អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ទាហាន​​អាហ្វហ្កានីស្ថាន​​២៦នាក់​​ស្លាប់​​ក្នុង​​ការ​វាយប្រហារ​​របស់​​ក្រុមតាលីបង់​

នៅ​អាហ្វហ្កានីស្ថាន កាលពីយប់​​ថ្ងៃអង្គារ ចូល​ព្រឹកថ្ងៃពុធ ​​ក្រុមតាលីបង់​រាប់សិប​នាក់​បាន​ចូលទៅវាយប្រហារ​បន្ទាយយោធាមួយ នៅ​ភាគខាងត្បូង​ប្រទេស។​ ទាហាន​អាហ្វហ្កានីស្ថាន​​ បាន​តបតទៅវិញ​ និងបាន​​សុំជំនួយ​ពី​ទ័ព​អាកាស។​ ហេតុការណ៍​នេះ​បាន​សម្លាប់​ទាហាន​២៦នាក់​ បង្ក​​របួស​ទាហាន​១៣នាក់។ ខាង​តាលីបង់​វិញ មាន​​​សកម្មជន​ស្លាប់​​ជាង៨០នាក់។ ​​​​​

ទាហាន​អាហ្វហ្កានីស្ថាន ​នៅ​បន្ទាយ​​Mzar-e-Charif ដែល​រងការវាយប្រហារពីក្រុមតាលីបង់​​ កាលពី​ថ្ងៃ​២១មេសា
ទាហាន​អាហ្វហ្កានីស្ថាន ​នៅ​បន្ទាយ​​Mzar-e-Charif ដែល​រងការវាយប្រហារពីក្រុមតាលីបង់​​ កាលពី​ថ្ងៃ​២១មេសា REUTERS/Anil Usyan
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាន​កើតឡើង នៅ​យប់​ថ្ងៃអង្គារ ចូលព្រឹក​ថ្ងៃពុធនេះ។​ ​ក្រុមភេរវជន​តាលីបង់​​បាន​ដឹកសកម្មជន​ខ្លួន​រាប់សិបនាក់ ចូលទៅ​វាយប្រហារ​បន្ទាយ​យោធា កាហ្សាលី Karzali នៅ​ខែត្រ​កាន់ដាហា ​ភាគខាងត្បូង​​​​​អាហ្វហ្កានីស្ថាន ធ្វើអោយ​​ទាហាន​ស្លាប់​២៦នាក់។ ​​ យោងតាម​សាក្សី​មួយរូបដែល​រស់នៅ​តំបន់មាន​​បន្ទាយ​ទាហាន​មួយនេះ ក្រុមតាលីបង់​មានគ្នីគ្នា​រហូត​រាប់រយ​នាក់​ឯណោះ បាន​បើក​រថយន្តជាង​៣០គ្រឿង​ចូលទៅវាយប្រហារ​​បន្ទាយ​ទាហាន កាហ្សាលី។ ទាហាន​អាហ្វហ្កានីស្ថាន​បាន​សុំជំនួយ​ពី​ទ័ព​អាកាស អោយ​ទំលាក់​គ្រាប់បែក​ ​វាយតបត​ទៅ​ក្រុមតាលីបង់​វិញ។ មន្ត្រី​​ទាហាន​អាហ្វហ្កានីស្ថាន​មួយរូប​ សុំមិនបញ្ចេញ​អត្តសញ្ញាណ​ ប្រាប់ថា ពេល​ដកថយ​ទៅវិញ ​ពួកតាលីបង់​បាន​យក រថយន្ត​​ទាហាន​​​​ជាច្រើន​គ្រឿង និង​អាវុធ​មួយចំនួន​ទៅជាមួយដែរ។ បន្ទាយទាហាន​កាហ្សាលី ស្ថិត​នៅ​ជិត​តំបន់​ហ៊ែលម៉ាន់ ដែល​ជា​សំបុក​​ក្រុមតាលីបង់។ ​ ​​

តាំងពី​ដើមឆ្នាំ​មក ក្រុមតាលីបង់​បាន​បើក​ការវាយប្រហារ​បន្ទាយ​​​ទាហាន​និងទីស្នាក់ការ​​ប៉ូលិស នៅ​អាហ្វហ្កានីស្ថាន ហើយ​ច្រើន​វាយ​ប្រហារ​ពេលយប់ ពេល​ទាហាន​កំពុង​សម្រាក។ ​ថ្ងៃ២១មេសា ​ក្រុមភេរវជន​បាន​វាយប្រហារ​បន្ទាយ​ទាហានមួយកន្លែង​ នៅ​ភាគខាងជើង សម្លាប់​មនុស្ស​១៣៥នាក់។ ខែឧសភា​ ក្រុមតាលីបង់​បានវាយប្រហារ​បន្ទាយ​ទាហាន និង​ទីតាំង​ប៉ូលិស យ៉ាងហោច​ក៏​៣កន្លែង​ដែរ នៅ​តំបន់​កាន់ដាហា ជិតព្រំដែន​ប៉ាគីស្ថាន​ ធ្វើអោយ​​ស្លាប់​មនុស្ស​ជាង​៦០នាក់។ ​

គិត​ជាង​មួយសប្តាហ៍​មកនេះ ​ក្រុមភេរវជន​​​​បាន​បង្កើន​ការវាយលុក​គ្រប់ទិសទី នៅ​អាហ្វហ្កានីស្ថាន​ បង្កភេរវកម្ម​បំផ្ទុះ​រថយន្ត​កាលពី​ថ្ងៃចន្ទ​កន្លងទៅ នៅ​ភាគខាងលិច​ក្រុង​កាប៊ូល សម្លាប់​មនុស្ស​២៦នាក់។ ចុងសប្តាហ៍​កន្លងទៅ ​ក្រុមតាលីបង់​បាន​ចាប់ខ្លួន​អ្នកភូមិ​ប្រហែល​​៧០នាក់ នៅ​ខាងជើង​ខែត្រ​កាន់ដាហា។ ក្រុមតាលីបង់​សង្ស័យថា អ្នកភូមិ​ទាំងនេះ​សហការ​ជាមួយ​រដ្ឋាភិបាល។ ​កាលពីថ្ងៃសៅរ៍ អ្នកភូមិ​ជាង​៣០នាក់​ ត្រូវបាន​ដោះលែង​មកវិញ។ តែ​គេរកឃើញ​សាកសព​អ្នកភូមិ​៧នាក់ផ្សេងទៀត នៅ​តាមផ្លូវ​មួយកន្លែង។ ពេលនេះ ​ប៉ូលិស​កំពុង​តាមរក​អ្នកភូមិ​ដែលនៅ​សេសសល់​ផ្សេងទៀត៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ