អានតួអត្ថបទ
រុស្ស៊ី-ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​​​នឹង​​​ផ្តោះប្តូរ​​​ប្រេងដូង​​ ​កាហ្វេ ​និង​​តែ​​របស់​​​​ខ្លួន​​​ទល់​នឹង​​​យន្តហោះ​​​ប្រដេញ​​​រុស្ស៊ី​​​

គម្រោង​​​ផ្តោះប្តូរ​​ប្រេងដូង​ ​កាហ្វេ និង​​តែ​​ ទល់នឹង​​យន្តហោះ​​ប្រដេញ​​រុស្ស៊ី ត្រូវ​បាន​​អ្នក​មុខ​អ្នកការ ឥណ្ឌូណេស៊ី​ទម្លាយ​ចេញ​មក​ចំ​ពេល​ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ស៊ែរហ្គៃ ឡាវ្រ៉ូវ ផ្តើម​ទស្សនកិច្ច​នៅ​ទីនោះ​ថ្ងៃ​អង្គារ​ម្សិលមិញ។ ឥណ្ឌូណេស៊ី​យល់ថា​នេះ​គឺ​ជា​ឱកាស​ដ៏ល្អមួយ ឆ្លៀត​ក្នុង​ឱកាស​ដែល​រុស្ស៊ី​កំពុង​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក ហើយ​កំពុងតែ​ស្វះស្វែង​រក​ទីផ្សារ​ថ្មី។

យន្តហោះ​ប្រដេញ​ Sukhoi Su-24​ របស់​រុស្ស៊ី​
យន្តហោះ​ប្រដេញ​ Sukhoi Su-24​ របស់​រុស្ស៊ី​ REUTERS/Ministry of Defence of the Russian Federation
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី​ក្នុង​សប្តាហ៏​មុន​បាន​ចុះ​ពិធីសារ​នៃ​កិច្ច​ព្រមព្រៀង​ដែល​ប្រមើ​លទិញ​យន្តហោះ​​ប្រដេញ​រុស្ស៊ី​ធុន Sukhoi ចំនួន ១១​គ្រឿង​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ទៅ​ប្រទេស​រុស្ស៊ី​គឺ​ទំនិញ​ដែល​ត្រូវការ​ចាំបាច់​បឋម​ទី​មួយ-សេចក្តី​នេះ ប្រកាស​ដោយ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​លោក Marolop Nainggolan។

តាម​សំដី​គាត់៖គំនិត​នេះ ត្រូវ​បាន​បំផុស​មក​ក្នុង​ឆ្នាំ​ទៅ​មិញ ដោយ​អ្នក​ខ្លះ​ទូន្មាន​ឲ្យ​ឥណ្ឌូណេស៊ី ដោះដូរគ្រឿង​បរិភោគ​ដ៏​សំខាន់ៗ​របស់​ខ្លួន​ទល់​នឹង​យន្តហោះ​ចំបាំង​រុស្ស៊ី។

ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​រុស្ស៊ី​ចាត់​ឡើង​ដោយ​សហភាព​អឺរុប​និង​សហរដ្ឋអាមេរិក​កាលពី​ដើម​ខែ​សីហាគឺ​តាម​បទ​ចោទ​ម៉ូស្គូ​ថា​បាន​លូកដៃ​ចូល​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​​អាមេរិកាំង​និង​បាន​ភ្ជាប់​យក​ទឹកដី​គ្រីមេ​ដោយ​ផ្តាច់​វា​ចេញ​ពី​អ៊ុយក្រែន។

ចំណែក​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Enggartiasto Lukita ប្រមាណ​ថា ទណ្ឌកម្ម​ដែល​បង្ខំ​រុស្ស៊ី ឲ្យ​ស្វែង​រក​ទីផ្សារ​ថ្មីៗ​អាច​ជា​ដំណឹង​ល្អ​សម្រាប់​ឥណ្ឌូណេស៊ី​ផ្ទាល់។ សប្តាហ៏​មុន​ពេល​ស្ថិត​នៅ​ម៉ូស្គូ គាត់ បាន​បង្ហើប​ឲ្យ​ដឹង​ថា ៖ នេះ​ជា​កាលនុវត្តភាព​ដែល​ឥណ្ឌូណេស៊ី មិន​ត្រូវ​បណ្តោយ​ឲ្យ​របូត​បាត់​ទៅ​ឡើយ។

លោក​រដ្ឋមន្ត្រី Lukita ក៏​គូស​បញ្ជាក់ថា កិច្ចព្រមព្រៀង​ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​ដោយ សាជីវកម្ម​រដ្ឋរុស្ស៊ីRostec និង​ក្រុមហ៊ុន​រដ្ឋឥណ្ឌូណេស៊ី PT Perusahaan Perdagangan អាច​បើក​ផ្លូវ​សម្រាប់​ចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​ផ្សេង​ទៀត​បែបយ៉ាង​វិស័យ​ថាមពល​និង​អាកាសចរណ៍។

ជាការកត់សម្គាល់ គូភាគី​ឥត​បាន​លំអិត​ឲ្យ​ដឹង​ឡើយ​អំពី​តម្លៃ​និង​ថេរវេលា​ដោះដូរ​នោះ។

ពត័មាន​ខាង​លើ​លេច​ចេញ​មក​គឺ​នៅ​ចំពេល​ដែល​លោក​ប្រមុខការទូត​រុស្ស៊ី​ស៊ែរហ្គៃ ឡាវ្រ៉ូវ បាន​ចាប់​ផ្តើមម្សិលមិញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ឥណ្ឌូណេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ