ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាស៊ី

ម៉ាឡេស៊ី​បិទ ហាម​មិន​ឲ្យ​ចេញ​ផ្សាយ​សៀវភៅ​ដែល​ជំរុញ​សាសនា​អ៊ីស្លាម​បែប​មិន​ជ្រុលនិយម

media នៅ​គូឡាឡាំពួរ បុរស​ម៉ាឡេស៊ី​ម្នាក់​កាន់​សៀវភៅ ឈ្មោះ "Breaking The Silence: Voices Of Moderation - Islam In A Constitutional Democracy" ដែល​និយាយ​ពី​អ៊ីស្លាម​មិន​ជ្រុលនិយម © MOHD RASFAN / AFP

តើ​ចរន្ត​សាសនា​អ៊ីស្លាម​កំពុង​ដើរ​ត្រលប់​ថយក្រោយ ទៅ​រក​លក្ខណៈ​ជ្រុលនិយម នៅ​ម៉ាឡេស៊ី? នៅ​ថ្ងៃ​អង្គារ​ទី​១​សីហា សកម្មជន​ការពារ​សិទ្ធិមនុស្ស ហើយ​និង​​អ្នកនិពន្ធ​មួយក្រុម​បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​ទើប​បាន​ហាម​មិន​ឲ្យ​ចេញ​ផ្សាយ​សៀវភៅ​មួយ ដែល​និយាយពន្យល់​ពី​​សាសនា​អ៊ីស្លាម​​មិន​ជ្រុល​និយម។

សៀវភៅ​ឈ្មោះ បំបែក​ភាព​ស្ងៀមស្ងាត់​ជា​កម្រង​និក្ខេបបទ​ជាច្រើន ដែល​និយាយ​ពី​សំឡេង​អ្នក​កាន់​សាសនា​អ៊ីស្លាម​មិន​ជ្រុលនិយម ឬ​និយាយ​ពីសាសនា​អ៊ីស្លាម​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ។ កម្រង​និក្ខេបទ​នេះ​ជា​ស្នាដៃ​និពន្ធ​ឡើង​ដោយ​ក្រុម​អតីត​មន្រ្តី​រាជការ​​ អ្នកការទូត​ម៉ាឡេស៊ី ​កាន់​សាសនា​អ៊ីស្លាម។ ក្រុមនេះ​ដែល​មាន​ឈ្មោះ​ថា G ២៥ ត្រូវ​បាន​បង្កើតឡើង ក្នុង​ទិសដៅ ​​តស៊ូ​មតិ ជំរុញ​ឲ្យ​មាន​រូប​ភាពអត់ឱនគ្នា ​​នៅក្នុង​សាសនា​អ៊ីស្លាម។

 

នៅ​សប្តាហ៍មុន រដ្ឋាភិបាល​តាមរយៈ​ឧបនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក Ahmad Zahid Hamidi​បាន​ចេញ​បម្រាម​ មិន​ឲ្យ​សៀវភៅ​ដែល​បោះពុម្ព​នៅ​ប្រទេស​សិង្ហបុរី​មួយ​នេះ​ធ្វើ​ចរាចរ នៅក្នុង​ទឹកដី​ម៉ាឡេស៊ី។ តាម​បម្រាម​របស់​រដ្ឋាភិបាល ការ​បោះពុម្ព ឬ​មាន​សៀវភៅ​​ខាងលើ មាន​ន័យ​ស្មើ​នឹង​ការបង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ និង​បំភ័យ​មតិ​សាធារណជន។ ដូច្នេះ រាល់​អ្នកដែល​ល្មើស​ មិន​ធ្វើតាម​ការហាម​របស់​រដ្ឋាភិបាល នឹង​អាច​ប្រឈម​នឹង​ការជាប់ទោស​ នៅ​ពន្ធនាគារ​ រហូត៣​ឆ្នាំ។​

 

កន្លងមក រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ហាម​មិន​ឲ្យ​មាន​លក់ ចេញផ្សាយ​សៀវភៅ បទចម្រៀង ឬ​ចាក់បញ្ចាំង​ខ្សែភាពយន្ត​ណា​ដែល​មាន​ខ្លឹមសារនិយាយ​ប៉ះពាល់​ដល់​​សាសនា។ ប៉ុន្តែ អ្នករិះគន់​ជាច្រើន​វាយតម្លៃថា ទោះយ៉ាងនេះ​ក្តី គេ​សង្កេតឃើញថា នៅ​មួយ​រយៈ​ចុងក្រោយនេះ រដ្ឋាភិបាល​កាន់​តែ​តឹងតែង​​ជាងមុន នៅក្នុង​ការត្រួតពិនិត្យ​ខ្លឹមសារ​បញ្ចេញមតិ​នៅ​ម៉ាឡេស៊ី។ សម្រាប់​លោកស្រី ម៉ារីណា ម៉ូហាធៀរ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​​ ម៉ូហាធៀរ ម៉ូហាម៉េដ បម្រាម​របស់​រដ្ឋាភិបាល មាន​ទិសដៅ​តែមួយ​គត់ គឺ​បំបិទ​មាត់​របស់​ក្រុម​អ្នក​ដែល​ប្រឆាំង​​នឹង​រដ្ឋាភិបាល។

 

ក្រុមអ្នករិះគន់​រដ្ឋាភិបាល​ម៉ាឡេស៊ី​វិញ​និយាយ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​នេះ​បាន​បង្រ្កាប កាន់តែ​ខ្លាំង​​លើ​រាល់​សកម្មភាព​ដែល​គ្មាន​ផ្តល់​ការគោរព​ដល់​សាសនា​អ៊ីស្លាម។ គេ​វាយតម្លៃ​ថា នៅក្នុង​ពេល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម ពីការរៀបចំ​បោះឆ្នោត​មុន​អាណត្តិ លោក​នាយករដ្ឋមន្រ្តី ណាហ្ស៊ីប រ៉ាហ្សាក់​​​ខំប្រឹង​ធ្វើ​នយោបាយ​លើក​ស្ទួយ​សាសនា​អ៊ីស្លាម​ក៏​ព្រោះ​តែ​លោក​ចង់​ទាក់ទាញ​ម្ចាស់​សំឡេង​ឆ្នោត​ ដែល​ជា​អ៊ីស្លាម​សាសនិក។ សូមបញ្ជាក់ថា នៅ​ម៉ាឡេស៊ី ដែល​មាន​ប្រជាជន​រស់នៅ ៣០​លាននាក់ មាន​ជាង ៦០ភាគរយ​ជាអ្នកកាន់​សាសនា​អ៊ីស្លាម។ ក្រៅពីនោះ មាន​ពុទ្ធសាសនិក គ្រឹស្តសាសនិក ឬ​ហិណ្ឌូ​ជាដើម។ ប៉ុន្តែ ផ្ទុយពី​ឥណ្ឌូណេស៊ី​ដែល​មាន​ប្រជាជន​​​កាន់សាសនា​អ៊ីស្លាមច្រើន​ជាងគេ​នៅក្នុង​លោក ម៉ាឡេស៊ី​បាន​ងាក​ត្រលប់​ចង់​ទៅ​អនុវត្ត​សាសនា​អ៊ីស្លាម​តឹងរ៉ឹង បែបអភិរក្ស​និយមជ្រុល ដូចជា​ការអនុវត្ត​ច្បាប់​Charia ជាដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ