អានតួអត្ថបទ

ចិន​ ៖ សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​ម្នាក់​ជាប់​សង្ស័យ​ពុករលួយ

ការ​​បោស​សម្អាតជន​ពុក​រលួយ​បាន​ឡើង​​ដល់ស្ថាប័ន​​កំពូល​ដឹកនាំ​ប្រទេស​ហើយ ! នៅ​ថ្ងៃ​នេះ ក្នុង​ចំណោម​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន ដែល​ជា​តំណាង​មេ​ដឹកនាំ​កំពូល ​២៥​នាក់​ដំបូង​គេនៅក្នុង​ប្រទេស ​មាន​ម្នាក់​ត្រូវ​ជាប់​អង្កេត​ពី​បទ​ពុក​រលួយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន​ថ្មី ចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​ចន្ទ​ទី ២៤ កក្កដា ២០១៧។

លោក ស៊ុន ចឹង​ឆាយ ជាប់​សង្ស័យ​រំលោភ​វិន័យ​បក្ស។ រូបថត​ថ្ងៃទី ៦ មីនា ២០១៧
លោក ស៊ុន ចឹង​ឆាយ ជាប់​សង្ស័យ​រំលោភ​វិន័យ​បក្ស។ រូបថត​ថ្ងៃទី ៦ មីនា ២០១៧ WANG ZHAO / AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​សោះ លោក ស៊ុន ចឹងឆាយ​ Sun Zhengcai មាន​តួនាទី​ជា​លេខា​បក្ស​កុម្មុយនិស្ត​ប្រចាំ​តំបន់​​ចុងឈីង​ តំបន់​សេដ្ឋកិច្ច​លំដាប់​ទី​បួន​របស់​ចិន។ មាន​អាយុ​៥៣​ឆ្នាំ ជា​ឥស្សរជន​ដែល​ល្បី​ថា​ជា​មនុស្សហ្មត់ចត់ នឹង​ការ​ងារ នឹង​តួនាទី ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​ការិយាល័យ​នយោបាយ​បក្ស ដែល​ជា​ស្ថាប័ន​​មាន​សមាជិក​សរុប​៨​រូប និង​ជា​អ្នក​កាន់​អំណាច​ពិតៗ​នៅ​ចិន។

ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក ស៊ុនចឹងឆាយ បាន​ក្លាយ​ជា​សមាជិក​​ជាន់​ខ្ពស់​បក្ស​កំពុង​បំពេញ​តួនាទី​ដំបូងគេ​បង្អស់ ក្នុង​អាណត្តិ​លោក​ស៊ីជីនពីង ដែល​ជាប់​អង្កេត​ពុក​រលួយ។ សូម​បញ្ជាក់​ថា​នេះ​ក៏​លើក​ទី​មួយដែរ ​គិត​ចាប់​តាំង​ពី៥​ឆ្នាំ​មុន ឆ្នាំ​ដែល​មាន​ព្រឹត្តិការណ៍​ទម្លាក់​​​លោក បូ ស៊ីឡៃ អតីតអ្នក​នយោបាយ​ដ៏​ល្បីល្បាញ ឡើង​កូដខ្លាំង តែ​ជា​អតីត​គូប្រជែង​ប្រកប​ដោយ​សក្តានុពល​របស់​ប្រធានាធិបតី​ស៊ីជីនពីង។

គណៈកម្មការ​សីលធម៌បក្ស ឬ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បក្ស​ បានបើក​អង្កេត​ប្រឆាំង​នឹង​លោក ស៊ុន ចឹងឆាយ​ ពី​បទ​រំលោភបំពាន​វិន័យ​បក្ស​កុម្មុយនិស្ត​យ៉ាង​ធ្ងន់ធ្ងរ​។ រំលោភវិន័យ​បក្ស ជា​ភាសា​ផ្លូវការ​ដែល​សំដៅ​​លើរាល់​​បទ​សង្ស័យ​​ពាក់​ព័ន្ធ​នឹង​​អំពើ​ពុករលួយ។

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ គឺ​ជា​អាទិភាព​ចំបង​របស់​លោក​ស៊ីជីនពីង។ គិត​ចាប់​តាំង​ពី​ថ្ងៃ​ឡើង​កាន់​អំណាច នៅ​ចុង​ឆ្នាំ​២០១២មក យុទ្ធនាការ​​នេះ​បាន​កម្ចាត់​និង​ដាក់​ទោស​មនុស្ស១លាន​ពីរ​សែន​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​បក្ស​កុម្មុយនិស្ត​ចិន ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ។

ដំណឹង​ចោទ​ប្រកាន់​លោក ស៊ុន ចឹងឆាយ ពីបទ​ពុក​រលួយ​ធ្លាក់​បាន​លេចឮ​តាំង​មួយ​សប្តាហ៍​មក​ហើយ និង​ទើប​ត្រូវ​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ពោល​គឺ​តែ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បើក​សមាជ​បក្ស ដែល​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង។ ហេតុដូច្នេះ​ហើយ​ជា​មាន​សំណួរ​សង្ស័យ​ជា​បាន​ចោទ​ឡើង។​ អ្នក​ខ្លះ​យល់​ថា ​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ប្រើ​យុទ្ធនាការ​នេះ​ជាអាវុធ​ ​សម្រាប់វាយ​សំពង និង​​កម្ចាត់​ក្រុម​ជា​គូប្រជែង​ក្នុង​ជួរ​បក្ស​ ដើម្បី​ពង្រឹង​ឥទ្ធិពល​ ​ និងអំណាចបាន​យូរ​អង្វែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ