អានតួអត្ថបទ

វិមានក្រេមឡាំង បរិហារ​អាក្រាត គម្រោង​ច្បាប់​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី ប្រឆាំង​រុស្ស៊ី

គម្រោង​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី ដែល​អនុម័ត​ដោយ​សភា​អ្នក​តំណាង​អាមេរិកាំង គឺជា​ព្រនង់​ទួង​ចំ​លើ​ច្បាប់​អន្តរជាតិ និង ពាណិជ្ជកម្ម​អន្តរជាតិ ជា​កាយវិការ​អមិត្ត​ក្រៃលែង និង​ជាដំណឹង​គួរ​ឲ្យ​ក្រៀមក្រំ សម្រាប់​ទំនាក់ទំនង​រវាង​សហព័ន្ធ និង សរអា - នេះជា​សេចក្តី​ថ្លែងការណ៍​ធ្វើ ថ្ងៃ​ពុធ ២៦ កក្កដា ដោយវិមានក្រេមឡាំង។

លោកប្រធានាធិបតី​រុស្ស៊ី Vladimir Poutine
លោកប្រធានាធិបតី​រុស្ស៊ី Vladimir Poutine REUTERS/Sergei Ilnitsky
ផ្សាយពាណិជ្ជកម្ម

ប្រាកដណាស់ ដែល​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នឹង​បញ្ចេញ​ប្រតិកម្ម​ទល់​នឹង គម្រោង​ច្បាប់ ទើប​អនុម័ត​ដោយ​សភា​ជាន់​ក្រោម​អាមេរិកាំង ប៉ុន្តែ​ប្រតិកម្ម​នោះ​នឹង​ផ្អែក​លើ​ការពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់ និង​លើ​ការសម្រេចចិត្ត តើ​ឆ្លើយ​តប​តាម​របៀប​ណា - សេចក្តី​នេះ ថ្លែង​ដោយ​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ក្នុង​សន្និសីទ​តាម​ទូរសព្ទ ទៅ​ពួក​អ្នកកាសែត។ តាម​សំដី​គាត់ ក្នុង​គ្រា​ឥឡូវ យើង​អាច​និយាយ​ថា ហេតុការណ៍​ដែល​កើត​មាន​នេះ ជា​ដំណឹង​មួយ​ដ៏​ក្រៀមក្រំ សម្រាប់​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក និង សម្រាប់​អនាគត​វា។ លោក ពេស្កូវ បន្ថែមថា ម៉ូស្គូ​ស្រងាក​ចិត្ត​មិន​តិច​ឡើយ នឹង​ចំហាយ​គម្រោង​ច្បាប់ នោះ សម្រាប់​ច្បាប់​អន្តរជាតិ និង សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ។

 

ប៉ុន្តែ ត្រូវរង់ចាំឲ្យគម្រោងច្បាប់នោះ ក្លាយ​ជាច្បាប់​សិន។ ដ្បិត អត្ថបទវា ដែលត្រូវ​បាន​អនុម័ត ដោយ​តំណាងរាស្ត្រ​អាមេរិកាំង ដល់​ទៅ ៤១៩ នាក់ ទល់​នឹង​សម្លេង​ជំទាស់​តែ ៣ ប៉ុណ្ណោះ ក៏ នឹង​ត្រូវ​អនុម័ត ដោយ​ព្រឹទ្ធសភា​ផង​ដែរ មុន​នឹង​ឆ្លង​ទៅ​ទទួល​ការ​ចុះ ឬ មិនចុះ ហត្ថលេខា ដោយ​ប្រធានាធិបតី ឲ្យ ក្លាយ​ជាច្បាប់​ដាក់​ឲ្យ​ប្រើ​ទៅ​កើត។

គួរនិយាយថា ពង្រាងច្បាប់អាមេរិកាំងនេះ ដែល​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​ទៅហើយ​ ពី​ខាង​ប្រទេស​ខ្លះ នៃ​សហភាពអឺរ៉ុប ដ្បិតវា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ក្រុមហ៊ុន​ជាច្រើន​របស់គេ ដែល​សហការ​ជាមួយ​រុស្ស៊ី ជាពិសេស ខាង​ចូលរួម​សាងសង់​ខ្សែបំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ ពីរុស្ស៊ី ដើម្បី​ធានា​ដល់​សន្តិសុខ​ថាមពល​នៅ​អឺរ៉ុប។ ម៉្លោះហើយបានជា តាំងពីក្រុង​ប៉ារីស រហូត​ដល់​ក្រុង​ប៊ែរឡាំង ដោយ​ឆ្លងកាត់​តាម​ក្រុង​ព្រុចសែល គំនិតផ្តួចផ្តើម​របស់​សភាអាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម ទល់​នឹង​រុស្ស៊ី ប្រព្រឹត្ត​ទៅមិន​រលូន​ឡើយ ពីព្រោះ វា​មាន​លក្ខណៈ​ឯកតោ​ភាគី​សុទ្ធសាធ។ មកទល់ឥឡូវ របប​ដាក់ទណ្ឌកម្ម ថ្កោលទោស​រុស្ស៊ី ចំពោះ​ការភ្ជាប់​យក​ទឹកដី​គ្រីមេ តែង​បាន​ទទួល​ការ​ចុះសម្រុង​គ្នា ជាមុន​សិន រវាង សរអា និង សហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ