អានតួអត្ថបទ

IMF៖​សេដ្ឋកិច្ច​​ពិភពលោក​​ជួបកំនើនល្អ​​​ដូច​​គ្រោងទុក​ លើកលែង​សហរដ្ឋ​​អាមេរិក​

តួលេខ​កំនើន​សេដ្ឋកិច្ច​ក្នុងពិភពលោក ​ដែល​អង្គការ​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិIMF ​បាន​ប្រកាស​កាលពី​ខែ​មេសា មិនបាន​​ផ្លាស់ប្តូរទេ គឺមាន​៣,៥ភាគរយ សម្រាប់​ឆ្នាំ​២០១៧នេះ ដូច​ការគ្រោងទុក។ ដោយឡែក សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​អាច​ជួប​កំនើន​យឺតយ៉ាវ។

អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​កំនើន​សេដ្ឋកិច្ច​ពិភពលោក
អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​កំនើន​សេដ្ឋកិច្ច​ពិភពលោក REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

អង្គការ​IMFបាន​ផ្ទៀងផ្ទាត់​មើលឡើងវិញ នូវ​តួលេខ​កំនើន​ដែល​បាន​គ្រោងទុក កាលពី​ខែ​មេសា។ អង្គការ​IMF រំពឹងជារួម​​ថា ​​ សេដ្ឋកិច្ច​​​ពិភពលោក ​ជួបកំនើន​ល្អ គឺ​ក្នុង​តួលេខ​៣,៥ភាគរយ ​សម្រាប់ឆ្នាំ​២០១៧​នេះ ហើយ​នឹងអាច​កើន​ដល់​៣,៦ភាគរយ សម្រាប់​ឆ្នាំ២០១៨។ មូលហេតុ​នៃ​កំនើន គឺដោយសារ​ដំណើរការ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្មពិភពលោក​ចេះតែ​បន្ត​រីកទៅមុខ។

ប្រទេស​តំបន់​ចាយប្រាក់​អឺរ៉ូ ជួបកំនើន​១,៩ភាគរយ ឆ្នាំ២០១៧ និង​១,៧ភាគរយ ឆ្នាំ២០១៨ ជាតួលេខ​ខ្ពស់​ជាងការគ្រោងទុក ត្រូវនឹង​​០,២ពិន្ទុ​ និង០,១ពិន្ទុបន្ថែម។ ឆ្នាំ​២០១៧នេះ ប្រទេស​ជាច្រើនដូចជា​ប្រទេស​​ក្នុង​តំបន់​អឺរ៉ូ​ជួប​កំនើន​ខ្ពស់​ជាងការ​គ្រោងទុក​​ទៅទៀត បែបយ៉ាង​អេស្ប៉ាញ​ រឺ​ក៏អ៊ីតាលី​ជាដើម។ បារាំង​និង​អាល្លឺម៉ង់​ក៏មានកំនើន​​ដែរ។

ប៉ុន្តែ សហរដ្ឋ​អាមេរិកអាច​​ជួប​កំនើន​យឺតយ៉ាវ ព្រោះ​​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ទំនង​ជា​មិនសូវ​ចាយវាយ​ថវិកា​ច្រើន​ទេ។ ​កំនើន​នៅ​សហរដ្ឋអាមេរិក ​មាន​២,១ភាគរយ សម្រាប់ឆ្នាំ​២០១៧ នឹង​២០១៨ គីតទៅ គឺយឺតយ៉ាវ មិនដូច​​តួលេខ​កំនើន​ដែល​IMF បានគ្រោងទុក កាលពី​ខែមេសាទេ។ ខែមេសា IMFបានរំពឹង​ថា សហរដ្ឋ​អាមេរិក​អាចជួបកំនើន ​២,៣ភាគរយ ឆ្នាំនេះ និង​២,៥ភាគរយ​ឆ្នាំ២០១៨។ ការចុះខ្សោយ​នៃ​សកម្មភាពផ្នែក​​សេដ្ឋកិច្ច​ ធ្វើអោយ​អង់គ្លេស​​​ជួបកំនើន​យឺតយ៉ាវ​​​ដែរ ​គឺក្នុង​តួលេខ​​១,៧ភាគរយ ​ឆ្នាំ២០១៧ និង​១,៥ភាគរយ ​ឆ្នាំ២០១៨។

ដោយឡែក​ មហាអំណាច​រុស្ស៊ី​និង​ចិននៅតែអាច​​ជួបកំនើន​ដូចគ្រោងទុក​ដដែល។ តួលេខ​សម្រាប់​កំនើន​រុស្ស៊ី ឆ្នាំ​២០១៧ និង​២០១៨ មាន​១,៤ភាគរយ។ ចិន​វិញ ​មានកំណើន​គួរសម​ គឺ​មាន​៦,៧ភាគរយ សម្រាប់​ឆ្នាំ​២០១៧ និង​​៦,៤ភាគរយ​ សម្រាប់​ឆ្នាំ​២០១៨ គឺ​ហួសពី​ការរំពឹង​របស់អង្គការ​IMF​​ ប្រហែល​​០,១ពិន្ទុ ​ និង​​០,២ពិន្ទុ។ កំនើន​ចិន មានបាន​ដោយសារ​​​​​​​​​នយោបាយ​​បន្ធូរបន្ថយ​ និង​កំណែទម្រង់របស់​រដ្ឋចិន។ ជប៉ុនវិញ មានកំណើន​​​១,៣ភាគរយ​ ឆ្នាំ២០១៧ គឺលើសការគ្រោងទុក​០,១ពិន្ទុ ​ហើយ​ឆ្នាំ២០១៨ ជួប​កំនើន​​០,៦ភាគរយ ដូចការគ្រោងទុក​ដដែល។

ទោះ​អង្គការ​IMF មាន​សុទិដ្ឋិនិយម​ចំពោះ​កំនើន​ទាំងនេះ ក៏​ក្រុមជំនាញ​សេដ្ឋកិច្ច ​​ប្រាប់ថា តួលេខ​កំនើន​ អាច​ប្រែប្រួល​បានទៀត ព្រោះ​វា​អាស្រ័យ​តាម​​​ការវិវត្ត​​នយោបាយ​នៅ​សហរដ្ឋអាមេរិក រឺ​ក៏​​នយោបាយ​​នៅអង់គ្លេស ដែល​បាន​ដើរចេញ​ពី​អឺរ៉ុប។ ក្រុម​ជំនាញ​ក៏មិនភ្លេច​លើកឡើង​ពី​បញ្ហា​​កំចី​ហួសហេតុ​ក្នុងស្រុក​​ចិន​ដែរ៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ