុក្រនេះ ធនាគារ​កណ្តាល​របស់​កូរ៉េខាងត្បូង​បាន​បញ្ជាក់ បង្ហាញថា កូរ៉េខាងជើង នៅ​ឆ្នាំ ២០១៦ បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំង ប្រមាណ ៣,៩ភាគរយ ដែល​ជា​កំណើន​ខ្ពស់ មិនធ្លាប់ ចាប់តាំង​ពី​ឆ្នាំ ១៩៩៩​មក។ កូរ៉េខាងជើង​មិន​ដែល​ចេញផ្សាយ​តួលេខ​សេដ្ឋកិច្ច​ផ្លូវការ​របស់​ខ្លួនទេ។ ធនាគារ​កណ្តាល​កូរ៉េខាងត្បូង​អាច​ ប៉ាន់ ស្មាន​កំណើន​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង ដោយ​ពឹងផ្អែក​លើ​តួលេខ​ផ្តល់​ដោយ​អង្គការ​រដ្ឋ និង​ក្រុមហ៊ុន​កូរ៉េខាងត្បូង។

 

តាម​ការវាយតម្លៃ របស់​ធនាគារ​កណ្តាល​កូរ៉េខាងត្បូង ទោះ​រងការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ប៉ុន្តែ កូរ៉េខាងជើង​នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច ដែល​បាន​មក​ពី​កើន​ឡើង នៃ​ការផលិត​ឧស្សាហកម្ម​ធុនធ្ងន់ ឧស្សាហកម្ម​គីមី ក្នុងស្រុក ហើយ​និង​ការនាំចេញ​វត្ថុធាតុ​រ៉ែ​ទៅ​ក្រៅប្រទេស។ ឧទាហរណ៍ ផលិតកម្ម​រ៉ែ​កូរ៉េខាងជើង​ដែល​តំណាង​ឲ្យ​១២,៦ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប បាន​កើនឡើង​ប្រមាណ ៨,៤ភាគរយ​នៅ​ឆ្នាំ ២០១៦។

 

ជារួម ចិន​ត្រូវ​បាន​គេ​មើលឃើញថា នៅ​តែ​ជាទី​ពំនាក់​អាស្រ័យ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កូរ៉េខាងជើង។ ត្រូវ​ដឹងថា ទោះ​ជា​ចិន​បាន​សម្រេច​ឈប់​ទិញ នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង ក្នុង​ក្របខ័ណ្ឌ​នៃ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ ចិន​នៅ​តែ​បន្ត ទិញ នាំចូល វត្ថុធាតុ​ដើម រ៉ែដែក ពី​កូរ៉េខាងជើង។ ផ្ទុយមកវិញ កូរ៉េខាងជើង​នាំចូល​ប្រេង​សម្រាប់​ប្រើប្រាស់​ជា​ថាមពល​ក្នុង​ស្រុក។

 

ម្យ៉ាងវិញទៀត ផលិតផល​ក្នុង​ស្រុក​សរុប GDP​របស់​កូរ៉េខាងជើង កើនឡើង​ផង​ដែរ ដោយ​មក​ពី​នយោបាយ​សេរីភាវូបនីយកម្ម អនុគ្រោះ យោគយល់​ពី​រដ្ឋាភិបាល ទៅលើ​ការផ្តួចផ្តើម​គំនិត​របស់​ក្រុមហ៊ុន​ឯកជន ហើយ​និង​ការរីកសាយភាយ​នៃ​ក្រុមហ៊ុន​សហគ្រាស​តូចៗ ដែល​ធ្វើ​ជំនួញ​លើ​ចំណីអាហារ ហើយ​និង​ផលិតផល​នាំចូល​មក​ពី​ប្រទេស​ចិន។ អ្នកជំនាញ​ជាច្រើន​វាយតម្លៃថា នយោបាយ​សេរីភាវូបនីយកម្ម ដែល​ចាប់កំរើក​មាន​នៅក្នុង​ប្រទេស​កុម្មុយនិស្ត​កូរ៉េខាងជើង នឹង​អាច​ជំរុញ​ឲ្យ​វិស័យ​ឯកជន​មាន​ទម្ងន់ តំណាង​ឲ្យ​ពី ២៥ ទៅ ៥០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ