អានតួអត្ថបទ

នុយក្លេអ៊េរ​កូរ៉េខាងជើង ៖ ជប៉ុនចេញ​​ទណ្ឌកម្ម​ថ្មី​​ជា​ឯកតោភាគី ប៉ះ​ដល់​ចិន

នៅ​ថ្ងៃសុក្រ​នេះ ជប៉ុន​បាន​សម្រេច​ជា​ឯកតោ​ភាគី​ចេញ​វិធានការ​ថ្មី ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េខាងជើង ដោយ​បានហៀរ​​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ។ ក្រុមហ៊ុន​ទាំង​នោះ​សុទ្ធ​តែ​មាន​ចំណង​រក​ស៊ី​ជាមួយ​កូរ៉េខាង​ជើង ! សម្រាប់​ជប៉ុន​ មាន​តែ​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះទេ ​ទើប​អាច​បង្ខំ​ព្យុងយ៉ាង​ឱ្យ​​បោះបង់​កម្មវិធី​នុយក្លេអ៊ែររបស់​គេ​បាន។

ជប៉ុន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ក្រុមហ៊ុនចិន​ Dandong
ជប៉ុន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ក្រុមហ៊ុនចិន​ Dandong REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​ថ្មី​នេះ​ជា​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សាកល្បង​អាវុធ​មីស៊ីល​អន្តរទ្វីប​ កាលពី​ដើម​ខែ។ បើ​តាម​ការ​ពន្យល់​លម្អិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសជប៉ុន លោក ហ្វូមីញ៉ូ គីស្ហ៊ីដា មាន​ក្រុមហ៊ុនរដ្ឋ​​ចំនួន​៥​ ក្នុង​នោះ​ពីរ ជា​​របស់​ចិន ព្រមទាំង​៩​ក្រុមហ៊ុន​ជា​របស់​ឯកជន ដែល​ត្រូវ​ជាប់​ទណ្ឌកម្ម​ថ្មី​របស់​ជប៉ុន ដូច​ជា​ត្រូវ​​​បង្កក​ទ្រព្យ​ធនជា​ដើម​។ល។ បើ​តាម​សារព័ត៌មាន​សេដ្ឋកិច្ច​ជប៉ុន ក្រុមហ៊ុន​ចិន​ដែល​ជាប់​ទណ្ឌកម្ម​ជប៉ុននេះ​ មួយ​ជា​ធនាគារ​ Bank of Dandong (ធនាគារ​នេះ​ក៏​ជា​ចំណុច​ស៊ីប​នៃ​ទណ្ឌកម្ម​អាមេរិក​ដែរ) ​និង​មួយ​ទៀត ជា​ក្រុមហ៊ុម​ដឹកជញ្ជូន​​ផ្លូវ​សមុទ្ទ។

វា​ជា​ការ​ចាំបាច់​បំផុត ដែល​គេ​ត្រូវ​ពង្រឹង​សម្ពាធ​លើ​កូរ៉េខាង​ជើង ដើម្បី​ឱ្យ​របប​នេះ​បង្វែរ​ទិស​ទៅ​រក​រំសាយ​អាវុធ​នុយក្លេអ៊ែរ និង​បញ្ចេញ​សកម្មភាព​ច្បាស់​លាស់​ដោះស្រាយ​បញ្ហា​ជាមួយ​សហគមន៍​អន្តរជាតិ។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​​ប្រមុខ​ការ​ទូត​ជប៉ុន​ដដែល។

ជប៉ុន​ ក៏​ដូច​ជា​អាមេរិក បាន​ចាត់​ទុក​ចិន​ប្រទេស​ជំនិត​កូរ៉េខាង​ជើង​​តែ​មួយ​គត់ ថា​មាន​តួនាទី​សំខាន់​ក្នុង​ការ​តម្រង់​ទិស​របបព្យុងយ៉ាង។ ប៉ុន្តែ​សម្រាប់​​ប៉េកាំង រាល់​គ្រប់​វិធានការ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ត្រូវ​ឆ្លង​កាត់​ការ​ពិគ្រោះ​​ឆ្លង​យោបល់​សហគមអន្តរជាតិ។ ចិន​ប្រឆាំង​ដាច់​ខាត​រាល់​គ្រប់​ទម្រង់​នៃ​ទណ្ឌកម្ម​ដាក់​ឡើង​ជា​លក្ខណៈ​ឯកតោភាគី​ និង​ក្រៅ​ក្របខណ្ឌ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​និងបុគ្គល​ឯកជន​ចិន មិន​ថា​ទណ្ឌកម្ម​ដាក់​ចេញ​ដោយ​ប្រទេស​ណា​ឡើយ។ នេះ​ជា​ប្រតិកម្ម​របស់​ចិន​តាម​រយៈ​អ្នក​នាំពាក្យ​​ក្រសួង​ការបរទេស ដោយ​បញ្ជាក់​ទៀត​ថា ចិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​​ចង់ឃើញ​កូរ៉េខាង​ជើង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ និង​អនុវត្ត​​តាម​សេចក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ យ៉ាង​ល្អិតល្អន់​និង​ពេញ​ទំហឹង។

ហេតុ​ដូច្នេះ ចិន​នឹង​ស្នើ​ជប៉ុន​ឱ្យ​លុប​ចោល​វិធានាការ​​ថ្មី​នេះ​វិញ ព្រោះជា​សេចក្តី​សម្រេច​ដ៏​អាក្រក់ ដែល​អាច​ក្លាយ​ជា​ឧបសគ្គ​​រាំង​ស្ទះ​ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​ជប៉ុន​ផង និង​​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឧបទ្វីប​ផង។

តាំង​ពី​គីម​ជុងអ៊ុន​ បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១១​មក កូរ៉េខាង​ជើង​បានអភិវឌ្ឍន៍​យ៉ាង​លឿន​​កម្មវិធី​នុយក្លេអ៊ែរ​ និង​បាលីស្ទិក​ ដែល​ហាម​ឃាត់​ដោយ​សហគមន៍​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ