អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងត្បូង

តុលាការ​សម្រេច​ឲ្យ​ក្រុមហ៊ុន​មីតស៊ូប៊ីស្ហ៊ី បង់​សងជម្ងឺ​ចិត្ត​ដល់​ទាសករ កម្មករ​កូរ៉េខាងត្បូង

តុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ​ទី ៨​សីហា ​បាន​សម្រេច បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុនធ្ងន់​របស់​ជប៉ុន មីតស៊ូប៊ីស្ហ៊ី Mitsubishi បង់ប្រាក់ សង​ជម្ងឺចិត្ត ដល់​ជនជាតិ​កូរ៉េខាងត្បូង ដែល ​ជប៉ុន​បាន​ចាប់បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ កម្មករ នៅក្នុង​អំឡុង​សម័យសង្រ្គាម​លោក​លើក​ទី២។ ក្រុមហ៊ុន ជប៉ុន នៅ​ថ្ងៃ​នេះ បាន​ប្រតិកម្ម​តបវិញ ថា នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​នឹង​ការសម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង។

ស្លាក​យីហោ​របស់​ក្រុមហ៊ុន​ជប៉ុន នៅ​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​តូក្យូ ថ្ងៃទី ២សីហា ២០១៧
ស្លាក​យីហោ​របស់​ក្រុមហ៊ុន​ជប៉ុន នៅ​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​តូក្យូ ថ្ងៃទី ២សីហា ២០១៧ ©REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ទៅតាម​ការសម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង ក្រុមហ៊ុន​ជប៉ុន មីតស៊ូប៊ីស្ហ៊ី Mitsubishi​ត្រូវ​បង់​សង​ជម្ងឺចិត្ត សរុប ១២៣​លាន​វ៉ុន ស្មើ ១សែន ២ម៉ឺន​ដុល្លារ ទៅ​ឲ្យ​ជនជាតិ កូរ៉េខាងត្បូង ដែល​ត្រូវបាន​ជប៉ុន​ចាប់បង្ខំ​ឲ្យ​ធ្វើការ នៅក្នុង​អំឡុង​សង្រ្គាម​លោក លើក​ទី២។

 

នៅក្រោម​សម័យ​ត្រួតត្រា​របស់​ជប៉ុន ពី​ឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ ជនជាតិ​កូរ៉េ​រាប់សែន​នាក់ ត្រូវ​បាន​ទាហាន​ជប៉ុន​ចាប់បង្ខំ ឲ្យ​ទៅ​ប្រយុទ្ធ​នៅ​ជួរមុខ​ក្នុង​សមរភូមិ ឬ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ។ សូមបញ្ជាក់ថា ជនរងគ្រោះ ដែល​បាន​ឈ្នះ​ក្តី នៅ​ថ្ងៃ​អង្គារ ធ្លាប់​ស្ថិតនៅ​ក្នុង​ចំណោម យុវជន​កូរ៉េ ដែល​ត្រូវ​បាន​គេ​បោកប្រាស់ថា នឹង​បាន​ទៅ​រៀន ឬ​ធ្វើការ​បាន​ប្រាក់​ខែ នៅ​ប្រទេស​ជប៉ុន។ ប៉ុន្តែ នៅ​ពេល​ទៅដល់​ទឹកដី​ជប៉ុន នៅ​ឆ្នាំ ១៩៤៤ ពួកគេ​ត្រូវ​បាន​ចាប់បង្ខំ ឲ្យធ្វើការ​ដូចជា ទាសករ នៅ​រោងចក្រ ឧស្សាហកម្ម​ធុនធ្ងន់​របស់ មីតស៊ូប៊ីស្ហ៊ី Mitsubishi នៅ​ទីក្រុង ណាហ្គោយ៉ា ដែល​មាន​នាទី​ផលិត​យន្តហោះ។

 

សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​ជនរងគ្រោះ​កូរ៉េ នៅក្នុង​សម័យ​សង្រ្គាម ការសម្រេច​របស់​តុលាការ នៅ​ថ្ងៃ​អង្គារ ជា​ជ័យជំនះ​លើក​ទី២ របស់​ក្រុមគ្រួសារ ជនរងគ្រោះ កូរ៉េ ក្នុង​ការទាមទារ​ស្វែងរក​ការសង​ជម្ងឺចិត្ត​ពីក្រុមហ៊ុន​ជប៉ុន។ នៅ​ឆ្នាំ ២០១៣ តុលាការ​កូរ៉េខាងត្បូង ខាងលើ ធ្លាប់​បាន​សម្រេច​ផ្តន្ទាទោស​ម្តងហើយ ឲ្យ​ក្រុមហ៊ុន​មីតស៊ូប៊ីស្ហ៊ី Mitsubishi​ដដែល បង់​សងជម្ងឺចិត្ត ដល់​ជនជាតិ​កូរ៉េ ៥​នាក់ ដែល​រងគ្រោះ ធ្លាប់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន នៅក្នុង​សម័យ​សង្រ្គាម​លោកលើក​ទី២។

 

រហូតមក ក្រុមហ៊ុន​មីតស៊ូប៊ីស្ហ៊ី Mitsubishi បាន​បដិសេធ មិន​ព្រមបង់ប្រាក់ សងជម្ងឺចិត្ត តាមការសម្រេច​របស់​តុលាការ​មូលដ្ឋាន​របស់​កូរ៉េខាងត្បូង។ មីតស៊ូប៊ីស្ហ៊ី Mitsubishi បានអះអាងថា គេ​នឹង​ប្តឹង​ម្តងទៀត ទៅ​តុលាការ​ឧទ្ធរណ៍ ប្រឆាំង​នឹង​ការសម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារនេះ។

 

ជប៉ុន និង​កូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្ត​តែមួយ​របស់​អាមេរិក និង​កំពុង​ប្រឈម​រួមគ្នា នឹង​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ប៉ុន្តែ ស្នាមដិតដាម ឈឺចាប់ នៅ​ក្នុង​ប្រវត្តិ​អតីតកាល នៅ​តែ​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ មិនអាច​យកគ្នា​ជាមិត្ត។ កូរ៉េខាងត្បូង​នៅតែ​បន្ត ប្តឹងផ្តល់​ទាមទារ​សងជម្ងឺចិត្ត ដល់​ជនជាតិ​របស់ខ្លួន ដែល​ត្រូវ​ទាហាន​ជប៉ុន​ចាប់បង្ខំ ឲ្យ​ធ្វើ​ជា​ទាសករ ប៉ុន្តែ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់ថា ជម្លោះ​នៅ​សម័យ​អាណានិគម​ត្រួតត្រា​របស់​ជប៉ុន​បាន​បិទបញ្ជប់ តាំង​ពី​ឆ្នាំ ១៩៦៥ នៅពេល​ជប៉ុន​បាន​ផ្តល់​ប្រាក់ ប្រមាណ​៨០០​លាន​ដុល្លារ (ជាជំនួយ និង​ប្រាក់​កម្ចី) ដែល​កូរ៉េខាងត្បូង បាន​ប្រើ ដើម្បី ជំរុញ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ