អានតួអត្ថបទ

កូរ៉េខាង​ត្បូង ៖អតីត​នាយក​ការិយាល័យ​ប្រធានាធិបតី​ប៉ាក់ ជាប់​ពន្ធនាគារ​បីឆ្នាំ​ ពី​បទ​ធ្វើ​បញ្ជី​ប្រឆាំង​សិល្បករ

​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោកស្រី ប៉ាក់ គុនហេ បាន​ខ្ទាត​ចេញ​ពី​តំណែង​ និង​កំពុង​រង់ចាំ​ការ​កាត់ទោស​នៅ​តុលាការ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករ​លួយ​ រំលោភ​អំណោច ... កូន​ចៅ​ក្រោម​បង្គាប់​និង​មនុស្ស​ជំនិត​របស់​លោកស្រី​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ ព្រម​ទាំង​បញ្ជូន​ទៅ​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​​ដែរ។ ជាក់​ស្តែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​ក្រុង​សេអ៊ូល បាន​ចេញ​សាលក្រម​កាត់​ទោសអតីត​នាយក​ការិយាល័យ​របស់​អតីត​ប្រធានាធិបតី ឱ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ ​ពី​បទ​បាន​បង្កើត​បញ្ជី​ខ្មៅប្រឆាំង​នឹង​សិល្បករ​ចំនួន​​​១០០០០​នាក់។

អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោកស្រី​ Park Geun-hye នៅ​តុលាការ​ក្រុង​សេអ៊ូល
អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោកស្រី​ Park Geun-hye នៅ​តុលាការ​ក្រុង​សេអ៊ូល REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នោះ ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​បាន​ធ្វើ​កា​ររិះគន់ ឬ​គូររូប​ថ្លុក​ប៉ះពាល់​ដល់​លោកស្រី​អតីត​ប្រធានាធិបតី និង​ឪពុក​លោក​ស្រី។ ​អ្នក​និពន្ធ​ប្រលោមលោក​ លោកស្រី ហាន កង់ ម្ចាស់​ជ័យលាភី​រង្វាន់​អក្សរសិល្ប៍​ជា​ភាសា​អង់គ្លេស Man Booker Prize ​ឆ្នាំ​២០១៦ - លោក ប៉ាក់ ចាន់វ័ក សម្មទ្ធិករ​ភាព​យន្តកូរ៉េ​ដ៏​ល្បីល្បាញ ដែល​បាន​ទទួល​ពាន​រង្វាន់​​ធំ នៅ​ក្នុង​មហោស្រព​កាន​ឆ្នាំ​ ២០០៤ ក្នុង​រឿង Old Boy ក៏​មាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅនោះ​ដែរ។

បំណង​នៃ​ការ​​បង្កើត​បញ្ជី​ខ្មៅ​នេះ​ គឺ​ដើម្បី​បិទ​ខ្ទប់​សំឡេង​ក្រុម​អ្នក​ប្រឆាំង តាម​រយៈ​ការ​បង្អាក់​មិន​ឱ្យសិល្បករ​ទាំង​នោះ​បាន​ទទួល​ជំនួយ​សាធារណៈ​ ឬ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ឯកជន។ ទង្វើ​បែប​នេះ ជា​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ការពារ​​គ្រប់​សិល្បករមិន​ឱ្យ​មាន​ការ​រើសអើង​ឡើយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល។

សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​មាន​ធ្លាយ​ព័ត៌មាន​ស្តី​អំពី​ការ​បង្កើត​​បញ្ជី​ខ្មៅ​នេះ​ឡើង សង្គម​កូរ៉េខាង​ត្បូង​ហាក់​ព្រឺព្រួច​រន្ធត់​ខ្លាំង​ណាស់​។ ពី​ព្រោះ​ទី​មួយ​ វា​បាន​ដាស់​កូរ៉េខាង​ត្បូង​នឹក​ឃើញ​អំពី​ប្រវត្តិ​ខ្មៅ​ងងឹត​ក្រោម​ការ​ដឹកនាំ​ផ្តាច់ការ​របស់​លោក ប៉ាក់ ជុងហេ ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​លោកស្រី​ប៉ាក់ គុនហេផង និង​ជា​ការ​ប្រឆាំង​​នឹង​​គោលការណ៍គ្រឹះ​នៃ​អំណាច​វប្បធម៌ គឺ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​។

ការ​​ដាក់​ទោស អតីត​នាយក​ការិយាល័យ​ប្រធានាធិបតី ក៏​សារ​ព្រមាន​​​ថ្មី​មួយ​ទៀត សម្រាប់​​លោកស្រី ប៉ាក់ គុនហេ ដែល​ក្រៅ​ពី​អស់​តំណែង​ លោកស្រី​​​ត្រូវ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​រង់ចាំ​ការ​កាត់ទោស​ ក្នុង​បទ​ចោទ​ប្រកាន់​ចំនួន​១៨ មាន​ជា​អាទិ៍​ពី​បទ​ពុករលួយ និង​រំលោភ​អំណាច និង​បទ​ធ្វើ​យុទ្ធនាការ​បង្ក្រាបពិភពសិល្បៈ ​​អ្នក​ភ្លេង អ្នក​និពន្ធ​ កវី ផលិតករភាព​យន្ត អ្នក​របាំ សិល្បករសិល្បការិនី អ្នក​សំដែង អ្នក​ស្មូន ...។

សាកក្រម​តុលាការ​សេអ៊ូល​ថ្ងៃ​នេះ​ក៏​បាន​ដាក់​ទោស​មនុស្ស​បួន​នាក់​​ទៀត​ក្នុង​សំណុំ​រឿង​តែ​មួយ ឱ្យ​ជាប់ពន្ធនាគារ​ខ្លះ​១៨​ខែ ខ្លះ​ពីរ​ឆ្នាំ។ អតីត​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ក៏ជា​ជន​ជាប់​ទោសម្នាក់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ