អានតួអត្ថបទ
ចិន-ជប៉ុន

ចិន​​​​​​ត​ប​​ទៅ​​នឹង​​ជប៉ុន​​ដែល​​តវ៉ា​ថា​​​​​ចិន​​ធ្វើ​អាជីវកម្ម​​​ឧស្ម័ន​​​​នៅ​​​​ក្នុង​​​តំបន់​​​សមុទ្រ​​​ជាប់​​​ជម្លោះ​​​​ ​

នៅ​ថ្ងៃ​ពុធ​នេះ ទីក្រុង​ប៉េកាំង បាន​ការពារ​យ៉ាង​ម៉ឺងម៉ាត់ ​ការធ្វើ​អាជីវកម្ម​​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែល​មាន​ឧស្ម័ន​ធម្មជាតិ​​នៅ​សមុទ្រ​ចិន​ខាង​កើត បន្ទាប់​ពី​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ទីក្រុង​តូក្យូ​។​ ទីក្រុង តូក្យូ ដែល​ជាប់​ជម្លោះ​​​​ជាមួយ​ប៉េកាំងជាយូរឆ្នាំមកហើយ​ នៅ​​ក្នុង​ការ​​ទាមទារកម្មសិទ្ធិ​​​​នៅក្នុងសមុទ្រចិនខាងកើតនេះ​​​ ដែលសម្បូណ៌ទៅដោយ​ធនធានធម្មជាតិ​​​។

សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន
សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន REUTERS/Kham/
ផ្សាយពាណិជ្ជកម្ម

“ប្រតិបត្តិការ​បូម​ឧស្ម័ន​និង​ប្រេង​​នៅ​សមុទ្រ​ចិន​ខាង​កើត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​​នៅ​ក្នុង​ដែន​​សមុទ្រ​​ដែល​ជា​​អធិបតេយ្យភាព​របស់​ចិន”នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន​ប្រាប់​ដល់​ទីភា្នក់ងារ​ព័ត៌មាន​បារាំង​AFP នៅ​ថ្ងៃ​ពុធ​នេះ ដោយ​សង្កត់​ពាក្យ​បន្ថែម​ទៀត​ថា “​តំបន់​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​នោះ គឺ​ជា​​ជា​ទឹក​ដី​របស់​ប្រទេស​ចិន​និង​ដែល​ចិន អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ”។​

គួររំលឹកថា មហា​អំណាច​ចិន​និង​ជប៉ុន មាន​ការ​ទាស់ទែង​ជា​មួយ​គ្នា​​តាំង​ពី​យូរយារ​មក​ហើយ​ទាក់ទង​​នឹង​បញ្ហា​កោះ​មួយ​ចំនួន​នៅ​ក្នុង​​សមុទ្រ​ចិន​ខាង​កើត​ដែល​​ត្រួតត្រា​ដោយ​ប្រទេស​ជប៉ុន​ក្រោម​ឈ្មោះ​ថា « Senkaku »ជា​ភាសា​ជប៉ុន។ តែ​ទីក្រុង​ប៉េកាំង បាន​ទាមទារ​ថា​តំបន់​កោះ​នោះ ជា​កម្មសិទ្ធ​របស់​ប្រទេស​ចិន​ដែល​មាន​ឈ្មោះ​ថា « Diaoyu»”ទាវយូ​”​ជា​ភាសា​ចិន។​

នៅ​ក្នុង​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​តំបន់​កោះនោះ ទោះជាយ៉ាងណា​ក្តី ក៏​ទីក្រុង​តូក្យូ​និង​ប៉េកាំង ​បាន​ព្រមព្រៀង​គ្នា​ដែរ​នៅ​ខែ​មិថុនា​ឆ្នាំ​២០០៨​ដើម្បី​សហការ​នៅ​​លើ​អាជីវកម្ម​ប្រេង​និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​នេះ​។​ ក៏ប៉ុន្តែ កិច្ចចរចា​នានា​រវាង​បេកាំង​និង​ជប៉ុន​ ត្រូវ​បាន​បញ្ឈប់​ពីរ​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​មាន​ភាព​តានតឹង​និង​គ្នា កាន់​តែ​រីករាលដាល​ខ្លាំង​ឡើងៗ​ដោយ​ឥត​ទី​បញ្ចប់ឡើយ​តាំង​ពី​ពេល​នោះ​មក។

ហើយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ជប៉ុន បាន​ស្រែក​​ឃាត់​កុំ​អោយ​នាវា​របស់​ចិន​ដែល​ធ្វើ​ប្រតិបត្តិការ​បូម​ធនធាន​ធម្មជាតិ សំចត​នៅ​ជិត​”​ខ្សែ​បន្ទាត់​កណ្តាល”​ដែល​ខណ្ឌ​ចែក​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​(ZEE)​របស់​ប្រទេស​ទាំង​ពីរ។ ទីក្រុង​តូក្យូ ថែម​ទាំង​ព្រមាន​ប៉េកាំង​យ៉ាង​ម៉ឺងមាត់​ថា​ខ្លួន​ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​ចិន ធ្វើ​អាជីវកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​ឯកតោ​ភាគី​នោះ​ឡើយ។

គួរបញ្ជាក់ថា ទីក្រុង​ប៉េកាំង ធ្លាប់​បាន​បដិសេធ មិន​ទទួល​ស្គាល់​ឡើយ​ចំពោះ​​គោលការណ៍​នៃ​ខ្សែ​បន្ទាត់​កណ្តាល​នេះ ​ដែល​ខណ្ឌ​ចែក​តំបន់​សេដ្ឋកិច្ច​​ដាច់​មុខ​រវាង​មហា​អំណាច​ចិន​និង​ជប៉ុន ហើយ​យោង​តាម​យោបល់​របស់​ក្រសួង​ការបរទេស​ចិន “គំនិត​បង្កើត​ខ្សែ​បន្ទាត់​កណ្តាល​នេះ ”​ក៏​ជា​សំណើរ​​ជា​ឯកឆ្ឆ័ន​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ជប៉ុន​តែ​ម្នាក់​ឯង​គត់​តែ​ប៉ុណ្ណោះ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ