អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាន់​អំណាច​តពូជ​​ជា​ប្រពៃណីចាក់​ឬសចាក់​គល់​នៅ​ប៉ាគីស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​សុក្រ តុលាការ​កំពូល​បាន​ទម្លាក់លោក ណាវ៉ា ស្ហារីហ្វ ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ! នៅ​ថ្ងៃអង្គារ​នេះ គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​​ប៉ាគីស្ថាន ជា​បក្ស​កាន់​អំណាច ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​រដ្ឋាភិបាល​ថ្មី។ បេក្ខជន​នាយក​រដ្ឋមន្ត្រី​ថ្មី គឺ​លោក ស្ហាប៉ា ស្ហារីហ្វ​ដែលត្រូវ​ជា​​ប្អូន​ប្រុសបង្កើត​​​​របស់​លោក ណាវ៉ា ស្ហារីហ្វ។ មាន​ន័យ​ថា​អំណាច​ដឹកនាំ​ប្រទេស​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​គ្រួសារ​ស្ហារីហ្វ​ដដែល និងជា​ការ​​ផ្ទេរអំណាច​​ពី​បង​​ទៅ​ប្អូន ពី​ឪពុក​ទៅ​កូន ... តើ​នេះ​ជា​ប្រពៃណី​​នយោបាយ​នៅ​ប៉ាគីស្ថានឬ ?

លោក ស្ហេប៉ា ស្ហារីហ្វ អនាគត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន បន្ត​ពី​តំណែង​ពី​បង ណាវ៉ា ស្ហារីហ្វ
លោក ស្ហេប៉ា ស្ហារីហ្វ អនាគត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន បន្ត​ពី​តំណែង​ពី​បង ណាវ៉ា ស្ហារីហ្វ 路透社图片
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សង្គម​ប៉ាគីស្ថាន ចំណង​គ្រួសារ ត្រកូល សាច់ញាតិ មាន​តួនាទី​សំខាន់​ណាស់​ក្នុងនយោបាយ។ ជាង​ពាក់​កណ្តាល​នៃ​អ្នក​តំណាង​រាស្ត្រ​​ថ្នាក់​ជាតិ ថ្នាក់​តំបន់ តែង​តែ​ផ្ទេរ​តំណែង​​បន្ត​ពី​ឪពុក​ទៅ​កូន ពី​​បង​ ទៅ​ប្អូន ទៅ​មា​មីង កូនក្មួយ​ ចៅ​ ...

ករណី​លោក ណាវ៉ា ស្ហារីហ្វ អតីត​នាយក​រដ្ឋមន្ត្រី​ដែលតុលាការ​កំពូល​ទើប​សម្រេច​ទម្លាក់​កាល​ពី​ថ្ងៃ​សុក្រ ពី​បទ​ពុក​រលួយ​ ក៏​មិន​រំលង​ប្រពៃណី​នេះ​ដែរ ! លោកណាវ៉ា អស់​តំណែង​មែន ប៉ុន្តែ​ប្អូន​ប្រុស​ ដែល​មាន​ឈ្មោះ​ថា ស្ហាប៉ា ស្ហារីហ្វ នឹងត្រូវ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ ​ ​ ស្នង​ត្រកូល បន្ត​ពី​បង​ រហូត​ដល់​​មាន​ការ​បោះឆ្នោត​សភា​ថ្មី នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨។

អំណាច​ស្ថិត​ក្នុង​ដៃ​គ្រួសារដដែល ហើយ​លោក ណាវ៉ា ស្ហារីហ្វ អាច​បន្ត​ញាក់​ខ្សែ​​ដឹកនាំ​នៅ​ពី​ក្រោយ​ខ្នង​ទៀត ព្រោះ​លោក​​គឺ​ជា​ប្រធានប​ក្ស​​សម្ព័ន្ធ​អ៊ីស្លាម​ ដែល​ជា​បក្ស​កាន់​អំណាច ហើយ​ទំនង​ជា​អាច​បន្ត​មាន​ឥទ្ធិពល​ខ្លាំងនា​ពេល​​ខាង​មុខ និង​ក្នុង​អំឡុង​ពេល​បោះឆ្នោត​សភា​ផង។

ក្នុងវ័យ ៦៥​ឆ្នាំ លោក ស្ហេប៉ា ស្ហារីហ្វ បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​​Pendjab នឹង​ត្រូវ​បាន​គណបក្សបោះឆ្នោត​​ជ្រើសរើស​ឱ្យ​ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​បង។ ហើយកូនប្រុស​លោក​នឹង​ចូល​​អង្គុយ​​កៅអី​អភិបាល​ខេត្ត​បន្ត​ពី​​លោក។ នេះ​ហើយរាជរង្ស​នយោបាយសម័យ​ថ្មី ! ប្រពៃណី​បន្ត​អំណាច​នេះ​បាន​ចាក់​ឬស​ជ្រៅ​ខ្លាំង​ក្នុង​បក្ស​នយោបាយ រហូត​ដល់​គ្មាន​អ្វី​មក​បំបែក​បាន និង​ស្ទើរ​តែ​ក្លាយ​ជា​រឿង​ធម្មតា​នៅ​ប៉ាគីស្ថាន។

ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​ខ្លះ​ គេ​សង្កេត​ឃើញ​ថា លោក ស្ហេប៉ា គ្មាន​ទេពកោសល្យ​នយោបាយ​ដូច​បង​ទេ និង​មិន​អាច​បង្រួម​បក្ស​​ឱ្យ​គាំទ្រ​លោក​បាន​ទាំងស្រុង​ឡើយ ដូច្នេះ​វា​អាច​នឹង​មាន​ការ​ប្រេះ​ឆា​ក្នុង​ជួរ​បក្ស​ជា​មិន​ខាន តាម​រយៈការ​តែង​តាំង​លោក​ស្ហាប៉ា ជា​នាយក​រដ្ឋមន្ត្រី​នេះ។

ត្រកូល​​​នយោបាយ​ដ៏​សំខាន់​មួយទៀត​នៅ​ប៉ាគីស្ថាន គឺ​គ្រួសារ​ ប៊ូតូ នៃ​បក្ស​ប្រជាជន​ប៉ាគីស្ថាន។ បក្ស​នេះ​បាន​បាត់​បង់​ឥទ្ធិពល​របស់​ខ្លួន តាំង​ពី​ឃាតកម្ម​សម្លាប់​លោកស្រី បេណាហ្សៀ ប៊ូតូ Benazir Bhuttoដែល​ជា​នាយក​រដ្ឋមន្ត្រី​ភេទ​ស្ត្រី​ដំបូង​របស់​កប៉ាគីស្ថាន កាលពី​ឆ្នាំ​២០០៧​មក។ បង្កើត​ឡើង​ដោយ​លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ Zoulfikar Ali Bhutto ជា​ឪពុក​ បក្ស​ប្រជាជន​ប៉ាគីសា្ថន​មាន​ប្រវត្តិនិង​ម៉ាស៊ីន​​នយោបាយដ៏​មុតស្រួត​ ធ្លាប់​គ្រប់គ្រង​ជីវិត​នយោបាយ​ប្រទេស​រយៈ​ពេល​ជិត​បួន​ទសវត្សរ៍។ ​​

បច្ចុប្បន្នបក្ស​ប្រជាជន​ប៉ាគីស្ថាន​ ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ប៊ីឡាវ៉ាល់ ប៊ូតូ Bilawal Bhutto ដែល​ត្រូវ​ជា​កូន​។ នៅ​ឆ្នាំ​២០១៣ ​បក្ស​បាន​ចាញ់​ឆ្នោត​បាត់​បង់​អសនៈ​អស់​៧៦​កៅអី ក៏​ព្រោះ​តែ​ការ​បាត់​បង់​​​​​លោកស្រី​ប្រធានបក្ស​ដ៏ល្បីល្បាញ​។ បក្ស​បាន​ភ្លឺ​ស្វាង​ដោយសារ​ស្នាដៃ​​មេ​ដឹកនាំ ! ​កូន​ប្រុស​ជា​តំណាង​មិន​អាច​ទាក់​ចិត្ត​​ពលរដ្ឋ​បាន។ ករណី​លោក ណាវ៉ា ស្ហារីហ្វ ក៏​ដូច​គ្នា​។ លោក​​ជា​ព្រលឹង​របស់​​បក្ស បើ​គ្មាន​លោក​ឈរ​ឈ្មោះតើ​បក្ស​សម្ព័ន្ធ​អ៊ីស្លាម​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា?

ចំណែក​បក្សប្រឆាំងដ៏​ចំបង​នៅ​ប៉ាគីស្ថាន ​រំពឹង​ខ្លាំង​លើ​បុគ្គលិក​លក្ខណៈរបស់​លោក អ៊ីមរ៉ាន ខាន់ Imran Khan ដែល​ជា​ប្រធានបក្ស ​ជា​មនុស្ស​ មាន​ទេពកោសល្យ មាន​ឈ្មោះ​ល្បីព្រោះ​ជា​អតីត​ជើងឯកកីឡាCricket។ ​​លោក ខាន់ បាន​បង្កើត​និង​គ្រប់គ្រង ព្រមទាំង​ទាក់​ទាញ​យុវវ័យ​ និង​ពលរដ្ឋ​ស្រទាប់​កណ្តាល​ ឱ្យ​គាំទ្រ​បក្ស​របស់​លោកបាន​ ក៏ព្រោះ​តែ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ជា​បក្ស​ថ្មី​ ប្តូរ​ទម្លាប់​ប្រពៃណី​​កាន់​អំណាច​បន្ត​ត្រកូល។

ប៉ុន្តែ​បក្ស​របស់​លោក​ខាន់ គ្មាន​ថ្ងៃ​ប្រឈម​ឈ្នះ​នឹង​បក្ស​ធំៗ​ទាំង​ពីរ​ខាង​លើ​ទេ ព្រោះ​ខ្វះ​មូលដ្ឋាន​​ថ្នាក់​ជាតិ។ លោក​បាន​ត្រឹម​តែ​បន្ត​ស្រែក​​​រិះគន់​និង​បរិហារ​ ​ ប្រឆាំង​នឹង​ប្រពៃណី​ផ្ទេរ​អំណាច​ប្រជាធិបតេយ្យ​ តាម​បែប​បន្ត​​ត្រកូល​។ ការ​កាត់​ក្តី​ប្រឆាំង​គ្រួសារ​លោក ណាវ៉ា ស្ហារីហ្វ គ្រាន់​តែ​ជាព្រនង់​វាយ​បង្អាក់​នយោបាយ​បន្ត​ត្រកូល​ដែល​ជា​ឧបសគ្គនៃ​ការ​អភិវឌ្ឍន៍ស្ថាប័ននិង​តម្លៃ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស ប៉ុណ្ណោះ។

លោក ណាវ៉ា ស្ហារីហ្វ ព្រម​ទាំង​កូន​បី​នាក់ ដែល​អាច​នឹងក្លាយ​ជា​អ្នក​នយោបាយ ស្នង​តំណែង​បន្ត​ពី​ឪពុក រក្សាកេរ្តិ៍​ឈ្មោះ​វង្សត្រកូល​ជា​អ្នក​ដឹកនាំ​ប្រទេស ត្រូវ​​ជាប់​សង្ស័យ​​ក្នុង​អំពើ​ពុក​រលួយ​ និ​ងធ្វើ​ឱ្យ​លោក ណាវ៉ា ស្ហារីហ្វ បញ្ចប់​ជីវិត​នយោបាយ​​​របស់​លោក​មែន ប៉ុន្តែ​មិន​ប្រាកដ​ទេ​ដែលការ​ដឹកនាំ​ប្រទេស​បន្ត​ត្រកូល​ត្រូវ​ចប់​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ