អានតួអត្ថបទ
ថៃ

របបសឹក​បិទ​ផ្អឹប គណនី​ធនាគារ​របស់​អតីត​នាយករដ្ឋមន្រ្តី ថៃ

គណនី​ធនាគារ​ចំនួន ៧​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត អតីត​នាយករដ្ឋមន្រ្តី​ថៃ ត្រូវ​រដ្ឋាភិបាល​សឹក​បិទផ្អឹប មិន​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​អង្គារទី ២៥​កក្កដា។ របបសឹក​ថៃ​បាន​ចាត់វិធានការ​ស៊ីវិល​ប្រឆាំង​លោកស្រី​យីងឡាក់ ដែល​កំពុង​រង​ការចោទប្រកាន់ ថា បាន​ធ្វេសប្រហែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​ចំណូល ដោយសារ​តែ​កម្មវិធី ឧបត្ថម្ភ​អង្ករ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោកស្រី។

លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត ដែល​បង្ហាញ​មុខ​នៅ​សវនា​ចុងក្រោយ​របស់​តុលាការ នៅថ្ងៃ ទី ២១​កក្កដា​ បាន​​សំឡេង​គាំទ្រ​ពី​ប្រជាជន​ថៃ
លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត ដែល​បង្ហាញ​មុខ​នៅ​សវនា​ចុងក្រោយ​របស់​តុលាការ នៅថ្ងៃ ទី ២១​កក្កដា​ បាន​​សំឡេង​គាំទ្រ​ពី​ប្រជាជន​ថៃ ©REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត ជា​ប្រមុខ​រដ្ឋាភិបាល​ដំបូង​គេ នៅក្នុង​ប្រវត្តិសាស្រ្ត​ថៃ ដែល​ត្រូវ​តុលាការ បើក​ការជំនុំជម្រះ សម្រាប់​ការអនុវត្ត​នយោបាយ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​ខ្លួន។ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោកស្រី​យីងឡាក់ ដែល​ត្រូវ​របបសឹក​ថៃ ធ្វើ​រដ្ឋប្រហារ ផ្តួល​ពី​អំណាច នៅ​ឆ្នាំ ២០១៤ បាន​លេចមុខ​នៅ​ក្នុង​សវនាការ​ចុងក្រោយ​របស់​តុលាការ ដែល​បាន​ចោទ​លោកស្រី​ពី​បទ​ធ្វេសប្រហែល នៅក្នុង​ការដឹកនាំ​រដ្ឋាភិបាល​កន្លងមក។

 

ក្រៅ​តែ​ពី​ប្រឈម​ទៅ​នឹង​ការជាប់ទោស​ពន្ធនាគារ លោកស្រី យីងឡាក់ អតីត​នាយករដ្ឋមន្រ្តី​ស៊ីវិល​របស់​ថៃ កំពុង​រងគ្រោះ​ផងដែរ នឹង​ការប្រមាញ់​របស់​រដ្ឋាភិបាល​សឹក ដែល​កំពុង​ដាក់​សម្ពាធ​លើ​លោកស្រី ក្នុង​ផ្នែក​ហិរញ្ញវត្ថុ។ នៅ​ក្នុង​សារTwitter នៅ​ថ្ងៃ​អង្គារ​នេះ លោកស្រី​យីងឡាក់​បាន​សរសេរ​ថា របបសឹក​បាន​បង្កក​គណនី​ធនាគារ​របស់​លោកស្រី​ចំនួន ៧ និង​កំពុង​ត្រៀម​រឹបអូស​ ទ្រព្យសម្បត្តិ ផ្សេងទៀត របស់​លោកស្រី។

 

ទៅតាម​ការប្រកាស​ទ្រព្យសម្បត្តិ​របស់​លោកស្រី នៅ​ឆ្នាំ ២០១៥ លោកស្រី យីងឡាក់ បាន​បង្ហាញ​ថា កាល​លោកស្រី នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ថៃ លោកស្រី​មាន​គណនី​ធនាគារ​ចំនួន ១៦ ផ្សេងៗ​គ្នា ចំណែក​ទ្រព្យសម្បត្តិ​របស់លោកស្រី​មាន​សរុប ៦១២​លាន​បាត ស្មើនឹង ១៥,៧​លាន​អឺរ៉ូ។ នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​ប្រកាស​ពី​ចេតនា​ចង់​បង្កក​គណនី​ធនាគារ​ចំនួន ១២​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត។ អាជ្ញាធរ​ថៃ បានបង្ហាញ​ថា ចំណាត់ការ​ស៊ីវិល​របស់​រដ្ឋាភិបាល ធ្វើឡើង នៅក្នុង​ក្របខ័ណ្ឌ ទាមទារ​សំណង​ជម្ងឺចិត្ត ប្រមាណ ១លាន​ដុល្លារ ដែល​រដ្ឋាភិបាល​បាន​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់ សង ដោយសារ​តែ កម្មវិធី​នយោបាយ​ផ្គត់ផ្គង់ ឧបត្ថម្ភ​ទៅ​លើ​ស្រូវ​អង្ករ នៅ​ក្នុង​អាណត្តិ​របស់​លោកស្រី។

 

នៅ​ថ្ងៃ​សុក្រ នៅ​មុន​ពេល​ចូល​ទៅ​តុលាការ លោកស្រី យីងឡាក់​បាន​បញ្ជាក់​ម្តង​ទៀត ថា លោកស្រី​នៅ​ត្រៀម​ខ្លួន​ដើម្បី​បញ្ជាក់​ពី​ភាពស្អាតស្អំ​របស់លោកស្រី។ លោកស្រី យីងឡាក់​នៅ​តែ​ការពារ​នយោបាយ​ឧបត្ថម្ភ​អង្ករ ដែល​លោកស្រី​វាយតម្លៃថា ជា​ជំនួយ​ដ៏​សំខាន់ សម្រាប់​ទ្រទ្រង់ កសិករ​ក្រីក្រ​ថៃ ដែល​ធ្លាប់​ទទួល​បាន​តែ​ជំនួយ​តិចតួច​ពី​រដ្ឋាភិបាល​កន្លង។ កម្មវិធី​នយោបាយ​របស់​លោកស្រី​យីងឡាក់ ក្នុង​ការទិញ​អង្ករ ពី​កសិករ​ថៃ ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងណាស់​នៅ​តាមទីជនបទ ប៉ុន្តែ កម្មវិធី​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ព្រោះថា រដ្ឋាភិបាល​បាន​ចំណាយ​លុយ​ទិញ​អង្ករ​ពី​កសិករ ក្នុង​ម្លៃ​ខ្ពស់​ជាង​ទីផ្សារ ចំណែក អង្ករ ត្រូវ​ស្តុក​ទុក​ចោល មិនអាច​លក់​ចេញ​ទៅក្រៅបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ