អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

អាហ្វហ្កានីស្ថាន​ ត្រូវ​រង​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​​

នៅ​​អាហ្វហ្កានីស្ថាន ទីក្រុង​កាប៊ូល ត្រូវ​​រង​​​ការ​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​រថយន្ត​​បង្កប់​គ្រាប់បែក​​​នៅ​​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទនេះ​។​ ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​​គឺ​​ សំដៅ​​ទៅ​លើ​​សហគមន៍​ជន​ជាតិភាគ​តិច Hazara ដែល​ជា​អ្នក​កាន់​សាសនា​​អ៊ីស្លាម​និកាយ Chiite។ ភ្លាមៗនោះ ​​ពួក​​តាលីបង់បាន​ប្រកាស​ថា​ការ​វាយ​ប្រហារនោះ ជាស្នាដៃរបស់​ពួកគេ​ និង​​​​ដែល​​បាន​​សម្លាប់​មនុស្ស​យ៉ាង​តិច ២៤​នាក់​​និង​​រង​របួស​ជាង​៤០​នាក់ផ្សេងទៀត​។​

បាតុកម្មមួយ​​​របស់​​​សហគមន៍​ជនជាតិភាគតិច Hazara ​​​​នៅ កាប៊ូល​​​​ត្រូវ​រង​​​​ដោយ​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​២៣​​កក្កដា​​២០១៦​
បាតុកម្មមួយ​​​របស់​​​សហគមន៍​ជនជាតិភាគតិច Hazara ​​​​នៅ កាប៊ូល​​​​ត្រូវ​រង​​​​ដោយ​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​២៣​​កក្កដា​​២០១៦​ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

យោងតាម​ក្រសួង​មហាផ្ទៃ​​​អាហ្វហ្កានីស្ថាន មនុស្ស​ចំនួន​២៤​នាក់ ត្រូវ​ស្លាប់​នៅ​និង​៤២​នាក់​ផ្សេង​ទៀត ត្រូវ​រង​របួស​នៅ​ក្នុង​អំពើ​ភេរវកម្ម​កាលពី​ព្រឹក​​ថ្ងៃ​ចន្ទ​នេះ​​នៅ​​ខាង​លិច​​​ទីក្រុង​កាប៊ូល។​ ភេរវករដែល​បើក​បរ​រថយន្ត​បង្កប់​​​គ្រាប់បែក បាន​បោះ​ពួយ​យ៉ាង​គម្រោល​​ប្រឆាំង​ទៅ​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ដឹក​បុគ្គលិក​​ក្រសូង​រ៉ែ​អាហ្វហ្កានីស្ថាន-នេះជាការ​ថ្លែង​​របស់​អ្នក​នាំពាក្យ​ម្នាក់​នៃ​ក្រសួង​រ៉ែ ​ប្រាប់​ដល់​ទីភា្នក់ងារ​សាព័ត៌មានបារាំង AFP។

ភ្លាមៗនោះ ពួក​អ៊ីស្លាមជ្រុលនិយម​​តាលីបង់ បាន​ស្រែក​​ប្រកាស​​តាម​គណនី​ Twitter ​របស់​ខ្លួន ថា​ជា​ការ​វាយ​ប្រហារ​​របស់​ពួក​គេ ​ប្រឆាំង​​ទៅ​លើ​រថយន្ត​ក្រុង​​មួយ​​​ដែល​ដឹក​សមាជិក​​​ក្រសួង​​ស៊ើបការ​សម្ងាត់​អាហ្វហ្កានីស្ថាន​និង​​​បាន​​បណ្តាល​ឲ្យ​ស្លាប់​ជន​ចំនួន​៣៧​នាក់ដែល​ស្ថិត​​នៅ​ក្នុង​ចំណោម​សមាជិក​របស់​ក្រសួង​ស៊ើបការ​សម្ងាត់​នេះ។

គួរបញ្ជាក់ថា អំពើ​ភេរវកម្មនៅព្រឹកមិញនេះ ត្រូវបាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​សង្កាត់​ដ៏​កុះករ​មួយ​ក្នុង​ទីក្រុង​កាប៊ូលដែល​ជា​​សង្កាត់​នៃសហគមន៍​ជន​ជាតិភាគ​តិច Hazara ​អ្នក​កាន់​សាសនា​​អ៊ីស្លាម​និកាយ Chiite​។ ម្យ៉ាងទៀតនៅ​ ទីនោះ ក៏​ជា​ទី​ ប្រជុំ​ទៅ​ដោយ​ទីកន្លែង​ក្លឹប​ហាត់​ប្រាណ​ ស្ថាប័ន​​នានា ហាង​លក់​ទំនិញ​ ក៏​ព្រម​ទាំង​សាល​នានា ​​សម្រាប់​ការ​រៀបចំ​ពិធី​មង្គលការ​​ផង​។

គួររំលឹកថា ​ជន​រងគ្រោះ​នៅ​ក្នុង​ការវាយប្រហារ​នា​ព្រឹក​មិញ ​សុទ្ធ​ស៊ឹង​ជា​ប្រជាជន​ស៊ីវីល​អាហ្វហ្កានីស្ថាន​ដែល​ក្នុង​ចំណោម​នោះ​ ក៏​មាន​ពួក​និស្សិត​ដែល​​ងើប​តាំង​ពី​ព្រឹលឹម​ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​​សាកល​វិទ្យាល័យ​ក្នុង​​អំឡុង​ពេល​នៃ​ការ​ប្រឡង ក៏​ព្រម​ទាំង​ឆ្មាំ​សន្តិសុខ​​ការពារ​លំនៅឋាន​របស់​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​នៃ​ហគមន៍​​ Hazara នេះ ​និង ​របស់​លោក Mohaqeq ​ដែល​ជា​សមាជិក​មួយរូបរបស់​​សភា​អាហ្វហ្កានិស្ថាន​​។ អ្នក​នាំពាក្យ​របស់​លោក Mohaqeq ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន បារាំង AFP ថា -​រថយន្ត​បង្កប់​គ្រាប់បែក​ បាន​ផ្ទុះ​ឡើង​នៅ​ចំ​ពី​មុខ​ប៉ុស្តិ៍​យាមល្បាត​ត្រួតពិនិត្យ​ទី​មួយ​នៃតំបន់​​លំនៅដ្ឋាន​របស់​លោក Mohaqeq ជាហេតុ​បណ្តាល​ឲ្យ​ស្លាប់​និង​រង​របួស​មនុស្ស​ជាច្រើននាក់ក្នុងចំណោម​នោះ​ ក៏​មាន​ឆាំ្ម​សន្តិសុខ​និង​ប្រជាជនស៊ីវីលផងដែរ​៕​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ