ចិនតបទៅនឹងជប៉ុនដែលតវ៉ាថាចិនធ្វើអាជីវកម្មឧស្ម័ននៅក្នុងតំបន់សមុទ្រជាប់ជម្លោះ
នៅថ្ងៃពុធនេះ ទីក្រុងប៉េកាំង បានការពារយ៉ាងម៉ឺងម៉ាត់ ការធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ដែលមានឧស្ម័នធម្មជាតិនៅសមុទ្រចិនខាងកើត បន្ទាប់ពីមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងតូក្យូ។ ទីក្រុង តូក្យូ ដែលជាប់ជម្លោះជាមួយប៉េកាំងជាយូរឆ្នាំមកហើយ នៅក្នុងការទាមទារកម្មសិទ្ធិនៅក្នុងសមុទ្រចិនខាងកើតនេះ ដែលសម្បូណ៌ទៅដោយធនធានធម្មជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
“ប្រតិបត្តិការបូមឧស្ម័ននិងប្រេងនៅសមុទ្រចិនខាងកើតនេះ ត្រូវបានធ្វើឡើងទៅនៅក្នុងដែនសមុទ្រដែលជាអធិបតេយ្យភាពរបស់ចិន”នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសចិនប្រាប់ដល់ទីភា្នក់ងារព័ត៌មានបារាំងAFP នៅថ្ងៃពុធនេះ ដោយសង្កត់ពាក្យបន្ថែមទៀតថា “តំបន់ធ្វើអាជីវកម្មធនធានធម្មជាតិនោះ គឺជាជាទឹកដីរបស់ប្រទេសចិននិងដែលចិន អាចធ្វើអ្វីក៏បានដែរ”។
គួររំលឹកថា មហាអំណាចចិននិងជប៉ុន មានការទាស់ទែងជាមួយគ្នាតាំងពីយូរយារមកហើយទាក់ទងនឹងបញ្ហាកោះមួយចំនួននៅក្នុងសមុទ្រចិនខាងកើតដែលត្រួតត្រាដោយប្រទេសជប៉ុនក្រោមឈ្មោះថា « Senkaku »ជាភាសាជប៉ុន។ តែទីក្រុងប៉េកាំង បានទាមទារថាតំបន់កោះនោះ ជាកម្មសិទ្ធរបស់ប្រទេសចិនដែលមានឈ្មោះថា « Diaoyu»”ទាវយូ”ជាភាសាចិន។
នៅក្នុងជម្លោះដណ្តើមកម្មសិទ្ធិតំបន់កោះនោះ ទោះជាយ៉ាងណាក្តី ក៏ទីក្រុងតូក្យូនិងប៉េកាំង បានព្រមព្រៀងគ្នាដែរនៅខែមិថុនាឆ្នាំ២០០៨ដើម្បីសហការនៅលើអាជីវកម្មប្រេងនិងឧស្ម័ននៅក្នុងតំបន់នេះ។ ក៏ប៉ុន្តែ កិច្ចចរចានានារវាងបេកាំងនិងជប៉ុន ត្រូវបានបញ្ឈប់ពីរឆ្នាំក្រោយមក បន្ទាប់ពីមានភាពតានតឹងនិងគ្នា កាន់តែរីករាលដាលខ្លាំងឡើងៗដោយឥតទីបញ្ចប់ឡើយតាំងពីពេលនោះមក។
ហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាលជប៉ុន បានស្រែកឃាត់កុំអោយនាវារបស់ចិនដែលធ្វើប្រតិបត្តិការបូមធនធានធម្មជាតិ សំចតនៅជិត”ខ្សែបន្ទាត់កណ្តាល”ដែលខណ្ឌចែកតំបន់សេដ្ឋកិច្ចដាច់មុខ(ZEE)របស់ប្រទេសទាំងពីរ។ ទីក្រុងតូក្យូ ថែមទាំងព្រមានប៉េកាំងយ៉ាងម៉ឺងមាត់ថាខ្លួនប្រឆាំងដាច់ខាតមិនឲ្យចិន ធ្វើអាជីវកម្មក្នុងទ្រង់ទ្រាយធំជាឯកតោភាគីនោះឡើយ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ធ្លាប់បានបដិសេធ មិនទទួលស្គាល់ឡើយចំពោះគោលការណ៍នៃខ្សែបន្ទាត់កណ្តាលនេះ ដែលខណ្ឌចែកតំបន់សេដ្ឋកិច្ចដាច់មុខរវាងមហាអំណាចចិននិងជប៉ុន ហើយយោងតាមយោបល់របស់ក្រសួងការបរទេសចិន “គំនិតបង្កើតខ្សែបន្ទាត់កណ្តាលនេះ ”ក៏ជាសំណើរជាឯកឆ្ឆ័នមួយដែលធ្វើឡើងដោយប្រទេសជប៉ុនតែម្នាក់ឯងគត់តែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ