អានតួអត្ថបទ
ចិន

ជាប់ទោស ត្បិត​បាន​ចងក្រង និង​ផ្សព្វផ្សាយ​នៅលើ​វិបសៃតិ៍ ពី​ចំនួន​បាតុកម្ម នៅ​ចិន

អ្នកសរសេរ​ប្លុក ត្រូវ​បាន​តុលាការ ចិន​នៅ​ខេត្ត​ដាលី ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤ឆ្នាំ។ ចាប់ខ្លួន នៅ​ខែ​មិថុនា ឆ្នាំ ២០១៦ ដោយសារ​តែ​បាន​ប្រមូល​ចងក្រង​ឯកសារ​ស្តីពី​ចំនួន បាតុកម្ម របស់​កម្មករ និង​អ្នកបាត់បង់​ដីធ្លី​នៅ​ប្រទេស​ចិន អ្នកសរសេរ​ប្លុក លូ អ៊ុយអ៊ុយ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ពីបទ ញុះញង់ឲ្យ​កើត​មាន​ជម្លោះ ហើយ​និង​អសណ្តាប់ធ្នាប់​សង្គម។

កម្មកចិន​ជាង​២ពាន់​នាក់​ធ្វើ​បាតុកម្ម​នៅ​ខេត្ត​ជាំងស៊ូ នៅ​ប្រទេស​ចិន នៅ​ឆ្នាំ ២០១០
កម្មកចិន​ជាង​២ពាន់​នាក់​ធ្វើ​បាតុកម្ម​នៅ​ខេត្ត​ជាំងស៊ូ នៅ​ប្រទេស​ចិន នៅ​ឆ្នាំ ២០១០ ©CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

ញុះញង់ បង្ក​ឲ្យ​មាន​អសណ្តាប់ធ្នាប់ និង​ជម្លោះ គឺ​ជា​បទចោទ​ប្រកាន់ ដែល​អាជ្ញាធរ​ចិន​បាន​ប្រើ​ជា​ញឹកញយ ដើម្បី​បិទមាត់ អ្នកដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន។ នៅ​ថ្ងៃ​សុក្រ ម្សិលមិញ ទៅតាម​បទចោទប្រកាន់​ខាងលើ តុលាការ​ចិនបាន​ផ្តន្ទាទោស អ្នកសរសេរ​ប្លុក លោក​លូ អ៊ុយអ៊ុយ ឲ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ។

 

តាម​មេធាវី របស់​លោក​លូ កូនក្តី​របស់លោក នឹង​ប្តឹង​ឧទ្ធរណ៍​ទៅលើ​ការសម្រេច​របស់​តុលាការ​ខេត្ត​ដាលី ដែល​លោក​ចាត់ទុក​ថា ធ្ងន់ហួស​ប្រមាណ ព្រោះថា កូនក្តី​របស់​លោក​បាន​ចុះផ្សាយ និង​ចងក្រង​តែ​ព័ត៌មាន​អ្វី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ រួចហើយ នៅ​លើ​វិបសៃតិ៍​ដទៃ​តែប៉ុណ្ណោះ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International បាន​ទាមទារ​ឲ្យ​គេ​ដោះលែង​ជាបន្ទាន់ លោក​លូ ដែល​បើតាម Amnesty International គឺ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារ​តែ​បានធ្វើ​ការងារ​របស់​អ្នកកាសែត។

 

ធ្លាប់​ធ្វើការ​ជា​កម្មករ​ចំណាកស្រុក លោក​លូ អ៊ុយអ៊ុយ និង​ភរិយា​បាន​ស្វែងរុករក លើ​អ៊ីនធ័រនែត ហើយ​និង​បណ្តាញ​សង្គម ពី​ព័ត៌មាន​ដែល​និយាយ​ពី​បាតុកម្ម ហើយ​និង​ចលនា​តវ៉ា​របស់​កម្មករ នៅក្នុង​ប្រទេស​ចិន។ ដោយ​ប្រមូល ចងក្រង ព័ត៌មាន ជារៀងរាល់​ថ្ងៃ និង​ល្អិតល្អន់​បំផុត គូស្រករ​មួយ​នេះ សម្រេច​ធ្វើ​បាន​តារាង​បញ្ជីរ​មួយ ដែល​បាន​បង្ហាញ​ពីការផ្ទុះ កើនឡើង ខ្លាំង នូវ​ចំនួន​បាតុកម្ម​តវ៉ា និង​ជម្លោះ​រវាង​ថៅកែ ហើយ​និង​កម្មករ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ទៅតាម​ការរកឃើញ​របស់​អ្នកសរសេរ​ប្លុក កម្មករ​បាន​នាំគ្នា​តវ៉ា កាន់​តែច្រើន ដោយសារ​តែ​ការបិទទ្វារ​រោងចក្រ ការប្រើ​គ្រឿងយន្ត​ជំនួស មនុស្ស ឬ ដោយសារ​តែ​ថៅកែ​មិន​ព្រម​បើក​ប្រាក់ខែ តាម​កាលកំណត់។ អង្គការ​China Labour Bulletin ដែល​មានទីតាំង​នៅ​ទីក្រុង​ហុងកុង​បាន​រាប់រក​ឃើញ មាន​បាតុកម្ម​ច្រើន​ជាង ៥ពាន់ ដង នៅ​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ ពោល​គឺ​ច្រើន​ជាង ២ដង នៃ​ចំនួន​បាតុកម្ម ដែល​កើតមាន នៅ​ក្នុង​រយៈពេល ៤ឆ្នាំ​មុន។

 

ស្នាដៃ​ចងក្រង​របស់​អ្នកសរសេរ​ប្លុក លូ បាន​រំលេច​រូបភាព​ប្រទេស​ចិន​មួយ ដែល​សំបូរ​មាន​កាន់តែ​ច្រើន បាតុកម្ម និង​ភាពតានតឹង​នៅក្នុង​សង្គម។ សកម្មជន​ការពារ​សិទ្ធិមនុស្ស​មួយចំនួន បាន​ប្រើប្រាស់​ឯកសារ ចងក្រង​នៅក្នុង​ប្លុក​របស់លោក​លូ ដើម្បី​យក​ទៅ​ការពារ​សិទ្ធិ​របស់​ពលករ​ចិន​ដទៃ​ទៀត។ ប៉ុន្តែ លោក​លូ ដែល​បាន​ទទួល​រង្វាន់​ពី​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​នៅ​ឆ្នាំ ២០១៦ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន នៅ​ខែ​ពាក់កណ្តាល​ឆ្នាំមុន និង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ៤​ឆ្នាំ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ