អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ប្រើ​វេទិកា​អាស៊ាន​ គាប​កូរ៉េខាង​ជើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន កំពុង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​វេទិកា​​អាស៊ាន ស្តី​អំពី​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​៧​សីហា​ទៅ​។ ប៉ុន្តែ​ ​ជំនួប​ការទូត ​បាន​ចាប់​ផ្តើមយ៉ាង​សកម្ម​ ចាប់​តាំង​ពី​​ថ្ងៃ​អាទិត្យ​នេះហើយ។ ​ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​ក្នុង​សំណុំ​រឿង​កូរ៉េខាង​ជើង រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​​ចង់​ប្រើ​វេទិកា​នេះ​ដើម្បី​រឹត​បន្តឹង​​ទណ្ឌកម្ម​លើ​​របប​ព្យុងយ៉ាង។ ចំណែក​​សំណុំ​រឿង​សមុទ្ទ​ចិន​ខាង​ត្បូង​ ក៏​ស្ថិត​នៅ​ជួរ​មុខដែរ ចិន​សម្គាល់​ឃើញ​មាន​ភាពប្រសើរ តែ​សមាជិក​អាស៊ាន​នៅ​តែ​រក​ជំហរ​រួម​​មិន​ឃើញ​ដដែល។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​និង​ក្រុម​ប្រទេស​អាស៊ាន​នៅ​ក្រុង​ម៉ានីល​ ៦ សីហា ២០១៧
រដ្ឋមន្ត្រីការបរទេស​អាមេរិក​និង​ក្រុម​ប្រទេស​អាស៊ាន​នៅ​ក្រុង​ម៉ានីល​ ៦ សីហា ២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

​ជំនួប​​អាស៊ានប្រចាំ​ឆ្នាំ​ ស្តី​អំពី​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ទេ ប៉ុន្តែ ​ពិភពលោក​កំពុង​ផ្តោត​ចក្ខុ​ទៅ​ក្រុង​ម៉ានីល​ប្រទេសហ្វីលីពីនស្រេច​ទៅ​ហើយ ព្រោះ​តែ​​​សកម្មភាព​របស់​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក នៅ​ក្នុង​ទឹក​ដី​ហ្វីលីពីន។

អាមេរិក​ទាក់​​​អាស៊ាន​ ដើម្បី​ភាព​ឯកា​របស់​ព្យុងយ៉ាង

តាំង​ពី​ព្រឹក​មក​លោក​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​អាមេរិក​និង​ហ្វីលីពីន​ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ។ បន្ទាប់​មក​ លោក​ត្រូវ​ជួបសន្ទនាជា​ដំបូង​គេ​ជាមួយ​​សមភាគីភូមាមុន​នឹង​បន្ត​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ ​រុស្ស៊ី ចិន កូរ៉េខាង​ត្បូង ពោល​គឺ​ក្រុម​ប្រទេស​ដែល​មាន​តួនាទី​សំខាន់ៗ​ក្នុង​សំណុំ​រឿង​កូរ៉េខាង​ជើង។

ជា​ផ្លូវការ​លោក Rix Tillerson ជា​ភ្ញៀវ​ត្រូវ​មក​​ចូល​រួម​​ក្នុង​វេទិកា​អាស៊ាន​ប្រចាំ​ឆ្នាំ​ ប៉ុន្តែ​លោក​បាន​ប្រើ​ឱកាស​ និង​វេទិកា​នេះ សម្រាប់​ទាក់ទាញ​បណ្តាប្រទេស​នៅក្នុង​តំបន់​ឱ្យ​ជួយ​មួល​ខ្ចៅ​រឹត​កូរ៉េខាង​ជើង ក្រោយ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

នៅ​យប់​មិញ​ ជា​លើក​ទី​មួយ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​​អនុម័ត​ជា​ឯកច្ឆ័ន្ទសេចក្តី​សម្រេច​​​ដាក់​ទណ្ឌកម្ម​របប​ព្យុងយ៉ាង​ ចំពោះ​ទង្វើ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ កាលពី​ដើម​ខែ​កក្កដា។ ចិន​ផ្ទាល់ ​បាន​អំពាវនាវ​ជា​ថ្មី​ឱ្យ​ព្យុងយ៉ាង ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​វៀង​វ័យ។ ប្រសិន​បើ​គេ​គោរព​​តាម​សេចក្តី​សម្រេច​នេះដោយ​ត្រឹម​ត្រូវ នោះ​ព្យុងយ៉ាង​នឹង​បាត់​បង់​ចំណូល​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ វា​​ជា​ជោគជ័យ​មួយ​ចំណែក​​របស់​អាមេរិក ! ហេតុដូច្នេះ​​អាមេរិកត្រូវ​បន្ត​ខំ​ប្រឹង​ទៀត ដើម្បីបង្ហាញ​ថា កូរ៉េខាងជើង កាន់​តែ​ឯកា ហើយ​​ធានា​ឱ្យ​បានថា​ គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ចិន​ និង​រុស្ស៊ី​ តែ​ម្តង​ថា​ពិត​ជា​គោរព​បាន​ទាំង​ស្រុង​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។​

អាមេរិក​និង​កូរ៉េខាង​ជើង​ អង្គុយ​រួម​តុ

អាមេរិក​បាន​ដាក់សម្ពាធ​លើ​ហ្វីលីពីន​ជា​ម្ចាស់​ផ្ទះ ថា​កុំ​ឱ្យ​អញ្ជើញតំណាង​ព្យុងយ៉ាង​មក តែ​ម៉ានីល​មិន​ស្តាប់។​ ដូច្នេះ​នៅ​ថ្ងៃ​ស្អែក​នេះ ជា​លើក​ទី​មួយ ដែល​រដ្ឋមន្ត្រី​ការបរទេសអាមេរិក និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ជើង បង្ហាញ​វត្តមាន​រួម​​គ្នា​ក្នុង​សាល​ប្រជុំ​តែ​មួយ​។ ប៉ុន្តែ​វ៉ាស៊ីនតោន​បាន​ច្រាន​ចោល​ជា​ស្រេច​ថា​នឹង​គ្មាន​ជំនួប​ដោយ​ផ្ទាល់​មួយ​ទល់​នឹង​មួយ រវាង​លោក Rix Tilleson និង​សមភាគី​កូរ៉េខាង​ជើង លោក រី យ៉ុងហូ។

​ប៉ុន្តែ​ចំពោះ​កូរ៉េខាង​ត្បូង​វិញ វា​ជា​រឿង​ផ្សេង។ តាំង​ពី​ម្សិលមិញ​មក​ ប្រមុខ​ការ​ទូត​សេអ៊ូល​បាន​ប្រកាស​ ឱ្យ​​តែមាន​ឱកាស​ហុច​ឱ្យ លោក​នឹង​​ជួប​​​ជជែក​ជាមួយ​សមភាគី​កូរ៉េខាង​ជើង។ ក្នុង​នាម​ជា​ប្រទេស​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​ជាប់​របង​គ្នា កូរ៉េខាង​ត្បូង​យល់​ថា ត្រូវ​តែ​មាន​​ជំនួប​រវាង​សមភាគី​ទាំង​ពីរ ទើប​អាចបង្ហាញ​ចេតនា​ពិតៗ​​​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​​​ច្បាស់​លាល់​បាន។

​​អាស៊ាន​គ្មាន​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពីសមុទ្ទ​ចិន​ខាង​ត្បូង​

បើ​តាម​​រដ្ឋមន្ត្រីការបរទេស​ចិន ស្ថាន​ភាព​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​បាន​ប្រសើរ និង​បាន​ប្រកាស​បើក​ការ​ចរចា​នៅ​ឆ្នាំ​នេះ ស្តី​អំពី​ដំណើរការ​ក្រម​សីលធម៌​នៅ​សមុទ្ទចិន​ខាង​ត្បូង ដែល​អាស៊ាន​និង​ចិន ព្រមព្រៀង​គ្នា​ជា​គោល​ការណ៍។ ​នៅ​ថ្ងៃអាទិត្យ​​នេះ អាស៊ាន​និង​ចិន ត្រូវ​ផ្តល់​ភ្លើង​ខៀវ​លើ​​ផែនទី​ចង្អុល​ផ្លូវ​​មួយ​ សម្រាប់​ដាក់​ឱ្យ​ដំណើរ​ការ​ក្រមសីលធម៌នោះ។

ប៉ុន្តែអាស៊ាន​​មិន​ត្រូវ​គ្នា​​ក្នុង​រង្វង់​សមាគមឯង ! ​វៀតណាម សមាជិក​អាស៊ាន​មួយ​ដែល​មាន​វិបត្តិ​ដោយ​ផ្ទាល់​ជាមួយ​ប៉េកាំង​ក្នុង​ជម្លោះ​សមុទ្ទ​ចិន​ខាង​ត្បូង បាន​ទាមទារ​ឱ្យ​អាស៊ាន​ប្រកាន់ជំហរ​តឹង​រ៉ឹង​ខ្លាំង​ដាក់​ចិន ! រដ្ឋមន្ត្រីការបរទេស​ទាំង​១០ ជា​សមាជិក​អាស៊ាន បាន​ជួប​ពិភាក្សាការងារ​​តាំង​ពី​ថ្ងៃ​សៅរ៍ និង​បន្ត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ​ទៀត នៅ​តែព្រមព្រៀង​គ្នា។ នៅ​ទី​បំផុត សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​បាន​ទេ​ ! ដោយ​ហេតុ​តែ​មាន​ភាគី​កម្ពុជា​ សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​ប៉េកាំង បានធ្វើ​រនាំង​។

វៀតណាម​មាន​ជំហរ​រឹង ហើយ​ចិន​ប្រើ​កម្ពុជា​ជា​ឈ្នាន់​សម្រាប់​ការពារ​ប្រយោជន៍​​ ​​ហ្វីលីពីន​ជា​ម្ចាស់​ផ្ទះ​ក៏​ទ្រ​ចិន​ដែរ ទោះ​បាន​សន្យា​ប្រឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​​ដើម្បីចម្លង​ឱ្យ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា ក៏​បើ​តាម​អ្នក​វិភាគ​ គេ​គ្មាន​រំពឹង​អំពី​លទ្ធផល​នៃ​បង្កើត​ផែនទី​ចង្អុលផ្លូវ​ចេញ​ទេ។ ពួក​គេ​បាន​ពន្យល់​ថា ក្រម​សីលធម៌​បាន​ប្រសូត​ចេញ​បន្ទាប់​ពី មាន​ការ​ចរចា​អស់ ​១៥​ឆ្នាំ​ ដែល​ផ្តល់​ឱកាស​ឱ្យ​ចិន​បាន​ពង្រឹង​វត្តមាន​លើតំបន់​​​ជាប់​ជម្លោះបាន​កាន់​តែ​ខ្លាំង។ ដូច្នេះ​គេ​ក៏​ត្រូវ​ការ​ពេល​វេលា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ទើប​អាច​​ដាក់​ដំណើរ​ការ​ក្រមសីលធម៌បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ